រាជធានីភ្នំពេញ ៖បុរសជាសន្តិសុខម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងម្តាយក្មេងស្រីរងគ្រោះពីបទរំលោភសេពសន្ថវៈ ដែលការឃាត់ខ្លួនកើតឡើងនាវេលាម៉ោងកាលពីម្សិលមិញនៅមុខមន្ទីរសម្រាកព្យាបាលដេប៉ូ ឡុង ហ៊ួរ ដែលមានទីតាំងផ្ទះលេខ១៥១ ផ្លូវលេខ២១៥ ក្រុមទី៤៥ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ វ៉ា ឆៃ អាយុ២៤ឆ្នាំ មុខរបរជាសន្តិសុខក្រុមហ៊ុន IPS មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ចំណែកឯក្មេងស្រីអនីតិជនជាជនរងគ្រោះ មានឈ្មោះ ម ស អ អាយុ១២ឆ្នាំ មានទីកន្លែងស្នាក់នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
ជនសង្ស័យបានឲ្យដឹងថា ខ្លួន និងក្មេងស្រីបានស្គាល់គ្នារយៈពេល១ខែ ដោយសារតែងតែអង្គុយជជែកគ្នាលេងជាញឹកញយនៅមុខមន្ទីរសម្រាកព្យាបាលដេប៉ូ ឡុង ហ៊ួរ ហើយក៏បានកើតចិត្តស្រលាញ់គ្នាទៅមក។ លុះដល់ថ្ងៃកើតហេតុ ពេលចេញពីធ្វើការទៅផ្ទះម្តាយមីង ខ្លួននិងក្មេងស្រីនោះបាននិយាយត្រូវរ៉ូវគ្នា ក៏បានទៅរួមរ័កដោយបានសម្រេចតែម្តង។
ដោយសារបាត់កូនស្រីមិនឃើញ ម្តាយក្មេងស្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹង លុះមកដល់ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកានេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង។ បន្ទាប់ពីធ្វើការសាកសួររួចមក សមត្ថកិច្ចបានបន្តធ្វើការស្រាវជ្រាវនិង បានធ្វើសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕
រាជធានីភ្នំពេញ ៖នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះសាលាឧទ្ធរណ៍ចាប់ផ្ដើមបើកសវនាការជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ក្រោមការចោទប្រកាន់ពីបទបដិសេធក្នុងការចូលខ្លួនក្នុងនាមជាសាក្សីពាក់ព័ន្ធបទល្មើសសញ្ចារកម្មដែលមានអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ ដែលតុលាការចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។
គួររំលឹកថា លោក កែវ មុនី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសលោក កឹម សុខា ផ្តន្ទាទោស៥ខែនិងពិន័យជាប្រាក់ចំនួន៨សែនរៀល ក្រោមការចោទប្រកាន់ពីបទ ” បដិសេធក្នុងការចូលខ្លួន ” តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលតុលាការចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង៕
រាជធានីភ្នំពេញ ៖សំណុំរឿងអតីតឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ដែលពាក់ព័ន្ធនឹងរឿងមិនប្រក្រតីក្នុងការបំពេញការងារកន្លងមកនោះ តុលាការក្រុងភ្នំពេញនឹងបើកសវនាការកាត់ទោសនៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
គួរបញ្ជាក់ថា តុលាការបានចោទសម្រេចចោទប្រកាន់ លោក ស៊ុត ឌីណា ចំនួន២បទល្មើស រួមមានបទកេងយកប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា៥៩៧ និង៥៩៨ នៃក្រមព្រហ្មទណ្ឌ និងបទរំលោភអំណាច តាមមាត្រា៣៥ ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ
គួររម្លឹកថា លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ បន្ទាប់ពីរកឃើញថា លោកមានការពាក់ព័ន្ធភាពមិនប្រក្រតី ក្នុងការអនុវត្តការងារនៅប្រទេសកូរ៉េ ដោយមានលុយរហូតដល់ ៧,២លានដុល្លារអាមេរិក និងមាស៣៣៩តម្លឹង បន្ទាប់ពីកាន់តំណែងបាន៣ឆ្នាំ៕
រាជធានីភ្នំពេញ ៖ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ លោក គង់ មករា និងបក្ខពួកម្នាក់ទៀតឈ្មោះ នួន ផល្លី ត្រូវបានចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ លោក វេង ហ៊ត់ សម្រេចឃុំខ្លួនកាលពីព្រលប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះក្រោមការចោទប្រកាន់ពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត តាមមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ប្រឆាំងអំពើពុករលួយ។
គួរបញ្ជាក់ថា លោក គង់ មករា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ និងបក្ខពួកខាងលើនេះ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានី នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ដើម្បីសាកសួរករណីប្រព្រឹត្តអំពើពុករលួយលក់ទ្រព្យសម្បត្តិរដ្ឋ បន្ទាប់ពីកោះហៅ ទៅសួរនាំកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦៕
បាងកក ៖មនុស្សយ៉ាងហោចណាស់ចំនួន៣នាក់បានស្លាប់បាត់បង់ជីវិត គ្រាដែលមានការវាយប្រហារពីពួកសកម្មប្រយុទ្ធសាជាថ្មីម្តងទៀតនៅក្នុងខេត្តភាគខាងត្បូងប្រទេសនាយប់មិញ ក្នុងអំឡុងពេលនៃការកាន់ទុក្ខចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រ។ នេះបើតាមសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
អាជ្ញាធរថៃបាននិយាយថា នៅក្នុងខេត្ត Songkhla សន្តិសុខចំនួនពីរនាក់ប្រចាំហាងតាំងបង្ហាញរថយន្តមួយកន្លែងត្រូវបានបាញ់សម្លាប់ ហើយក្រោយមកពួកសកម្មប្រយុទ្ធក៏បានបំផ្ទុះអគារនោះតែម្តង។ ចំណែកឯនៅក្នុងហេតុការណ៍ មួយផ្សេងទៀតនៅក្នុងខេត្ត Pattani នាយទាហានមួយរូបបានស្លាប់បាត់បង់ជីវិតដោយជនប្រដាប់ អាវុធចំនួនបួននាក់ជិះម៉ូតូពីរគ្រឿង បានបើកការបាញ់ប្រហារមកលើទីតាំងឈរជើងរបស់យោធា។ អាជ្ញាធរបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃពុធ និងបានបញ្ចប់ទៅវិញនៅមុនពាក់កណ្តាលអធ្រាត្រ៕
គួរបញ្ជាក់ដែរថា ដើម្បីទប់ទល់ទៅនឹងការកើនឡើង នៃការវាយប្រហារទាំងអស់នេះនៅភាគខាងត្បូង ប្រទេស កម្លាំងយោធា និងប៉ូលិសជាច្រើននាក់ត្រូវបានដាក់ពង្រាយនៅតាមតំបន់ជាពិសេសក្បែរ សាលារៀនដែលទើបតែចាប់ផ្តើមបវេសនកាលថ្មី៕
ប៉ាគីស្ថាន ៖រថភ្លើងដឹកអ្នកដំណើរចំនួនពីរខ្សែបានបុកគ្នាយ៉ាងពេញទំហឹងនៅក្នុងទីក្រុង Karachi ភាគខាងត្បូងប្រទេសប៉ាគីស្ថាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះបណ្តាលឲ្យមនុស្ស១១នាក់ស្លាប់បាត់បង់ជីវិត និងជាង៤០នាក់ផ្សេងទៀតរងរបួសធ្ងន់។ នេះយោងតាមសារព័ត៌មាននហួរ ផ្សាយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
អាជ្ញាធរប៉ាគីស្ថានបាននិយាយថា ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងនៅពេលដែល រថភ្លើងដឹកអ្នកដំណើរ Farid Express បានទៅបុកជាមួយនឹង រថភ្លើងដឹកអ្នកដំណើរមួយខ្សែទៀតយ៉ាងពេញទំហឹងនៅក្នុងទីក្រុង Karachi ។ អាជ្ញាធរបន្តថា ភ្លាមៗនោះប៉ូលិស និងក្រុមជួយសង្គ្រោះបានទៅកន្លែងកើតហេតុ និងបានបញ្ជូនសាកសពជនរងគ្រោះ និងអ្នករបួសទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ។
ជុំវិញករណីនេះអាជ្ញាធរបានបញ្ជាក់ថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត គ្រាដែលអ្នករបួស មួយចំនួនកំពុងស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរខ្លាំងនៅឯមន្ទីរពេទ្យ ខណៈអ្នកដំណើរជាច្រើននាក់ទៀតបន្តជាប់នៅក្នុងទូររថភ្លើងដែលខូចខាតនៅឡើយ៕
ដោយ៖បញ្ញា
ភ្នំពេញ ៖អ្នកឡើងត្នោតម្នាក់បានប្រទះឃើញទារិកាអភព្វម្នាក់ដែលទើបនឹងកើតត្រូវបានគេយកមកវិចខ្ចប់ជាមួយនិងអាវច្រកកាបូបស្ពៀពណ៍ផ្កាឈូក តែអ្វីដែលគួរអោយស្តោកស្តោយគឺទារិកានោះបានដាច់ខ្យល់ស្លាប់រួចទៅហើយ
ហេតុការ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះនៅចំណុចគុម្ពព្រៃមួយនៅមុខវត្តជន្លង់ម្លូរក្នុងភូមិព្រៃរងៀងសង្កាត់ភ្លើងឆេះរទេះខណ្ឌពោធិ៍សែនជ័យ។
បុរសឡើងត្មោតដែលបានប្រទះឃើញទារិកានោះឈ្មោះ រឿន រ៉ន អាយុ៣៧ឆ្នាំមុខរបរជាអ្នកឡើងត្នោត បានរៀបរាប់អោយដឹងមុនពេលកើតហេតុរូបខ្លួនទៅយកទឹកត្នោតដូចសព្វដងនៅពេលដែលឆ្លងកាត់កន្លែងកើតក៏បានប្រទះឃើញកាបូបស្ពៀពណ៌ផ្កាឈូមួយនៅក្បែរគុម្ពព្រៃហើយរូបបានទៅបើកមើលក៏ឃើញទារិកានៅក្នុងនោះតែម្តងទើបរាយការណ៍ទៅអជ្ញាធរតែម្តង។
ក្រោយពេលកើតហេតុអជ្ញាធរមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុហើយបានរៀបចំសពទារិកានោះទៅតាមប្រពៃណីរីឯប្រជាពលរដ្ឋបានឧទ្ទិកុសលអោយសពទារិកានោះទៅបានសុខកត្តិភព កុំអោយជាតិក្រោយកើតមកជួបម្តាយបែបនេះ៕
ដោយ៖បញា
រាជធានីភ្នំពេញ ៖ប្រពន្ធលោក ឈូក បណ្ឌិត អតីតចៅហ្វាយក្រុងបាវិត ត្រូវក្រុមចោរមួយក្រុមបើកទ្វាររថយន្តយកកាបូបលុយទៅបាត់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះវីឡារបស់ស្ត្រីរងគ្រោះស្ថិតក្នុងក្រុម៦ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីរងគ្រោះឈ្មោះ អ៊ិត ចាន់ណា អាយុប្រហែល៣៦ឆ្នាំ ជាប្រពន្ធរបស់អតីតចៅហ្វាយក្រុងបាវិត លោក ឈូក បណ្ឌិត ស្នាក់នៅភូមិកើតហេតុ។
ប្រភពពីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់ទើបមកពីមន្ទីរពេទ្យ ពេលមកដល់មុខផ្ទះហើយប្អូនបានទៅបើកទ្វារផ្ទះតែរុញទ្វារមិនរួច គាត់ក៏ចុះទៅជួយរុញដោយបានបិទទ្វារឡានត្រឹមត្រូវ តែពេលរុញទ្វាររួចត្រឡប់មកឡានវិញស្រាប់តែឃើញឡានចំហទ្វារ ហើយឃើញជនសង្ស័យ៣នាក់ជិះម៉ូតូម៉ាកគុប១គ្រឿងចេញទៅបាត់ ។
ស្ត្រីរងគ្រោះបានឲ្យដឹងទៀតថានៅក្នុងកាបូបមានគ្រឿងអលង្ការ និងប្រាក់សរុបប្រមាណជាង២ពាន់ដុល្លារអាមេរិក លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណ ព្រមទាំងឯកសារមួយចំនួន។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងដែរថា ស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅដែរ តែស្ត្រីរងគ្រោះថា គាត់មកដាក់ពាក្យបណ្ដឹងនេះគឺគ្រាន់តែដើម្បីមានពាក្យបណ្ដឹងដើម្បីយកទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មីប៉ុណ្ណោះ ។
ក្រោយពេលដែលស្រី្តរងគ្រោះដាក់ពាក្យបណ្តឹងរួចហើយសមត្ថកិច្ចហាក់បីដូចជាមានការលាក់បាំងព័ត៌មាន ព្រោះថាជារឿងតូចតាច៕
រាជធានីភ្នំពេញ ៖គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះមានប្រជាពលរដ្ឋខ្មែរចំនួន ៦,៧៥១,៨៩៩នាក់ ហើយស្មើជាង៦៩.៨៦ភាគរយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត គ.ជ.ប៕
បាល់ទាត់ ៖សហព័ន្ធបាលទាត់អង់គ្លេស(FA) បានដាក់ពិន័យទៅលើលោក Jose Mourinho អ្នកចាត់ការទូទៅ Manchester United ជា ប្រាក់ ៥៨០០០ផោន និងពិន័យមិនឲ្យ ឈរបញ្ជាកូនក្រុម១ប្រកួតដោយករណីពីរផ្សេងគ្នា។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ ត្រូវ FA ដាក់ពិន័យករណីទី១ គឺលោក ឆ្លងផុតពីគំនូសហាមឃាត់ក្នុងអំឡុងការប្រកួតស្មើគ្នា ជាមួយ Burnley កាលពីថ្ងៃសៅរ៍ ហើយភ្លាមៗរូបលោកត្រូវអាជ្ញាកណ្ដាល Mark Clattenburg បណ្ដេញឲ្យទៅអង្គុយខាងលើជាមួយតំបន់អ្នកគាំទ្រ និងត្រូវបង់ប្រាក់ពិន័យ៨០០០ ផោនផងដែរ។ចំណែកករណីទី២ត្រូវបង់ប្រាក់ ៥០០០០ ផោនចំពោះការនិយាយប៉ះពាល់អាជ្ញាកណ្ដាល Anthony Taylor មុនការប្រកួតរវាង Manchester United និង Liverpool កាលពីថ្ងៃទី១៧ ខែតុលា។
យ៉ាងណាមិញ Mourinho នឹងអវត្តមានមិនអាចឈរបញ្ជាក្រុមសម្រាប់ការប្រកួតប៉ះ Swansea នៅថ្ងៃអាទិត្យនេះ៕
រាជធានីភ្នំពេញ ៖ជនជាតិចិន៧នាក់ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ឆ្នាំដល់២៥ឆ្នាំរឿងសមគំនិត ក្នុងអំពើឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ក្នុងនោះម្នាក់ជាមេខ្លោងរត់គេខ្លួន។ ការប្រកាសសាលក្រមនេះធ្វើឡើងនៅព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ដោយលោក រស់ ពិសិដ្ឋ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ។
ជនជាប់ចោទទី១.ឈ្មោះ ចាំង សុងឈឹង ភេទប្រុសអាយុ៤១ឆ្នាំជនជាតិចិន ចៅក្រមសំរេចឲ្យរួចផុតពីបទចោទ។ ទី២.ឈ្មោះ ជូ ជៀវឡុង ភេទប្រុសជនជាតិចិន មេខ្លោងរត់គេចខ្លួនចៅក្រមសំរេច ដាក់ពន្ធនាគារ២៥ឆ្នាំ និងចេញដីកាឲ្យតាមចាប់ខ្លួន។ ចំណែកជនជាប់ចោទ៥នាក់ទៀតចៅក្រមសំរេចដាក់ពន្ធនាគារម្នាក់ៗ១៥ឆ្នាំ ទី៣.ឈ្មោះ ដាយ សៀវហ្វី ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិចិន ទី៤.ឈ្មោះ ស៉ី អូថុង ភេទប្រុសអាយុ៤៦ឆ្នាំជនជាតិចិន ទី៥.ឈ្មោះ ស៊ី ឈឹង ភេទប្រុសអាយុ៤១ឆ្នាំជនជាតិចិន ទី៦.ឈ្មោះ វ៉ាង ជី ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិចិន ទី៧.ឈ្មោះ លី ស៉ីហួរ ភេទប្រុសអាយុ៥៩ឆ្នាំជនជាតិចិន។
គួររម្លឹកថា កាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៥កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅឆែកឆេរ ផ្ទះជួលលេខ៤២ ផ្លូវ១៧៣ ភូមិទួលរការសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរំដោះជនរងគ្រោះជនជាតិចិនពីនាក់១.ឈ្មោះ ហូ ឌីយ៉ុន និង ២.ឈ្មោះ ចាន់ យន់ ពេលលេងល្បែងចាញ់អស់ ហើយទៅខ្ចីលុយ ពីឈ្មោះ ជូ ជៀវឡុង ពេលអត់លុយសង ជូ ជៀវឡុង ចាប់បង្ខាំង ឲ្យសងលុយវិញ៕
ខេត្តកំពង់ស្ពឺ ៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះកម្មករ-កម្មការិនីជាច្រើននាក់បម្រើការងារនៅរោងចក្រវីងស្តារស៊ូ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយសង្ស័យថា បណ្តាលមកសារធាតុគីមី(ថ្នាំដាក់ក្នុងក្រណាត់)
គួរបញ្ជាក់ថា រោងចក្រវីងស្តារស៊ូ មានទីតាំងនៅភូមិអង្គសុគន្ធា ឃុំមហាសេដ្ឋី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ទោះជាយ៉ាងណាជុំវិញករណីនេះគេនៅមិនទាន់ដឹងថា មានចំនួនកម្មករ-កម្មការិនីប៉ុន្មាននាក់ពិតប្រាកដនៅឡើយដែលដួលសន្លប់នោះ៕
អ៊ីរ៉ាក់ ៖តាមរយៈខ្សែអាត់ថតសំឡេងមេដឹកនាំកំពូលក្រុម ISIS អាប៊ូបាកើ អាល់បាដាឌី លើកឡើងថា សង្គ្រាម និងការប្រយុទ្ធនាពេលបច្ចុប្បន្ន នឹងកាន់តែបង្កើនជំនឿក្នុងការតស៊ូប្រយុទ្ធ ដើម្បីជ័យជម្នះ ហើយក្រុមអ្នកប្រយុទ្ធ និងអត្តឃាតជនទាំងអស់ត្រូវតែតស៊ូរហូត ដល់ទីបំផុតក្នុងសង្គ្រាម នៃទីក្រុង Mosul ក៏ដូចជាការបំផ្លាញ និងប្រែក្លាយទីក្រុងនៃសត្រូវរបស់ព្រះ (ប្រទេសលោកខាងលិច) ឱ្យក្លាយទៅជាឈាមដាបដូចទន្លេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
គួរបញ្ជាក់ថានេះគឺជាលើកដំបូងបំផុតហើយ ដែលមេដឹកនាំកំពូលក្រុមISIS អាប៊ូបើកើ អាល់បាដាឌី ផ្ញើសារទៅកាន់អ្នកគាំទ្ររបស់ខ្លួនបន្ទាប់ពីត្រូវបានគេអះអាងថា លោកបានស្លាប់ជាច្រើនដងមកហើយ ខណៈកងកម្លាំងអ៊ីរ៉ាក់គាំទ្រដោយសហរដ្ឋអាមេរិក កំពុងវាយលុកចូលទីក្រុង Mosul ដែលបានធ្លាក់ ទៅក្រោមការគ្រប់គ្រងរបស់ក្រុម ISIS ចាប់តាំងពីឆ្នាំ២០១៤៕
ខេត្តបន្ទាយមានជ័យ ៖ជនសង្ស័យម្នាក់លួចម៉ូតូគេបានសម្រេចហើយគេចខ្លួនបាន១ថ្ងៃ ត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួន នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានអោយដឹងថា បើតាមការរៀបរាប់របស់ជនរងគ្រោះបានអោយដឹងថា ខ្លួនមានឈ្មោះយ៉ុង ឆៃយុទ្ធ រស់នៅចំណុចក្នុងតូបកាត់សក់ផ្សារដើមពុទ្ទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះបានរៀបរាប់បន្តទៀតថា មុនពេលកើតហេតុនោះនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ខ្លួនបានទុកម៉ូតូម៉ាកឃ្លិច ព៌ណ ក្រហមលាយខ្មៅ ពាក់ស្លាកលេខបាត់ដំបង១K០៤៥៨ នៅក្នុងបន្ទប់កាត់សក់នៅជាន់ក្រោម ហើយខ្លួនបានឡើងទៅដេកបន្ទប់ជាន់លើ លុះនៅម៉ោង១២យប់ខ្លួនក្រោកពីដេកហើយចុះមកបន្ទប់ខាងក្រោម ស្រាប់តែបាត់ម៉ូតូមិនដឹងពីថ្មើណា ពេលនោះខ្លួនបានទូរស័ព្ទទៅសួរកូនជាងកាត់សក់របស់ខ្លួនទើបដឹងថាម៉ូតូត្រូវបានចោរលួច។
លោកវរ:សេនីយ៍ ជា ដា បានបញ្ជាក់ទៀតថា លុះព្រឹកឡើងថ្ងៃទី៣១ ខែតុលា ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ ក្រោយពីទទួលបានពាក្យបណ្ដឹង ទើបកម្លាំងអាវុធហត្ថចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ រួចបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរបន្ត។ លោកវរៈសេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានអោយដឹងថា ជនសង្ស័យមានឈ្មោះទៀង ប្រសិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅបន្ទប់ជួលមាត់អូរព្រំដែនកម្ពុជា ថៃ ក្បែរកាស៊ីណូផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានបញ្ជាក់ទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យនៅមុខអាវុធហត្ថបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានចូលលួចម៉ូតូរបស់ឈ្មោះយ៉ុង ឆៃយុទ្ធ ពិតប្រាកដមែន។ ដោយមានវត្ថុតាងនិងចម្លើយសារភាពហើយនោះ ជនសង្ស័យត្រូវបានអាវុធហត្ថជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់។ ចំណែកម៉ូតូត្រូវបានអាវុធហត្ថប្រគល់អោយទៅម្ចាស់វិញហើយ៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍