All posts by មេគង្គ ប៉ុស្តិ៍

ឯកឧត្តម គន់ គីម ស្នើ​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​គិតគូរ​សុខទុក្ខ​របស់​អតីតយុទ្ធជន​

​ខេត្តក្រចេះ​៖​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​បណ្ឌិត គន់ គីម អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​អគ្គលេខាធិការ​នៃ​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្ដាល​សមាគម​អតីត​យុទ្ធ​កម្ពុជា បានស្នើ​ឲ្យ​អាជ្ញាធរ មន្ទីរ អង្គភាព និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​គិតគូ​ចំពោះ​សុខទុក្ខ និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​អតីត​យុទ្ធ ដោយ​មិនត្រូវ​បោះបង់ ឬ ទុក​ពួកគាត់​ចោល​ឡើយ​។​
​ឯកឧត្តម បាន​ថ្លែង​យ៉ាង​ដូច្នេះ គឺធ្វើឡើង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​អតីត​យុទ្ធ​កម្ពុជា ខេត្តក្រចេះ ប្រមាណ​ជា ២​រយ​នាក់ នៅ​សា​លប​ហោ​ស្រព​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ ដោយមាន​ការ​អ​ញ្ចើ​ញ​ចូលរួម​ជា​គណអធិបតី​ពី​ឯកឧត្តម នូ ភឿង ប្រធាន​ក្រុមប្រឹក្សា​ខេត្តក្រចេះ លោក អភិបាលរង​ខេត្ត​ស្ដីទី ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​។​
​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​បណ្ឌិត គន់ គីម បាន​មានប្រសាសន៍​បន្តថា កិច្ចដំណើរការ នៃ​ការបង្កើត​សមាគមន​អតីតយុទ្ធជន​កម្ពុជា​នេះ បានចាប់ផ្ដើម​រយៈពេល​៦​ខែ​មកហើយ ដោយ​កងយោធពល​ខេមរភូមិន្ទ ជា​អគ្គលេខាធិការ​នៃ​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្ដាល​សមាគម​អតីត​យុទ្ធ​កម្ពុជា ព្រោះ​វា​មាន​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង និង​នៅ​ជិត​បំផុត​តាំងពី​ថ្នាក់​ខេត្ត​រហូតដល់​ថ្នាក់មូលដ្ឋាន​។​
​ជាមួយគ្នា​នោះ ឯកឧត្តម ក៏បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​រសាក​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគមន អតីត​យុទ្ធ​កម្ពុជា ដែលជា​និច្ចកាល សម្ដេច​តែងតែ​នឹករលឹក និង​គិតគូ​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ដោយ​មិន​ទុក​ឲ្យ​ប្រជាជន​ណាក​ម្នាក់​ដេកស្លាប់​ដោយ​អត់​អាហារ​នោះឡើយ​។​
​ឯកឧត្តម ក៏បាន​ធ្វើ​កោតសរសើរ​ដល់ សមាគមន​អតីតយុទ្ធជន​កម្ពុជា ខេត្តក្រចេះ ដែលមាន​ឯកឧត្តម អភិបាលខេត្ត​ជា​ប្រធាន មន្ទីរ​សង្គមកិច្ច មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​ប្រតិបត្តិកា​រ​សឹក​រង​ខេត្ត ជា​លេខាធិការ ក្នុង​រយៈពេល​កន្លងទៅ បាន​ជួយ​ដោះស្រាយ និង​ជួយ​សម្រួល​ដល់​ជីវភាព​របស់​សមាជិក​សមាគមន​អតីត​យុទ្ធ ដែលមាន​ជីវភាព​ខ្វះខាត​ទី​ទល់​ក្រ និង​ជួប​ការលំបាក​បាន​ទាន់ពេលវេលា​។​
​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​បណ្ឌិត គន់ គីម បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា អាជ្ញាធរ មន្ទីរ អង្គភាព និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ត្រូវធ្វើ​ឲ្យ​បាន​នូវ​ប័ណ្ណ​ក្រីក្រ​ជូន​ក្រុមគ្រួសារ​អតីត​យុទ្ធ​កម្ពុជា​ឲ្យ​បាន​គ្រប់ៗ​គ្នា ជាពិសេស​មន្ទីរពេទ្យបង្អែក​ខេត្ត ស្រុក និង​ប៉ុស្ដិ៍​មណ្ឌល​សុខភាព​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ និង​ព្យាបាល​ជំងឺ ជូន​អតីតយុទ្ធជន និង​គ្រួសារ​អតីតយុទ្ធជន ដោយ​មិន​បាប់​យកប្រាក់​។​
​ជាមួយគ្នា​នោះដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​បណ្ឌិត គន់ គីម អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​អគ្គលេខាធិការ​នៃ​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្ដាល​សមាគម​អតីត​យុទ្ធ​កម្ពុជា បាន​អ​ញ្ចើ​ញ​ប្រគល់​អំណោយ​ជា​និមិត្តរូប​ដល់​អតីតយុទ្ធជន ចំនួន​២០០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិការ​៥​ម៉ឺន​រៀល សា​រ៉ុង​១ និង​មី ១​កេស​ផងដែរ​៕​ដោយ ប្រុស វិធិ​ន​

2index134

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ថ្នាំញៀន​ជាង​១​ពាន​គ្រាប់​

ខេត្តស្ទឹងត្រែង​៖​កំលាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដកហូត​ថ្នាំញៀន​ចំនួន​១៩៩៧​គ្រាប់​។ ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​ម៉ោង​១៦ និង​១៥​នាទី​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ ត្រង់ចំណុច​ភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​
​មន្ត្រី​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​២​នាក់ រួ​មា​នទី​១-​ឈ្មោះ​ឡយ​ហួង ហាន​សឹគ ភេទ​ប្រុស អាយុ​១៨​ជាតិ​ឡាវ មុខរបរ​ធ្វើស្រែ និង​២-​ឈ្មោះ ស៊ុ​ផន វង់​សាឡាត ភេទ​ប្រុស​អាយុ​១៨ ជាតិ​ឡាវ មុខរបរ​ទា​ហ៊ាន​ព្រំដែន ដោយ​អ្នក​ទាំង​២​នាក់ រស់នៅ​ភូមិ​ហួយ​ផៃ ស្រុក​ស៊ូ​ភូ​ម៉ាក ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​។​
​មន្ត្រី​អាវុធហត្ថ​ដដែល​បាន​ញ្ជា​ក់ទៀត​ថា វត្ថុតាង​ដែល​ចាប់បាន​រួមមាន ថ្នាំញៀន wy ១៩៩៧​គ្រាប់ ម៉ូតូ​១ ទូរស័ព្ទ​១ ក្បាល​គ្រាប់ AK47 ចំនួន​១៦​គ្រាប់ និង​រំសេវ​កន្លះ​កូន​ដប​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង បញ្ជូន​តាម​នីតិវិធី​៕

13254591_1602865393361159_4672199255663024257_n13245457_1602865396694492_7355029173847748744_n

13220877_1602865450027820_1631178730148592857_n

ឃាត់ខ្លួន​ជនបរទេស​៧៧​នាក់​នៅការដ្ឋាន​សំណង់​ចិន​ក្នុង​ខណ្ឌ​៧​មករា​

រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឃាត់ខ្លួន​បរទេស​ចំនួន​៧៧​នាក់ គ្រា​ដែល​ចុះ​ត្រួតពិនិត្យ​ក្នុង​ការដ្ឋាន​សំណង់​ចិន​ឈ្មោះ Hong Lien Group ។ ការចុះ​ធ្វើ​រដ្ឋបាល​នេះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​ដី​ឡូដ៍​មួយ​តាម​បណ្ដោយ​ផ្លួ​វ​១៣៤ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​
​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បានឱ្យដឹងថា ប្រតិបត្តិ​ចុះ​ត្រួតពិនិត្យ​នេះ​ធ្វើឡើង​ដោយមាន​ការសហការ​ជាមួយ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​មាន​សម្របសម្រួល​ពី លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បន្ដថា ការចុះ​ត្រួតពិនិត្យ​នៅក្នុង​ការដ្ឋាន​សំណង់​នេះ ជាបឋម​រកឃើញ​ជន​ជាតិចិន​៧៧​នាក់ ស្រី​២​នាក់ និង​កម្មករ​វៀតណាម ប្រមាណ​៤០​នាក់ ដែល​ភាគច្រើន​គ្មាន​លិខិតឆ្លងដែន និង​ប័ណ្ណ​ការងារ​។ លោក​បញ្ជាក់ថា ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ​រួចមក ចំពោះ​ជនជាតិ​ចិន និង​វៀតណាម ដែល​មិនមាន​លិខិតឆ្លងដែន ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

fn-2016-05-17-16-39-32-3fn-2016-05-17-16-39-31-1

អាជ្ញាធរ​ហ្វីលីពីន​ចាប់ឃុំខ្លួន​អ្នកនេសាទ​ចិន​២៥​នាក់​ពីបទ​ចូល​នេសាទ​ខុសច្បាប់​

​ម៉ានីល​៖​ឆ្មាំការពារ​ដែនសមុទ្រ​ហ្វីល​ពី​ន បាន​ចាប់​អ្នកនេសាទ​ចិន ២៥​នាក់​ឃុំខ្លួន រួមទាំង​ទូក​នេសាទ​របស់​ពួកគេ​ពីរ​គ្រឿង​ផងដែរ ពីបទ​ចូល នេសាទ​ខុសច្បាប់​កាលពី​ម្សិលមិញ គ្រា​ដែល​ទំនាក់ទំនង ប្រទេស​ទាំងពីរ​នៅ​មិនទាន់​ប្រសើរឡើង​នៅឡើយ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia ។​
​ប្រភព​ដដែល​បញ្ជាក់ថា ឆ្មាំ​ការពារ​ដែនសមុទ្រ រួមទាំង​ក្រុម​អ្នកការពារ​ធនធាន​ជលផល​ហ្វីល​ពី​ន (BFAR) បាន​ចាប់ខ្លួន​ក្រុម អ្នកនេសាទ​ចិន​ខាងលើនេះ តាំងពី​ថ្ងៃ​ចន្ទ​មកម្ល៉េះ ដោយសារតែ​ពួកគេ​បាន​ចូល​នេសាទ​ត្រី ក្នុង​ដែន ទឹក​ហ្វីល​ពី​ន​ក្បែរ​ខេត្ត Babuyan និង Batanes ដោយ​មិនមាន ការ​សូម​អនុញ្ញាត​ជាមុន ដែល​នេះ​ត្រូវបាន​អាជ្ញាធរ​ចាត់ទុកជា​ទង្វើ​ខុសច្បាប់​។​
​អាជ្ញាធរ​ហ្វីលីពីន​បាន​អះអាងថា ដែនទឹក​ដែល​ក្រុម​អ្នកនេសាទ​ចិន បាន​ចូលមក​នេសាទ​នោះ​គឺ​ស្ថិតក្រោម​អធិបតេយ្យភាព​របស់​ហ្វីល​ពី​ន​សុទ្ធសាធ ដោយ​មិនមាន​ជាប់ ពាក់ព័ន្ធ​នឹង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះឡើយ​៕

original_1463433694

តារាចម្រៀង​ល្បី​មួយរូបក្នុងផលិតកម្មថោន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​យប់មិញ​

​រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​តារាចម្រៀង​ដ៏​ល្បី​មួយរូប​រួម​និង​ស្រី​ស្រស់ស្អាត​ម្នាក់​បាន​បើករថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​ទៀត​ម៉ាក RANGE ROVER បុក​ចំ​ពីមុខ​ពេញទំហឹង​ជាមួយ​១​គ្រឿង​ទៀត ម៉ាក Celica បណ្តាល​ឲ្យ​បុរស​ម្នាក់​បាន​ស្លាប់​ដោយ​គៀប​ជាប់​នៅក្នុង​រថយន្ត​។​
​ហេតុការណ៍​នេះ​កើតឡើង នៅ​ម៉ោង​១២ និង​៤០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ឃ្លាំង ស្ថាន​នី​យ​ប្រេង​សូគីម៉ិច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។ បុរស​ជា​ជនរងគ្រោះ​មានឈ្មោះ លី ការី​ម អាយុ​៣១​ឆ្នាំ ជា​បុគ្គលិក​ធនាគារ​អ​ម្រិ​ត ស្នាក់នៅ​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៨ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ​។​
​ប្រភពព័ត៌មាន​ជុំវិញ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​សេរី​ទំនើប​មួយគ្រឿង​ម៉ាក Range Rover ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2X-9987 បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ល្បឿន​លឿន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង និង​មាន​រថយន្ត​១​គ្រឿង​ទៀត ម៉ាក Celica ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-5575 បើក​ក្នុង​ល្បឿន​លឿន​ដូចគ្នា​ទិសដៅ​បញ្ច្រាស​គ្នា ពេលមកដល់​ចំណុចកើតហេតុ​បាន​បុក​គ្នា ចំ​ពីមុខ​ពេញទំហឹង បណ្តាលឱ្យ​បុរស​ម្នាក់​ដែលជា​ម្ចាស់ Celica ស្លាប់​គៀប​ជាប់​ក្នុង​រថយន្ត​។​
​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​និយាយថា អ្នកបើករថយន្ត Range Rover ត្រូវបាន​គេ​ស្គាល់​ថា ជា​តារាចំរៀង​មួយរូបក្នុងផលតកម្មថោន និង​រួម​ដំណើរ​ដោយ​នារី​ស្រស់ស្អាត​ម្នាក់ទៀត បាន​ចុះមក​ពីលើ​រថយន្ត​រួច​គេចខ្លួនបាត់ រីឯ​រថយន្ត​ទាំង​២​គ្រឿង រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​។​
​ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទៅដល់​កន្លែងកើតហេតុ និង​សហការ​ជាមួយ​ជំនាញ​ធ្វើការ​វាស់វែង​ស្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

fn-2016-05-18-07-48-46-5fn-2016-05-18-07-48-46-3fn-2016-05-18-07-48-46-6

ស្លាប់​២​នាក់ របួស​២៣​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៧​ឧសភា​ម្សិលមិញ​

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១២​លើក (​យប់ ៥​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២​នាក់ (​ស្រី ១​នាក់​) រងរបួស​ធ្ងន់ ១៧​នាក់ (​ស្រី ៤​នាក់​) និង​របួសស្រាល ៦​នាក់ (​ស្រី ១​នាក់​)​។
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ១២​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ២០​គ្រឿង រួមមាន ម៉ូតូ​ចំនួន ១២​គ្រឿង​, រថយន្ត​ធុន​តូច ចំនួន ៦​គ្រឿង​,​រថយន្ត​ធុន​ធំ ២​គ្រឿង ។ ប្រភព​ខាងលើ​បញ្ជាក់ថា មូលហេតុ ដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៥​លើក​, មិន​គោរព​សិទ្ធ ១​លើក​, ស្រវឹង ១​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក​, បត់​គ្រោះថ្នាក់ ២​លើក​, ងងុយដេក ១​លើក​, កត្តា​យានយន្ត ១​លើក​ស្លាប់​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១៩​នាក់ ( យប់ ៦​នាក់ )​។
​ជាមួយគ្នា​នោះ​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប ទូទាំងប្រទេស​មាន​ចំនួន ៤.៦៣៤​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​១.៨៣១​គ្រឿង និង​ពិន័យ​សរុប ២.៨០៣​គ្រឿង​៕

fn-2016-05-18-07-48-46-7

បក្ស​កាន់អំណាច និង​បក្សប្រឆាំង​គ្រោង​ជួបគ្នា​ក្នុងពេល​ឆាប់ៗ​នេះ​

រាជធានី​ភ្នំពេញ​៖​ប្រភពព័ត៌មាន​ក្រៅផ្លូវការ​មួយ​បាន​ឲ្យ​ដឹងថា គណបក្សកាន់អំណាច ( CPP ) និង​គណបក្សប្រឆាំង ( CNRP ) គ្រោង​ជួបគ្នា​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​បន្ត​នៅ​វប្បធម៌​សន្ទនា ប៉ុន្តែ​ខ្លឹមសារ​សំខាន់ៗ ដែល​គ្រោង​យកទៅ​ពិភាក្សា​ក្នុងជំនួប​នោះ​មិនទាន់​បានដឹង​ច្បាស់​នៅឡើយ ។​
​ទាក់ទង​ព័ត៌មាន​ខាងលើនេះ លោក សុខ ឥសាន អ្នកនាំពាក្យ CPP បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា ទ្វារ​ចរចារ​របស់​គណបក្ស​ប្រជាជន​នៅតែ​បើក​ជំហរ សម្រាប់​ជំនួប​ជាមួយ​គណបក្សប្រឆាំង ។ ប៉ុន្តែ​ការចរចារ​ណាមួយ​ត្រូវធ្វើឡើង​ដោយស្មោះ​ត្រង់​និង​ក្នុង​រង្វង់​នៃ​វប្បធម៌​សន្ទនា ដែល​ភាគី​ទាំងពីរ​ធ្លាប់ធ្វើ​កន្លងមក ។​
​គួរ​បញ្ជាក់ថា លោក សុខ ឥ​សាន្ត ក៏​ធ្លាប់​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា បើ​គណបក្សប្រឆាំង​ចុង​ជួបចរចារ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ទាក់ទង​តាមរយះ​លោក ឡេង ប៊េ​ង​ឡុង អគ្គលេខាធិការ​រដ្ឋសភា ។ ប៉ុន្តែ​បន្ទាប់ពី​ការលើកឡើង​ដូច្នេះ គេ​មិនទាន់​ទទួលបាន​ការឆ្លើយតប​ណាមួយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ ខណដែល​អ្នកនាំពាក្យ​គណបក្ស​នេះ បាន​លើកឡើងថា គណបក្សប្រឆាំង​នៅ​មិនទាន់បាន​ទាក់ទង​ជា​ផ្លូវការ​ណាមួយ​ទៅកាន់​គណបក្សកាន់អំណាច​នោះទេ ដោយ​រង់ចាំ​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ជាមុនសិន ។​
​យោងតាម​ព័ត៌មាន​ទាំងអស់នេះ គេ​គិតថា គណបក្សកាន់អំណាច​និង​គណបក្សប្រឆាំង​អាច​នឹង​ជួបគ្នា​នាពេលខាងមុខ ព្រោះ​ស្ថានភាព​នយោបាយ​សព្វថ្ងៃនេះ និង​ជំរុញ​គណបក្ស​ទាំងពីរ ជួបគ្នា ដើម្បី​ពិភាក្សា​រក​ច្រកចេញ បើទោះជា​ភាគី​ម្ខាង​សំអាង​លើផ្លូវ​ច្បាប់ ហើយ​ភាគី​ម្ខាង​ទៀត​ចាត់ទុកជា​រឿង​នយោបាយ​ក៏ដោយ ។​
​ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ គេ​ទើប​ទទួលបាន​ព័ត៌មាន​ថា គណបក្សប្រឆាំង​កំពុងតែ​រក​ច្រក ដើម្បី​ជួបចរចារ​ជាមួយ​គណបក្សកាន់អំណាច ដើម្បី​បន្ធូ​បន្ថយ​ភាព​តានតឹង​ខាង​នយោបាយ ដែល​ភាគច្រើន​បង្កឡើង​ដោយ​គណបក្សប្រឆាំង ។ ប៉ុន្តែ​គេ​កំពុង​មើលឃើញថា គណបក្ស​ទាំងពីរ​កំពុងតែ​មានរ​បៀ​ប​វរៈ​ផ្ទុយគ្នា​អំពី​ការចរចារ​ក្នុងពេលដែល​គណបក្សកាន់អំណាច​កំរិត​ការចរចារ​ត្រឹម​រង្វង់​វប្បធម៌​សន្ទនា ។ ចំណែក​គណបក្សប្រឆាំង​ចាត់ទុក​របៀប​វរៈ​ស្តីពី​ការឃុំ​ឃាំង​សកម្មជន​របស់ខ្លួន​ជា​រឿង​អទិភាព ៕

5a82a1f8-e804-4d01-b7a7-9d5ef38945ea

ធី សុវណ្ណ​ថា ប្រកាស​ផេ​ក​facebook​ថ្មី បន្ទាប់ពី​ផេ​កចាស់​ត្រូវគេ Reported Block

​រាជធានី​ភ្នំពេញ​៖​កញ្ញា ធី សុវណ្ណ​ថា សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដ៏​មាន​ប្រជាប្រិយភាព និង​ជា​អ្នកលេង facebook ដ៏​ល្បីល្បាញ​ម្នាក់ បានប្រកាស​ផេ​ក facebook ថ្មី បន្ទាប់ពី​ផេ​ក facebook ចាស់​ត្រូវគេ Reported Block នឹងត្រូវ​ឆេះ​រយៈពេល​២៤​ម៉ោង​។​
​នាង ធី សុវណ្ណ​ថា បានប្រកាស​តាម​ផេ​ក facebook ថ្មី​របស់​នាង​ដែលមាន​ឈ្មោះ​(Thy Sovantha New Page)​ថា «​សូម​ពុក​ម៉ែ​ប្អូន​បង​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​មេត្តាជួយ​បន្ត​ការគាំទ្រ​នាង​ខ្ញុំ​ផង នេះ​ជា​ផេ​ក​ថ្មី​របស់​នាង​ខ្ញុំ ផេ​កចាស់​ត្រូវបាន​ជន​មិន​ស្គាល់មុខ​រី​ផត​ខូច​បិទ​បាត់​ហើយ សូម​ពុក​ម៉ែ​បងប្អូន​មេត្តា​ទទួល​ព័ត៌មាន​ថ្មីៗ​របស់​សង្គម​ខ្មែរ​ពី​នាង​ខ្ញុំ​ដោយ​ភាព​វៃឆ្លាត​ផង​… សូម​អរគុណ »​៕

fac8f901c024900790303ade134a77b3_L

ហ្វីលីពីន​ចាប់ដៃ​ជាមួយ​ចិន​វិញ ក្រោយ​មាន​ភាពល្អក់​កករ​កាល​ពី​រដ្ឋាភិបាល​មុន​

​ម៉ានីល​៖​យោងតាម​សារព័ត៌មាន​ចិន​ស៊ិន​ហួរ​បានចេញ​ផ្សាយ​ថា អនាគត​ប្រធានាធិបតី​ហ្វីលីពីន​ដែល​ទើប​ជាប់ឆ្នោត លោក Rodrigo Duterte បាន​បើក​កិច្ចសន្ទនា​មួយ​ជាមួយនឹង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ទីក្រុង ម៉ានីល ជុំវិញ​គំរោង​រៀបចំ​កិច្ចពិភាក្សា​ទ្វេភាគី​ជាមួយនឹង​រដ្ឋាភិបាល​ចិន​ឡើងវិញ ពាក់ព័ន្ធ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។​
​ឯកអគ្គរដ្ឋទូត​ចិន​លោក Zhao Jianhua បាន​ថ្លែង​បន្ទាប់ពី​កិច្ចប្រជុំ​នោះ​ថា លោក​ពិត​ជាមាន សេចក្តី​រីករាយ និង​សង្ឃឹមថា​ចិន​ជាមួយ​ហ្វីលីពីន អាច​ស្វែងរក​ដំណោះស្រាយ​លើ​ការខ្វែងគំនិត​គ្នា ព្រមទាំង​ព្យាយាម​លើកស្ទួយ​ទំនាក់ទំនង​មិត្តភាព ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​បង្កើន​កិច្ច សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ​៕

0fc6768bb73e5d2bea8677633e438b8bbe7da691

បង្កាត់ភ្លើង​ដាំបាយ​ចោល​ចេញទៅ​ដងទឹក​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ម៉ត់

​ខេត្តពោធិ៍សាត់​៖​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ទំហំ​៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ ជញ្ជាំង​ធ្វើ​ពី​ឈើ និង​ប្រក់​ស័ង្កសី សង់​ផ្ទាល់​ដី ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់​ទាំ​ស្រុង ខណៈ​បង្កាត់ភ្លើង​ដាក់​ដាំបាយ​ចោល រួច​ចេញទៅ​ដង​ទឹកអូរ​នៅក្រោយ​ផ្ទះ​។ ករណីនេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦ ត្រង់ចំណុច​អូរ​១៧ ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​
​មេបញ្ជាការរង អាវុធហត្ថ​ខេត្តពោធិ៍សាត់ លោក​វរសេនីយ៍ទោ ញឹម នី បាន​និយាយថា ម្ចាស់ផ្ទះ​មានឈ្មោះ ទឹម ធី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ហើយ​ករណីនេះ កើតឡើង​ដោយសារតែ ម្ចាស់ផ្ទះ​បង្កាត់ភ្លើង​ដាក់​ដាំបាយ​ចោល បណ្តាល​ឲ្យ​អណ្តាតភ្លើង​រាល​ឆេះ​ផ្ទះ​ម៉ត់​តែម្តង ខណៈ​ចេញទៅ​ដងទឹក​នៅ​អូរ​នៅក្រោយ​ផ្ទះ​។ លោក​មេបញ្ជាការរង​បាន​បន្តថា ផ្ទះ​ដែល​អគ្គីភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​នោះ មាន​ទំហំ ៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ ជញ្ជាំង​ធ្វើ​ពី​ឈើ និង​ប្រក់​ស័ង្កសី សង់​ផ្ទាល់​ដី​។ លោក​បញ្ជាក់ថា ទំហំ​នៃ​ការខូចខាត​ក្នុងផ្ទះ​ទាំងស្រុង​រួមមាន ៖ ម៉ាស៊ីន​កាត់​ស្មៅ ០១​គ្រឿង និង សម្ភារៈប្រើប្រាស់​មួយចំនួនទៀត​៕

13248566_273248746340968_8058312968523639549_o

Man Utd តាម​ប្រមាញ់ Zlatan Ibrahimovic សាជាថ្មី​

​បាល់ទាត់​៖​តាម​ប្រភពព័ត៌មាន​ពី​គេហទំព័រ Daily Mail បាន​ឲ្យ​ដឹងថា ក្រុម​បិសាច​ក្រហម Manchester United បន្ទាប់ពី​បាន​ខកខាន​ការ​ប្រមាញ់​លើក​មួយ​ឥឡូវនេះ ក្រុម​មូ​យ​នេះ​កំពុងតែ​រៀបចំ​កញ្ចប់​ថវិកា​នឹង​កិច្ចពិភាក្សា​ក្នុង​ក្រុម​ដើម្បី​នាំយក​ខ្សែប្រយុទ្ធ​ដែល​ព​ពេញ​ដោយ​បទពិសោធន៍ Zlatan Ibrahimovic មក​រួម​ក្រុម​ឲ្យ​បាន​នៅ​រដូវ​កាល​ក្រោយនេះ​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត វ័យ​៣៤ ឆ្នាំ​រូបនេះ បច្ចុប្បន្ននេះ​គឺ​មិន​ទាំ​ន់​បានសម្រេច​ថា​នឹង​ទៅ​ក្រុម​មួយណា​ទៅឡើយទេ ចាប់តាំងពី​សម្រេចចិត្ត​ចាក​ចេញពី​ក្លឹប PSG នៅពេល​បញ្ជាប់​នៅ​រដូវ​កាល​នេះ ហើយ​គាត់​បាន​បញ្ជាក់ថា គាត់​ចង់​លេង​នៅ​ក្របខ័ណ្ឌ Premier League​។​
​ក្រុម Man Utd បាន​បញ្ជូន​ភា្ន​ក់​ងារ​ទៅតាម​ដាន់ កីឡាករ​រូបនេះ នៅក្នុង​ការប្រកួត ១-១ ជាមួយ Bordeaux កាលពី​សប្តាហ៍​មុន ដែល​ធ្វើ​ឲ្យ Man Utd រឹតតែ​ចង់បាន​កីឡាករ​រូបនេះ​ជាខ្លាំង​។​
​យោងតាម​ការចុះផ្សាយ​សារព័ត៌មាន​របស់​បារាំង​កាលពី​ថ្ងៃ​ចន្ទ​នេះ បាន​អះអាងថា ក្រុម Man Utd មានការ​ស្នើ​កីឡាករ​អន្តរជាតិ​ស៊ុយអែត​រូបនេះ​ពី​ទឹកដី Old Trafford ដែល​គាត់​នឹង​លេង​ការប្រកួត​ចុងក្រោយ​ឱ្យ​ក្លឹប PSG សម្រាប់​ពានរង្វាន់ French Cup វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ Marseille នៅ​ថ្ងៃ​សៅរ៍​នេះ​។​
​គួរ​បញ្ជា​កើ​ថា Man Utd កំពុងតែ​ចង់បាន​ខ្សែប្រយុទ្ធ​រូបនេះ​ដើម្បី​យក​ព​ព្រឹង​តំបន់​របស់ខ្លួន​នា​រដូវ​កាល​ក្រោយនេះ ខណៈ​ដែលមាន​ក្លឹប​នៅ​អាមេរិក​ជាច្រើន​ក៏​ចង់បាន​គាត់​ដែរ ជាពិសេស​គឺ​ក្រុម​របស់លោក David Beckham តែម្តង​៕

zlatan-ibrahimovic-psg-v-toulouse-ligue_3374135

​ផឹកទឹក​ប៉េងប៉ោះ​ពីរ​កែវ​ក្នុង​មួយថ្ងៃ​ជួយ​ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ​

​សុខភាព​៖​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅក្នុង​ប្រទេស​កាណាដា​កាលពីពេល​ថ្មីៗ​នេះ​បានប្រកាស​ពី​ការរកឃើញ​នៃ​ការស្រាវជ្រាវ​របស់​ពួកគេ​ថា ការ​ផឹកទឹក​ប៉េងប៉ោះ​ពីរ​កែវជា​រៀងរាល់ថ្ងៃ​នឹង​អាចធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ ហើយ​អាច​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​ដែលជា​ជំងឺ​មួយ​កើតឡើង​ច្រើន​ចំពោះ​ស្ត្រី​។​
​សារធាតុ​សំខាន់​នៅក្នុង​ទឹក​ប៉េងប៉ោះ​ដែល​ផ្តល់​អត្ថប្រយោជន៍​ខាងលើ​គឺ​ត្រូវបាន​គេ​យល់ឃើញថា​ជា លី​កូ​ពី​ន​(Lycopene) ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ម្យ៉ាង ត្រូវបានគេទទួលស្គាល់​រួចហើយ​ថា អាច​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការកើត​មហារីក​ប្រូ​ស្តា​ត​ចំពោះ​បុរស និង​មាន​ប្រយោជន៍​ការពារ​ប្រឆាំង​ចំពោះ​ជំងឺ​បេះដូង​ទៀតផង​។​
​រោគ​ពុក​ឆ្អឹង​ត្រូវបាន​គេ​រាយការណ៍​ថា បាន​កើតឡើង​ចំពោះ​មនុស្ស​រហូតដល់​ទៅ​៣​លាន​នាក់​នៅក្នុង​ចក្រភព​អង់គ្លេស​។ ក្រុម​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ តូ​រ៉ុ​ន​តូ ក្នុងប្រទេស​កាណាដា​បានស្នើ​សុំ​ឲ្យ​ស្ត្រី​វ័យ​អស់​រដូវ​ចំនួន​៦០​នាក់​ដែលមាន​អាយុ​ពី​៥០​ទៅ​៦០​ឆ្នាំ ឈប់​ទទួលទាន​អាហារ​ទាំងឡាយ​ដែល​ធ្វើ​ពី​ប៉េងប៉ោះ​រយៈពេល​មួយខែ​។​
​ការធ្វើ​បែបនេះ​បង្ក​ឲ្យ​មានការ​កើនឡើង​យ៉ាងខ្លាំង​នូវ​កម្រិត អិន តូ​ឡូ​ប៉ិ​ប​ទី​ដ​(N-tolopeptide) ដែលជា​សារធាតុ​មួយ​ត្រូវបាន​បញ្ចេញ​ទៅ​សរសៃឈាម​នៅពេលដែល​ឆ្អឹង​បម្រុង​នឹង​បាក់​។ ក្រោយមកទៀត​ក្នុង​រយៈពេល​៤​ខែ ស្ត្រី​ចូលរួម​ទាំងនោះ​ត្រូវបាន​គេ​ឲ្យ​ផឹកទឹក​ប៉េងប៉ោះ​ជា​រៀងរាល់ថ្ងៃ​ដោយមាន​សារធាតុ លី​កូ​ពី​ន ១៥​មិ​ល្លី​ក្រាម ឬ​លេបថ្នាំ​ដែលមាន​សារធាតុ​លី​កូ​ពី​ន​ក្នុង​បរិមាណ​១៥​មិ​ល្លី​ក្រាម​ដូចគ្នា​។​
​លទ្ធផល​បាន​បង្ហាញថា បន្ទាប់ពី​អ្នកចូលរួម​ផឹកទឹក​ប៉េងប៉ោះ ឬ​លេបថ្នាំ​ដែលមាន​សារធាតុ លី​កូ​ពី​ន ក្នុង​បរិមាណ ១៥​មិ​ល្លី​ក្រាម ជា​រៀងរាល់ថ្ងៃ​មក​គេ​សង្កេតឃើញ​មានការ​ធ្លាក់ចុះ​នៃ​កម្រិត អិន តូ​ឡូ​ប៉ិ​ប​ទី​ដ ជាច្រើន​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា ទឹក​ប៉េងប៉ោះ​ដែល​គេ​អា​ចរក​ទិញ​បាន​នៅតាម​ផ្សារ​ទំនើប​ក៏មាន​សារធាតុ លី​កូ​ពី​ន ល្អ​ដូចគ្នា​ជាមួយ​ថ្នាំ​ដែលមាន​ជាតិ លី​កូ​ពី​ន ដែរ​។​
​ព្រឹ​ត្ត​ប​ត្រ​ព័ត៌មាន Journal Osteoporosis International បាន​រាយការណ៍​ថា ការ​ផឹកទឹក​ប៉េងប៉ោះ​ពីរ​កែវ​ក្នុង​មួយថ្ងៃ​ដែល​រួមមាន​សារធាតុ​លី​កូ​ពី​ន ស្មើនឹង​១៥​មិ​ល្លី​ក្រាម​អាច​នឹង​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ​បានល្អ​៕

f92a50b890858912c3b1eecbcede30f2ff0493a7

សំណើសុំ​នៅក្រៅ​ឃុំ​របស់​តំណាងរាស្ត្រ CNRP ត្រូវ​សាលា​ឧ​ទ្ទ​រណ៍​បដិសេធ

​រាជធានី​ភ្នំពេញ​៖​សំណើសុំ​នៅក្រៅ​ឃុំ​របស់ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦​នេះ បានសម្រេច​បដិសេធ បន្ទាប់ពី​បាន​បើកសវនាការ​ជំនុំជម្រះ​មួយ​ព្រឹក ដោយ​សាលាឧទ្ធរណ៍​បានសម្រេច​តម្កល់​តាម​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ចំពោះ​សំណុំរឿង​នៅក្រៅ​ឃុំ​នេះ​៕

fn-2016-05-17-08-24-30-1

De Gea អាច​នឹង​ចេញពី Man Utd នៅ​រដូវ​កាល​ក្រោយ​

​បាល់ទាត់​៖​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា អ្នកចាំទី​ដៃ​ស្អិត David de Gea អាច​នឹង​ចាក​ចេញពី​ក្រុម​បិសាច​ក្រហម Manchester United នៅ​រដូវក្តៅ​ខាងមុខនេះ ប្រសិន​អ្នកចាត់ការ​ទូទៅ​នាបច្ចុប្បន្ន​លោក Louis van Gaal នៅតែ​បន្ត​ជា​គ្រូបង្វឹក​នោះ​។​
​អ្នកចាំទី​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​២៥​ឆ្នាំ​រូបនេះ កំពុងតែ​រង​សម្ពាធ​យ៉ាងខ្លាំង​ក្រោម​ការគ្រប់គ្រង​របស់​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ បើទោះជា​បាន​ចុះ​កុងត្រា​រយៈពេល​បួន​ឆ្នាំ​ដើម្បី​បន្ត​នៅ​កាលពី​រដូវ​កាល​មុន​ក៏ដោយ​។​
​យោងតាម​ប្រភពព័ត៌មាន​ពី​ទឹកដី Old Trafford បាន​និយាយថា De Gea ដែល Real Madrid ចង់បាន​នោះ នឹង​ប្រើប្រាស់​គ្រប់​វិធី​ដើម្បី​ចាកចេញ​ពី​ក្លឹប​នា​រដូវ​កាល​ក្រោយនេះ​។​
​គួរ​បញ្ជាក់ថា ក្លឹប​បិសាច​ក្រហម​អាច​នឹងមាន​បញ្ហា​ធំ​ប្រសិន De Gea ចាក​ចេញពី​ក្រុម ព្រោះ​អ្នកចាំទី​រូបនេះ​បាន​ជួយសង្គ្រោះ​គ្រាប់​បាល់​ជាច្រើន​ឲ្យ និង​ជួយ​ឲ្យ​បាន​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ទៀតផង​៕

46669461

បង្ក្រាប​រថយន្ត​សាំ​យ៉ុង​ដឹកជញ្ជូន​ឈើ​ធ្នង់​លោតឆ័ត្រ​នៅ​ស្រុក​កូន​មុំ​

ខេត្តរតនគិរី​៖ឈើ​ប្រណីត​ប្រភេទ​ធ្នុង​មួយ​រថយន្ត​សាំ​យ៉ុង​អត់​ស្លាក​លេខ​ដែល​ឈ្មួញ​មិន​ស្គាល់ឈ្មោះ​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តស្ទឹងត្រែង​ឆ្ពោះ​មកកាន់​ខេត្តរតនគិរី តាមផ្លូវ​ជាតិ​លេខ​៧៨ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ពួនស្ទាក់ និង​បង្ក្រាបបាន​ភ្លាមៗ​។​
​តាម​ការ​ឲ្យ​ដឹង​ពី​លោក នូវ ដា​រ៉ា ប្រធានការិយាល័យ​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​ខាងលើនេះ ធ្វើឡើង​នៅវេលា​ម៉ោង​១១ និង​១០​នាទ​យប់​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០១៦​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ស្តិ​ត​នៅក្នុង​ភូមិ​សឹក ឃុំ​តា​អង ស្រុក​កូន​មុំ ហើយ​ម្ចាស់​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។​
​លោក​បន្តទៀតថា មុននឹង​ឈានទៅ​ធ្វើការ​បង្ក្រាបបានរ​ថ​យន្ត​ដឹកឈើ​ប្រណិត​ខាងលើនេះ ដោយសារ​ការយកចិត្ត​ទុកដាក់​របស់​កម្លាំង​សមត្ថកិច្ច និង​សហការ​ល្អជា​មួយ​ភ្នា​ងារ​សំងាត់​ក្នុងការ​ទប់ស្កាត់​រាល់​ប​ទ​ល្មើស​ផ្សេងៗ​ជាពិសេស​បទល្មើស​ព្រៃឈើ​។​
​បច្ចុប្បន្ន​ទាំង​រថយន្ត និង​ឈើ​ប្រណីត​កម្លាំង​សម​ត្ត​កិច្ច​បានប្រគល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ព្រៃឈើ​។ ជំនាញ​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​រាប់​ចំនួន​ឈើ​ដែល​បង្ក្រាបបាន​មុខកាត់​ចម្រុះ សារុប​ទាំងអស់​៩៤​ដុំ​ស្មើនឹង​១.០១៥​ម៉ែត្រគូប​៕

12index