ដោយះ សុភ័ណ្ឌ
ស្ទឹងត្រែង៖ បុរសម្នាក់ជាកម្មករឡឥដ្ឋខឹងប្រពន្ធនិយាយទូរស័ព្ទទាក់ទងជាមួយប្រុសក្មេងបានទិញសាំងកន្លះលីត្រគប់លើប្រពន្ធរួចដុតទាំងរស់បណ្តាលឲ្យរលាកយ៉សងធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ចំណែកបុរសជាប្តីត្រូវបាននគរបាលឃាត់ខ្លួនយកមកសួរនាំ។
ហេតុការប្តីដុតប្រពន្ធនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៧ខែមីនាឆ្នាំ២០១៦ ក្នុងទីតាំងឡឥដ្ឋ ស្ថិតក្នុងភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រងស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះផេង វិចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ (ប្តី)មានស្រុលកំណើតភូមិខ្សាច់ប្រឆេះកណ្តាល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។ចំណែកប្រពន្ធឈ្មោះចៅ ហ៊ានភេទស្រី អាយុ៣៤ឆ្នាំ(ជនរងគ្រោះ)មានស្រុកកំណើតភូមិចំបក់ឬស្សីកែ ស្រុកព្រែប្រសព្វ ខេត្តក្រចេះ បច្ចុប្បន្នស្នាក់នៅក្នុងសិប្បកម្មឡឥដ្ឋ ភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។
សមត្ថកិច្ចបានបន្តឲដឹងទៀតថានៅថ្ងៃកើតហេតុបុរសជាប្តីបានយកទូរស័ព្ទប្រពន្ធមកបើកស្តាប់សឡេងថតក្នុងទូរស័ព្ទពីការនិយាយទាក់ទងជាមួយប្រុសក្មេង និងបានបើកឲ្យប្រពន្ធរបស់ខ្លួនស្តាប់ ហើយប្រពន្ធបានឆក់យកទូរស័ព្ទយកមកបិទ ខ្លួនក៏ខឹងបានដើរទៅទិញសាំងកន្លះលីត្រដាក់ក្នុងថង់ ខណប្រពន្ធកំពុងដេកក្នុងអង្រឹងមិនដឹងខ្លួនគេបានគប់សាំងទៅលើប្រពន្ធរួចដុតទាំងរស់ តែត្រូវបានបងប្អូនជាកម្មករដែលនៅជិតនោះនាំគ្នាចូលជួយពន្លត់រួចដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។
សមត្ថកិច្ចបន្តថាក្រោយកើតហេតុ ត្រូវបានម្ចថៅកែឡឥដ្ឋឈ្មោះដែង ភារម្យ រាយការណ៍ឲ្យសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យមកកាន់អធិការដ្ឋានក្រុងដើម្បីសាកសួរ។
ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រើហិង្សាលើប្រពន្ធពិតប្រាកដមែន ដោយសារគេតែងតែលបលួចនិយាយទូរស័ព្ទជាមួយប្រុសក្មេងម្នាក់ ឈ្មោះភា ដែលគេធ្លាប់ធ្វើឡឥដ្ឋជាមួយគ្នានៅខេត្តកំពង់ធំ ហេតុតែគេនិយាយមិនស្តាប់ទើបសម្រេចចាក់សាំដុតតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការឃាត់ខ្លួននៅអធិការក្រងសាកសួរពីសមត្ថកិច្ចជំនាញដើម្បីចាត់ការតាមនីតិវិធី។ចំណែកជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត៕
រាជធានីភ្នំពេញ ៖លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិ មនុស្សនៅកម្ពុជា បានដាក់សំណើ៥ចំណុច ទៅ គ.ជ.ប កាលពីព្រឹកមិញ ទាក់ទងដំណើរការបោះឆ្នោត នៅឆ្នាំ២០១៧-២០១៨ ដោយផ្ដោតសំខាន់ ទៅលើបញ្ហា រួមមាន៖ ទី១-ការធ្វើអត្តសញ្ញាណប័ណ្ណ , ទី២-ប្រជាពលរដ្ឋធ្វើការ នៅក្រៅប្រទេស , ទី៣-ជនជាតិ ដើមភាគតិចដែលមិនចេះ និយាយភាសាខ្មែរ , ទី៤-អប់រំប្រជាពលរដ្ឋ ឲ្យបោះឆ្នោតមានភាព អព្យាក្រឹត្យ និងទី៥-ព្យាយាមមើលដំណើរការ គ.ជ.បក្នុងការបោះឆ្នោត។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ. ប បានឆ្លើយតប ចំពោះ សំណើរទាំង៥នោះ ដោយបញ្ជាក់ថា ទី១ ការធ្វើអត្តសញ្ញាណប័ណ្ណ សភាជាតិខ្មែរ ទោះបីជាក្រសួងមហាផ្ទៃ លោកធ្វើមិនទាន់ឬ ទាន់យ៉ាងណាក្តី ប៉ុន្ដែ គ.ជ.ប រៀបចំនីតិវិធី ដើម្បីឲ្យអ្នកពុំទាន់មាន អត្តសញ្ញាណប័ណ្ណខ្មែរ គឺអាចប្រើប្រាស់នូវឯកសារបញ្ជាក់ ក្នុងការបោះឆ្នោត។ ទី២-ប្រជាពលរដ្ឋធ្វើការ នៅក្រៅប្រទេស គ.ជ.ប មិនមានលទ្ធភាព រៀបចំការចុះឈ្មោះបោះឆ្នោត នៅក្រៅប្រទេសបានទេ ប៉ុន្ដែការចុះឈ្មោះបោះ ឆ្នោតមានរយៈពេលបីខែ ដូច្នេះប្រជាពលរដ្ឋ មកធ្វើដំណើរចុះឈ្មោះបាន។ ទី៣-អប់រំជនជាតិ ដើមភាគតិចដើម្បី ឲ្យគាត់យល់ ក្នុងនោះគ.ជ.ប ប្រើប្រាស់គ្រប់រូបភាព ដើម្បីអប់រំសាធារណៈជន សម្រាប់ជនពិការ ប្រើប្រាស់ ភាសា កាយវិការ។ សម្រាប់ជនជាតិ ដើមភាគតិចទោះបី មិនចេះភាសាខ្មែរ ប៉ុន្ដែមានរូបភាពជាគំនូរ មានអ្នកបកប្រែ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះគ.ជ.ប ដែលធ្វើបានល្អ ហើយមាន សង្ឃឹមថា នឹងមានលទ្ធផល ល្អប្រសើរទៀត សម្រាប់ជាផលប្រយោជន៍ ប្រទេសជាតិ៕
ខេត្តសៀមរាប ៖កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាបបានចាប់ឃាត់ថ្នាំដែលជាអាហារបំប៉ន និងឡេលាបខ្លួន៥៤កេស (បិតជិត) រួមទាំងវ៉ាលី១ និងថង់យួរ៤ដែលនាំចូលពីអាមេរិកតាមព្រលានយន្ដហោះអន្តរជាតិខេត្តសៀមរាប រួមនឹងរថយន្ដ១គ្រឿង និងម្ចាស់ឥវ៉ាន់។
នាយការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបលោកវរសេនីយឯក សឿន សេន បានប្រាប់ឲ្យដឹងថា ស្ដ្រីដែលនាំផលិតផលទាំងនេះចូលមានឈ្មោះ ជា ណារី អាយុ៤២ឆ្នាំ រស់នៅភូមិដក់ពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប គឺឃាត់ខ្លួននៅវេលាម៉ោង២៣ និង៤៥នាទី រាត្រីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួន អ្នកបើកបររថយន្ដម្នាក់នោះមកសួនាំផងដែរ។
លោកបញ្ជាក់ថា ឥវ៉ាន់ទាំងនេះត្រូវបានកម្លាំងរបស់លោក តាមចាប់បាននៅភូមិគោកដូង សង្កាតទឹកវិល ក្រុងសៀមរាប នៅចំណុចខាងមុខស្នងការដ្ឋាននគរបាល ខេត្តសៀមរាប គឺឃាត់បានថ្នាំ/អាហារបំប៉ន និងឡេលាបខ្លួនចំនួន៥៤កេស (បិតជិត) និង១វ៉ាលី និង៤ថង់យួរ រថយន្ដដឹក១គ្រឿង លេខភ្នំពេញ 2AF-7251 បញ្ជូនមកស្នងការនគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
រាជធានីភ្នំពេញ ៖ស្ត្រី២នាក់ដែលស្រឡាញ់ភេទដូចគ្នា បានសម្រេចចិត្តបបួលគ្នាផឹកថ្នាំបំពុលសត្វល្អិត ដើម្បីបញ្ចប់ជីវិតទាំងអស់គ្នា ប៉ុន្តែមិនបានសម្រេច ដោយស្លាប់ម្នាក់(ជាតួឯកប្រុស) និងម្នាក់ទៀត(ជាតួឯកស្រី) ត្រូវបានក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យលោកសង្ឃ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ ស្ថិតនៅផ្ទះជួលក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សកែវ រាជធានីភ្នំពេញ។
ប្រភពពីនៅកន្លែងកើតហេតុបានឲ្យដឹងថា នារីដែលស្លាប់ឈ្មោះស្រី លីន (ជាតួប្រុស) មានទីលំនៅក្នុងភូមិទម្លាប់ ឃុំសោម ខេត្តតាកែវ។ រីឯនារីម្នាក់ទៀតដែលជាតួឯកស្រីហើយត្តួវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យលោកសង្ឃនោះមានឈ្មោះ វ៉ាន ស៊ីវម៉ី អាយុ១៦ឆ្នាំ ជាអ្នកលក់ដូរស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិក្បាលក្រពើ ឃុំអង្គស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។
ប្រភពបន្តថា នារីរងគ្រោះទាំង២នាក់នេះ បានស្រឡាញ់គ្នារយៈពេលជិត៣ខែមកហើយ គឺតាមរយៈទូរស័ព្ទច្រឡំលេខ ហើយនារីដែលជាតួឯកប្រុសនោះ តែងតែមកដេកជាមួយនារីជាគូស្នេហ៍នៅក្នុងផ្ទះជួលខាងលើជាញឹកញាប់។ ក្រោយពីបានទំនាក់ទំនងគ្នា ក៏មានការជំទាស់ពីក្រុមគ្រួសារខាងនារីដែលជាតួឯកខាងស្រី(គូស្នេហ៍)និងបានណែនាំកុំឱ្យគិតតែពីរឿងស្នេហាបែបនេះអី ត្រូវគិតពីការរកស៊ីចិញ្ចឹមជីវិតវិញ។ហើយពួកគេទាំង2នាក់បានគិតខ្លីហើយនាំគ្នាផឹកថ្នាំបំពុលសត្វល្អិតសម្លាប់ខ្លួន ដោយសារតែបញ្ហាបែបនេះដោយសារតែគ្មានក្រុមគ្រួសារគាំទ្រហើយគិតខ្លីនាំគ្នាបញ្ចប់ជីវិតតែម្តង។
ក្រោយកើតហេតុសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតរីឯជនរងគ្រោះម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃនៅឡើយទេ៕
ខេត្តប៉ៃលិន ៖បុរសជាកម្មករពីរនាក់ ត្រូវកាបឆក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈ ជនរងគ្រោះទាំងពីរនាក់ លើកដែកមូលប្រវែង៨ម៉ែត្រ ដើម្បីសង់ដំបូលរោងប្រក់តង់ដាក់ផ្លែ ស្វាយ និងដូង តែជាអកុសល់ដែលទៅប៉ះនឹងខ្សែកាបជិតនោះ ក៏ឆក់ជាប់តែម្តង ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខផ្ទះ ស្ត្រី ឈ្មោះខៀវ សុគន្ធារី ជាប់ផ្លូវជាតិលេខ ៥៧ ក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន។
ប្រភពព័ត៌មានពីលោក អ៊ុក សុធា នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទួលល្វា បា នឱ្យដឹងថា ជនរងគ្រោះទី១. ឈ្មោះ ង៉ា ហន ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករ ស្លាប់នៅនឹងកន្លែង មានទីលំនៅក្នុងភូមិបល័ង្ក ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទី២. ឈ្មោះ លឿម ផល្លា ភេទប្រុស អាយុ៣៤ឆ្នាំ ជាកម្មករដូចគ្នា ស្លាប់នៅនឹងកន្លែងដែរ មាន ស្រុកកំណើតរស់នៅភូមិចក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នម កស្នាក់នៅធ្វើការកន្លែងកើតហេតុខាងលើ ។
ប្រភពបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញកម្មករជាច្រើននាក់ បាននាំគ្នា យកដែកជាច្រើនដើម ដើម្បីសង់ធ្វើរោងប្រក់តង់ សម្រាប់ដាក់ផ្លែស្វាយ និងដូង ដើម្បីរៀប ចំផ្ទេរដាក់រថយន្តមួយទៀត ទុកដឹកទៅលក់នៅឯប្រទេសថៃ លុះពេលកើតហេតុ ជនរង គ្រោះទាំងពីរនាក់ខាងលើ ក៏បានឡើងលើដើមក្រខុប ដើម្បីយកដែកមូលប្រវែង៨ម៉ែត្រ ចងភ្ជាប់នឹងដើមឈើនេះ សម្រាប់ពាក់តង់ពីលើ តែពេលនោះដែកធ្ងន់ពេកក៏ធ្លាក់ទៅប៉ះនឹ ងខ្សែកាប ដែលគ្មានស្រោម ធ្វើឱ្យឆក់ឆេះគាបទើលើដើមក្រខុបតែម្តង ។ មួយសន្ទុះក៏ធ្លាក់ មកក្រោម បន្ទាប់មកកម្មករដទៃទៀតក៏ចូលទៅជួយសង្គ្រោះ តែជាអកុសល់ ជនរងគ្រោះ ទាំងពីរនាក់បានផុតដង្ហើមស្លាប់បាត់ទៅហើយ ។
បច្ចុប្បន្នសពជនរងគ្រោះទាំងពីរនាក់ ត្រូវបានសាច់ញាតិ ដឹកតាមរថយន្តបញ្ជូនទៅ ស្រុកកំណើតនៅឯខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំចាត់ចែងតាមប្រពៃណី៕
រាជធានីភ្នំពេញ ៖អតីតសមាជិកជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ លោក អ៊ុក ស៊ុយ បានប្រកាសថា លោកបានដើរចេញពីគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូរ ហើយ ទៅបង្កើតគណបក្សថ្មី មួយទៀត។
លោក អ៊ុក ស៊ុយ បានឱ្យដឹងថា លោក នឹងធ្វើសន្និសីទកាសែតមួយ នៅម៉ោង២៖០០រសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារអ៊ីមភើរៀល ដើម្បីបញ្ជាក់ពីមូលហេតុទាំងអស់ ដែលក្នុងនោះ មានមូលហេតុដែលលោកចាកចេញពី គណបក្សសង្គ្រោះជាតិផង មូលហេតុដែលលោកចាកចេញ ពីគណបក្សសំបុកឃ្មុំផង និងមូលហេតុដែលលោក បង្កើតគណបក្សថ្មី មួយទៀតផង។
អ្នកវិភាគនយោបាយលើកឡើងថា អ្នកនយោបាយមិនគួរផ្លាស់ប្តូរទ្រនំញឹកញ៉ាប់ពេក នោះទេ ព្រោះថា ការដើរចេញពីទ្រនំទី១ អាចបញ្ជាក់ថា ទ្រនំចាស់មិនល្អ ប៉ុន្តែការដើរចេញពីទ្រនំទី២ អាចមានន័យផ្ទុយពីនេះ៕
រាជធានីភ្នំពេញ ៖លោក សាន្ត ប៊ុនធឿន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចប្រកាសសាលក្រម ផ្តន្ទាទោស ដាក់ពន្ធនារគាររយៈពេល ៤ខែ និងពិន័យជាប្រាក់ចំនួន ៨០ម៉ឺនរៀល ដាក់ចូលថវិការរដ្ឋ។ ការប្រកាសសាសក្រមនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ។
គួររំលឹកថា លោក សាន្ត ប៊ុនធឿន ជាសារព័ត៌មានមួយរូប ដែលគេតែងតែឃើញ នៅក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនិងបទល្មើសបើកបរមានកម្រិតជាតិអាកុល 0,64Mg/l ល្មើសនឹងច្បាប់ ចរាចរណ៍ផ្លូវគោក ត្រង់ជំពូកទី១០ ទោសបញ្ញត្តិមាត្រា៧៧៕
តួកគី ៖យន្តហោះចម្បាំងតួកគីប្រមាណ១២គ្រឿងបានធ្វើប្រតិបត្តិការរួមគ្នាប្រឆាំងក្រុមឃឺដ(PKK)ចំនួន១១គោលដៅស្ថិតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ក្នុងនោះបានបំផ្លាញឃ្លាំងរំសេវ និងជម្រករបស់ក្រុមឃឺដអស់ជាច្រើនកន្លែង។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីយោធាតួកគីកាលពីម្សិលមិញ។
ប្រភពខាងលើបន្ថែមថា នេះជាយុទ្ធនាការប្រឆាំងក្រុមឃឺដកាន់តែខ្លាំង បន្ទាប់ពីមានហេតុការណ៍បំផ្ទុះគ្រាប់បែករថយន្តកាលពីថ្ងៃទី១៣មីនា សម្លាប់មនុស្ស៣៧នាក់ និងរបួសជាច្រើននាក់នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនោះត្រូវបានក្រុមឃឺដជាអ្នកចេញមុខទទួលខុសត្រូវផងដែរ៕
រាជធានីភ្នំពេញ ៖លោក ស្រី ចំរើន តំណាងក្រុមយុវជន និងនិស្សិតមកពីសាកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ បានដាក់ញត្តិ ស្នើសុំជូនលោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ទទួលបន្ទុក សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា ដើម្បីស្នើសុំពន្លឿន ការកោះហៅ លោក កឹម សុខា ចូលខ្លួនបំភ្លឺ ជុំវិញខ្សែអាត់សម្លេងអសីលធម៌ តាមនិតិវិធីរបស់រដ្ឋសភា។
នៅមិនទាន់មានការឆ្លើយតបយ៉ាងណាពីលោក អេង ឆៃអ៊ាង នៅឡើយទេ រហូតមកដល់ពេលនេះ គ្រាដែលគណៈកម្មាធិការរដ្ឋសភាមួយនឹងទទួលស្តាប់ការបំភ្លឺរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នារសៀលនេះជុំវិញការអនុវត្តនិតិវិធីរបស់តុលាការ៕
ខេត្តព្រៃវែង ៖កម្លាំងនគរបាលខេត្តព្រៃវែងកាលពីយប់មិញ បានចាប់ខ្លួនបក្ខពួកក្រុមចោរប្លន់ម្នាក់ដែលធ្លាប់ចូលរួមធ្វើសកម្មភាពប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងសកម្មភាពនាពេលកន្លងទៅ ហើយបានរត់គេចខ្លួនចេញពី ស្រុកអស់រយៈពេលជាង១០ឆ្នាំ។
តាមសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ ហែល ហាន អាយុ៣៧ឆ្នាំ រស់នៅឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង៕
បាល់ទាត់ ៖ក្រុមបាល់ទាត់ Lazio កំពុងពិចារណាដើម្បីធ្វើការផ្ទេរខ្សែប្រយុទ្ធរបស់ក្រុម AC Milan គឺកីឡាករ Fernando Torres ដែលបច្ចុប្បន្នកំពុងលេងឱ្យក្រុម Atletico Madrid ក្នុងលក្ខខណ្ឌខ្ចីជើង។
អតីតខ្សែប្រយុទ្ធ Liverpool និង Chelsea រូបនេះហាក់ដូចជានឹងវិលត្រឡប់មកប្រទេសអ៊ីតាលីវិញនៅចុងរដូវកាលនេះ នៅពេលដែលកិច្ចសន្យាខ្ចីជើងជាមួយ Atletico ផុតកំណត់ ហើយមានក្លឹបមួយចំនួនកំពុងរង់ចាំគាត់បន្ត។
បើយោងតាមសារព័ត៌មាន Il Corriere della Sera បានឱ្យដឹងថា Lazio កាន់តែកៀកក្នុងការនាំកីឡាករវ័យ ៣២ ឆ្នាំរូបនេះមកចូលរួមក្នុងកីឡដ្ឋាន Stadio Olimpico ពីក្លឹប AC នៅរដូវក្តៅនេះ។
Lazio កំពុងស្វែងរកអ្នកជំនួសកន្លែងរបស់ខ្សែប្រយុទ្ធជើងចាស់ Miroslav Klose ដែលគាត់ត្រូវបានរាយការណ៍ថា នឹងចាកចេញពីក្លឹបនៅពេលដែលកុងត្រារបស់គាត់ផុតកំណត់។
បន្ទាប់ពីជួបការលំបាកក្នុងការរកគ្រាប់បាល់នៅប្រទេសអេស្ប៉ាញក្នុងរដូវកាលនេះរួចមក Lazio សម្លឹងឃើញខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះជាអ្នកប្រយុទ្ធដ៏ស័ក្តិសមបំផុតដោយសារតែបទពិសោធន៍និងជំនាញរបស់គាត់៕
រាជធានីភ្នំពេញ៖កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបផ្ទះសំណាក់ និងកន្លែងចែកចាយ ប្រើប្រាស់គ្រឿងញៀន២ទីតាំងផ្សេងគ្នា ឃាត់ខ្លួនបានជនសង្ស័យចែកចាយ និងប្រើប្រាសគ្រឿងញៀន៣៤នាក់ ក្នុងនោះមានម្ចាស់ផ្ទះសំណាក់ និងអ្នកមើលការខុសត្រូវ២នាក់ទៀត និងវត្ថុតាងថ្នាំញៀន ជិតកន្លះគីឡូក្រាម។
ការចុះបង្ក្រាបទីតាំងទី១ ធ្វើឡើងនាម៉ោង១១យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ខាងក្រោយផ្ទះសំណាក់ស្រែលាភ ជាប់ផ្លូវរទះភ្លើង ស្ថិតក្នុងសង្កាត់ស្រះចក ឃាត់ខ្លួនបាន១៥នាក់ ក្នុងនោះស្រី៥នាក់ ថ្នាំញៀនប្រភេទម៉ាទឹកកក៤២កញ្ចប់តូច និងវត្ថុតាងប្រើប្រាស់ មួយចំនួន។
ចំណែកទីតាំងទី២វិញ គឺបង្ក្រាបម៉ោង១ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែមីនា នៅចំណុចផ្ទះសំណាក់ផ្កាយ៩ តាមបណ្តោយផ្លូវលេខ៨១ ស្ថិតក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីប្រើប្រាស និងចែកចាយ១៩នាក់ ក្នុងនោះមានម្ចាស់ផ្ទះ និងអ្នកមើលការខុសត្រូវ២នាក់ ជាមួយនឹងថ្នាំញៀនជាច្រើនកញ្ចប់តូចធំ រួមនិងវត្ថុតាងប្រើប្រាស់មួយចំនួន៕
ប៊ែលហ្សុក ៖ជនសង្ស័យ៦នាក់ត្រូវបានប៉ូលិសប៊ែលហ្សិកបានចាប់ឃុំខ្លួន ខណៈដែល២នាក់ផ្សេងទៀតរត់គេចខ្លួនជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុងព្រុចសែល កាលពីថ្ងៃទី២២មីនាដែលបានសម្លាប់មនុស្ស៣១នាក់ និងអ្នករបួសជាង៣៣០នាក់។ ការឃាត់ខ្លួននេះធ្វើឡើងគ្រាដែលកម្លាំងប៉ូលិសប៊ែលហ្សិកចុះប្រតិបត្ដិការចុះឆែកឆេរស្វែងរកបណ្ដាញក្រុមភេរវករ។
គួរបញ្ជាក់ថា ចាប់តាំងពីការវាយប្រហារភេរវកម្មដោយការបំផ្ទុះគ្រាប់បែក កើតឡើងនៅអាកាសយានដ្ឋានអន្ដរជាតិ និងនៅស្ថានីយរថភ្លើងក្នុងប្រទេសបែលហ្ស៊ិក ប៉ូលិសបានរកឃើញថា មានបុរស៥នាក់ជាប់ពាក់ព័ន្ធនឹងការវាយប្រហារ ក្នុងនោះមានបុរសបីនាក់បានស្លាប់ និងពីរនាក់ទៀតកំពុងតែរត់គេចខ្លួន៕
រាជធានីភ្នំពេញ ៖ផ្ទះលក់គ្រឿងបន្លាស់រថយន្តមួយកន្លែងស្ថិតនៅចំណុចក្បែរស្ថានីយសាំងកាល់តិច ទល់មុខមន្ទីរពេទ្យកាល់ម៉ែត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវអគ្គិភ័យលុបត្របាក់ស្ទើរអស់ទាំងស្រុង កាលពីវេលាម៉ោង៥ និង៣០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ។
តាមប្រភពព័ត៌មាននៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញមានផ្សែងខ្មួរខ្មាញ់ ហុយចេញពីផ្ទះលក់បន្លាស់គ្រឿងបន្លាស់ រថយន្តខាងលើ មួយសន្ទុះក្រោយមក ស្រាប់តែម្ចាស់ផ្ទះបាននាំគ្នារត់ចេញមកក្រៅ ដោយសភាពភ័យស្លន់ស្លោរ ស្រែកឆោរឡោរឲ្យគេឯងជួយ។ ខណៈនោះក៏ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះ ឡើងយ៉ាងសន្ធោរសន្ធៅតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋក្បែរនោះជួយយកទឹកជះ ប៉ុន្តែមិនអាចជួយបាន ក៏រាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន និងក្រុមរថយន្តពន្លត់អគ្គីភ័យឲ្យចុះអន្តរាគមន៍។
សេចក្តីរាយការណ៍បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីការឆេះនេះ រថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៩គ្រឿង បានមកជួយអន្តរាគមន៍ បាញ់ទឹកទប់ស្កាត់អណ្តាតភ្លើង ដើម្បីកុំឲ្យឆេះរាលដាលដល់លំនៅដ្ឋាននៅក្បែរនោះ។
សមត្ថកិច្ចសូមបញ្ជាក់ថា ការឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្តនេះ គឺប្រើប្រាស់រថយន្តបាញ់ទឹកអស់៥គ្រឿង និងប្រើប្រាស់ពេលវេលាជាងកន្លះម៉ោង ទើបអាចទប់ស្កាត់អណ្តាតភ្លើងឲ្យរលត់ទាំងស្រុង ហើយមូលហេតុនៃការឆេះនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍