ខេត្តព្រៃវែង៖សង្ឃមួយអង្គត្រូវបានអាជ្ញាធរស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែងចាប់ផ្សឹក រួចបញ្ជូនខ្លួនទៅតុលាការ បន្ទាប់ពីសង្ឃអង្គនោះទាញកាំបិតបុ័ងតោកាប់ទៅលើព្រះសង្ឃដូចគ្នាបណ្ដាលឲ្យរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅវត្តកំព្រៅក្នុងភូមិកំព្រៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
ប្រភពព័ត៌មានបានឲ្យដឹងថា ករណីសង្ឃនឹងសង្ឃកាប់គ្នាឲ្យរបួសធ្ងន់បែបនេះ គឺកើតឡើងដោយសារតែសង្ឃដៃដល់ខឹងនឹងសង្ឃរងគ្រោះចេះតែប្រើឲ្យទៅបិណ្ឌបាតពេក៕


ភ្នំពេញ៖កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការចាប់ខ្លួន អន្ទិតម្នាក់ដែលទើបសឹកចាកសិក្ខាបទទើបតែ បានរយៈពេល២ថ្ងៃប៉ុណ្ណោះ ហើយបានបើករថយន្ត១គ្រឿង ដែលជារថយន្តរបស់ព្រះគ្រូចៅអធិការវត្ត អូរ គគី ធ្វើដំណើរមកភ្នំពេញ ហើយបានចូលទៅកន្លែងម៉ាស្សាកោសជប់មួយកន្លែង ដើម្បីឲ្យនាងៗជួយម៉ាស្សាឲ្យ។ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋប្រទះឃើញគួរឲ្យសង្ស័យ ព្រោះតែនៅក្នុងរថយន្តនោះមានបាត្រ និងស្បង់ចីវរ ហើយអន្ទិតម្នាក់នោះក៏មានសក់នៅខ្លីថែមទៀតផងនោះ ស្មានថាជាសង្ឃក្លែងក្លាយ ទើបរាយការណ៏ប្រាប់ឲ្យ ប៉ូលិសចុះទៅចាប់ខ្លួនតែម្ដង។
ការចាប់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧ នៅចំណុចផ្ទះម៉ាស្សាកោសជប់ ស្ថិតនៅក្នុងបុរីញូវថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
អន្ទិតម្នាក់នោះ ជា សុវណ្ណាត អាយុ៣៥ឆ្នាំ បួសជាសង្ឃនៅក្នុងវត្តអូគគីរ ដែលមានទីតាំងស្ថិតនៅភូមិអូរគគី ឃុំសុពណ៏មាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងមានស្រុកកំណើត នៅក្នុងភូមិថ្មី សង្កាត់កណ្តោដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជិះរថយន្ត១គ្រឿងម៉ាកកាមរីគូទប៉ោង ពណ៏សំបកឪឡឹក ពាក់ស្លាកលេខ កណ្ដាល2A-0807 ដែលជារថយន្តរបស់គ្រូចៅអធិការវត្តខាងលើនោះ ហើយនៅក្នុងរថយន្តនោះមានបាត្រ រួមជាមួយស្បង់ចីវររបស់ព្រះគ្រូចៅអធិការផងដែរ។
នគរបាលបានឲ្យដឹងថា នៅវេលាយប់ថ្ងៃកើតហេតុ អន្ទិតខាងលើនោះ បានបើករថយន្តរបស់ព្រះគ្រូចៅអធិ ការវត្តចេញដើរលេង នៅក្នុងរាជធានីភ្នំពេញ បន្ទាប់មកបានចូលទៅក្នុងហាងម៉ាស្សាកោសជប់ មួយកន្លែង នៅក្នុងបុរីញូវថោន មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ខណៈនោះប្រជាពលរដ្ឋមានការសង្ស័យថាគាត់ គឺជាសង្ឃក្លែងក្លាយ ព្រោះសក់ដុះខ្លីដូចព្រះសង្ឃ មិនតែប៉ុណ្ណោះនៅក្នុងរថយន្ត មានទាំងបាត្រនិងចីវរថែម ទៀតផង ហើយប្រជាពលរដ្ឋក៏បាន រាយការណ៏ជូនប៉ូលិសឲ្យចុះទៅពិនិត្យមើល និងធ្វើការឃាត់ខ្លួននាំទៅ សាកសួរ ទើបដឹងថាគាត់ជាអតីតសង្ឃ ដែលទើបសឹកចាកសិក្ខាបទបាន២ថ្ងៃមុននេះប៉ុណ្ណោះ។ ដោយការ អផ្សុកពេកនឹកចង់ភ្លក្សរស់ជាតិម៉ាស្សា ទើបយករថយន្តព្រះគ្រូចៅអធិការវត្ត បើកដើរលេងនិងចូលទៅឲ្យ នាងៗម៉ាស្សាឲ្យហើយក៏ជាអន្ទាក់ប៉ូលិសតែម្ដង ប៉ុន្តែក្រោយពេលសាកសួរដឹងសាច់រឿង ប៉ូលិសបានទាក់ ទងទៅកាន់ចៅអធិការវត្តអូរគគីរ ឲ្យទៅធានាទើបដោះលែងទៅវិញនិងប្រគល់រថយន្តនោះ ទៅឲ្យព្រះ ចៅអធិការវត្តវិញហើយដែរ៕

រាជធានីភ្នំពេញ៖អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបើកសវនាការនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះថា ក្រោយពីបញ្ចប់សវនាការរឿងក្តីឃាតកម្មលើលោក កែម ឡី សាលាដំបូងរាជធានីភ្នំពេញបានសម្រេចប្រកាសសាលក្រមនៃសំណុំរឿងនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។
លោកបញ្ជាក់ថា នៅក្នុងសវនាការនេះជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ បានសារភាពថា ខ្លួនជាអ្នកបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ដោយសារខឹងលោក កែម ឡី ជំពាក់ប្រាក់មិនសង ហើយអះអាងថា គ្មានអ្នកនៅពីក្រោយខ្នងនៃឃាតកម្មនេះនោះទេ៕

រុស្ស៊ី៖កាលពីថ្ងៃអង្គារម្សិលមិញនេះប្រទេសរុស្ស៊ី និងចិនបានវេតូសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិគាំទ្រដោយលោកខាងលិចដែលនឹងដាក់ទណ្ឌកម្មលើប្រទេសស៊ីរីដោយសារតែការប្រើអាវុធគីមី។ នេះជាការប៉ះទង្គិចគ្នាលើកដំបូងហើយនៅក្រុមប្រឹក្សាសន្តិសុខចាប់តាំងពីប្រធានាធិបតីអាមេរិកលោក Donald Trump ឡើងចូលកាន់តំណែងមក។
ការវេតូទាំងពីរនេះបានកើតឡើងចំពេលដែលកិច្ចពិភាក្សាសន្តិភាពក្នុងទីក្រុងហ្សឺណែវមិនបានបង្ហាញពីការរីកចម្រើនទេលើការបញ្ចប់សង្គ្រាមរយៈពេលជិតប្រាំមួយឆ្នាំក្នុងប្រទេសស៊ីរី។
វាជាលើកទីប្រាំពីរហើយសម្រាប់ប្រទេសរុស្ស៊ីដែលជាសម្ព័ន្ធមិត្តយោធាកំពូលរបស់ប្រទេសស៊ីរីបានប្រើសិទ្ធិវេតូរបស់ខ្លួនដើម្បីការពាររបបក្រុងដាម៉ាស។ ប្រទេសចិនបានគាំទ្ររដ្ឋាភិបាលក្រុងមូស្គូដោយប្រើសិទ្ធិវេតូរបស់ខ្លួនប្រាំមួយដងស្តីពីបញ្ហាប្រទេសស៊ីរី។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមានមុនពេលការបោះឆ្នោតនេះថា ការដាក់ទណ្ឌកម្មលើប្រទេសស៊ីរីគឺ “មិនសមរម្យទាល់តែសោះ” ខណៈពេលដែលការចរចាកំពុងតែបន្តនៅទីក្រុងហ្សឺណែវស្តីអំពីការបញ្ចប់សង្គ្រាម។
ឯកអគ្គរដ្ឋទូតអាមេរិក Nikki Haley បានរិះគន់វាយបកត្រឡប់ទៅវិញថា “សេចក្តីសម្រេចនេះគឺសមរម្យណាស់”។ លោកស្រីបន្តថា “វាជាថ្ងៃដ៏សោកស្តាយនៅក្រុមប្រឹក្សាសន្តិសុខពេលសមាជិកចាប់ផ្ដើមរកលេសសម្រាប់រដ្ឋជាសមាជិកផ្សេងទៀតដែលកំពុងសម្លាប់ប្រជាជនខ្លួនឯង”។
លោកស្រីបានប្រាប់ក្រុមប្រឹក្សាសន្តិសុខក្រោយវិធានការនេះត្រូវបានច្រានចោលថា “ពិភពលោកគឺពិតជាកន្លែងដ៏គ្រោះថ្នាក់មួយ”។
សេចក្តីសម្រេចនេះត្រូវបានគាំទ្រដោយប្រទេសអង់គ្លេស បារាំងនិងសហរដ្ឋអាមេរិកខណៈដែលប្រទេសចំនួនបីបានប្រឆាំងនឹងវាមានដូចជាបូលីវី ចិននិងរុស្ស៊ី។ ប្រទេសអេហ្ស៊ីប អេត្យូពី និងកាហ្សាក់ស្ថានបានអនុបវាទ។
សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិនេះបានទាមទារឲ្យមានការបោះឆ្នោតជាវិជ្ជមានប្រាំបួនសំឡេងនិងគ្មានការវេតូទេបើសិនជាចង់អនុម័តវា។
សេចក្តីសម្រេចនេះនឹងដាក់ជនជាតិស៊ីរីចំនួន១១នាក់ដែលភាគច្រើនជាមេបញ្ជាការយោធានិងអង្គភាពចំនួន១០ដែលពាក់ព័ន្ធនឹងការវាយប្រហារគីមីក្នុងឆ្នាំ២០១៤និង២០១៥លើបញ្ជីខ្មៅរបស់អង្គការសហប្រជាជាតិ។
វាក៏រួមបញ្ចូលទាំងការហាមឃាត់លើការលក់ឧទ្ធម្ភាគចក្រនិងសារធាតុគីមីទៅឲ្យកងកម្លាំងប្រដាប់អាវុធស៊ីរីឬរដ្ឋាភិបាលផងដែរ៕

គូឡាឡាំពួរ៖ទីបំផុតតុលាការម៉ាឡេស៊ីបានសម្រេចចោទប្រកាន់ស្ត្រីជនជាតិវៀតណាមមួយរូប និងឥណ្ឌូណេស៊ីមួយរូបជាផ្លូវការហើយ លើសំណុំរឿងឃាតកម្មលើលោក គីម ជុងណាម។ បើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ Channel News Asia ។
គួរបញ្ជាក់ថា ស្ត្រីសង្ស័យទាំង២រូបខាងលើនេះត្រូវបានអាជ្ញាធរប៉ូលិសម៉ាឡេស៊ីចាប់ឃុំខ្លួន ដោយសង្ស័យជាប់ពាក់ព័ន្ធករណីឃាតកម្មលើលោក គីម ជុងណាំ កាលពីថ្ងៃទី១៣ ខែកុម្ភៈ៕

រាជធានីភ្នំពេញ៖កាលពីយប់មិញមានករណីអគ្គីភ័យឆាបឆេះផ្ទះជួសជុលពូក មួយកន្លែង យី ហោ ព្រំ សំអ៊ុល ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដោយបំផ្លាញទ្រព្យសម្បត្តិគ្មានសល់។
តាមប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញផ្សែងហុយយ៉ាងខ្លាំង ចេញពីផ្ទះកើតហេតុ ដែលម្ចាស់ចាក់សោរពីក្នុង។ ប្រភពដដែលបន្តទៀតថា ខណៈដែលហៅម្ចាស់ផ្ទះមិនលឺ ហើយគាស់សោរចូលក្នុងមិនរួចទៀតនោះ អគ្គីភ័យបានបន្តឆាបឆេះយ៉ាងសន្ធោរសន្ធៅបាត់ទៅហើយ ហើយក្រុមពន្លត់អគ្គីភ័យបានខិតខំជួយបាញ់ទឹកពន្លត់ដែរ តែមិនអាចគ្រប់គ្រងបាន ព្រោះតែមិនអាចទម្លាយទ្វារផ្ទះចូលទៅក្នុងបាន ព្រោះតែម្ចាស់ផ្ទះមិនមានវត្តមាននៅទីនោះ៕


រាជធានីភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះបើកសវនាការកាត់ទោសខ្មាន់កាំភ្លើងឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែលបានធ្វើសកម្មភាពបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គម នៅកម្ពុជា។
ជនជាប់ចោទមានឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ អាយុ៣៨ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីបាញ់សម្លាប់លោក កែម ឡី នៅក្នុងស្តាប់ម៉ាត នៃស្ថានីយសាំងកាលតិចស្តុបបូកគោ កាលពីម៉ោង៨ និង៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
ជាមួយគ្នានោះតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ «ជួប សម្លាប់» ចំនួន២ករណី ដែលធ្វើឱ្យរូបគេប្រឈម នឹងការជាប់ពន្ធនាគារមួយជីវិត ក្នុងនោះរួមមានបទឃាតកម្មគិតទុកជាមុន និងបទកាន់កាប់អាវុធគ្មានការអនុញ្ញាត៕

ដោយ៖សន ចាន់ឌី
ខេត្តរតនគិរី៖នៅស្រុកវ៉ើនសៃមានការដឹកជញ្ជូនឈើប្រណិតប្រភេទធ្នង់ជាច្រើនដុំដោយមានការឃុបឃិតពីមន្ត្រីជំនាញនៅក្នុងស្រុកនេះរួមមានមេប៉េអឹមស្រុក ប៉ូលិសសេដ្ឋកិច្ចក្រសួង ជំនាញមេព្រៃសង្កាត់-ផ្នែក រួមគ្នាកើបយកលុយពីឈ្មួញជនជាតិវៀតណាម ជាច្រើនអ្នកដែលជាអ្នកទិញឈើទាំងនោះ តែការដឹកជញ្ជូនគឺសុទ្ធរថយន្តរបស់ខ្មែរដែលមានខ្នងបង្អែកជាមន្ត្រីមូលដ្ឋាន ជាក់ស្តែងប៉ុន្មានថ្ងៃនេះមានការដឹកជញ្ជូនឈើឆ្លងកាត់ទន្លេនៅស្រុកវ៉ើនសៃត្រង់ចំណុចកំពង់ដរ ដោយឈើប្រណិតទាំងនោះគេដឹកពីត្រើយខាងកើត ដោយកាប់ពីព្រៃហាមឃាត់ ជាតំបន់អភិរក្សសត្វព្រៃ និងព្រៃសហគមន៍យកមកគរទុកនៅចំណុចភូមិហ្វាំង ឃុំប៉ុង ស្រុកវ៉ើនសៃ ខេត្តរតនគិរី ហើយដឹកបន្តចូលក្រុងបានលុងដោយរថយន្តសាំយ៉ុង ហាយឡេឌ័រ ណាវ៉ារ៉ា រថយន្តត្រូពិច ហើយក៏ដឹកបន្តយកទៅលក់នៅប្រទេសវៀតណាមជារៀងរាល់ថ្ងៃ និងយប់។ ដោយរថយន្តទាំងនោះឆ្លងកាត់ស្រុកអូរជុំក្នុងនោះមានអធិការស្រុក ប៉ូលិសប៉ុស្តិ៍ ប៉េអឹមស្រុក សង្កាត់និងផ្នែករដ្ឋបាលព្រៃឈើវ៉ើនសៃ ប៉ុន្តែពុំមានកម្លាំងជំនាញណាមួយឃាត់រថយន្តដឹកឈើនោះទេ ព្រោះម្ចាស់ឈើបានបង់ខែ បង់ថ្ងៃរួចអស់ទៅហើយ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេភូមិហ្វាំង ឃុំប៉ុង បានប្រាប់ឲ្យអ្នកសារពត៌មានដឹងថា ឈើដែរគរទុកនៅមាត់ទន្លេទាំងនោះគឺឈើមេប៉េអឹមស្រុកវ៉ើនសៃដែលគេស្គាល់ឈ្មោះថាហ៊ន ដែលពួកកែរកសេដ្ឋកិច្ចជូនមេៗក្នុងខេត្ត និងធ្វើមានខ្លួនឯងផង។ ដូច្នេះប្រជាពលរដ្ឋនៅក្នុងស្រុកវ៉ើនសៃ និងក្រុងបានលុង សូមពរសុំអោយឯកឧត្តមសៅ សុខា ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់សិទ្ធិអោយដើរបង្ក្រាបបទល្មើសព្រៃឈើទូទាំងប្រទេសនោះ មើលមេប៉េអឹមខេត្តរតនគិរីផង ព្រោះរាល់ថ្ងៃទាំងមេ ទាំងកូន ខំប្រឹករកសេដ្ឋកិច្ចខ្លាំងណាស់គឺការជំនួញឈើប្រណិតនេះតែម្តង៕


ខេត្តរតនគិរី៖មន្ត្រីបរិស្ថានប្រចាំការនៅចំណុចអូរវ៉ាក់ ក្នុងស្រុកលំផាត់ ប្រមូលទិញឈើប្រណីតពីក្នុងដែនជម្រកសត្វព្រៃលំផាត់មកលាក់ស្តុកទុកក្នុងព្រៃឫស្សីក្រោយស្នាក់ការសំរាប់ទុកលក់អោយឈ្មួញ។ហេតុការណ៍នោះបានកើតឡើងជាច្រើនខែមកហើយ ជាក់ស្តែងនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ នេះតែម្តង គេសង្កេតឃើញឈើប្រណិតប្រភេទធ្នុងរាប់ពាន់ដុំ និងគោយន្តកន្ត្រៃចំនួន២គ្រឿងលាក់ទុកក្នុងព្រៃឫស្សីក្បែរទីស្នាក់ការ។
បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា រយៈពេលជាច្រើនខែមកហើយគេសង្កេតឃើញមន្ត្រីបរិស្ថានខាងលើនេះមានគោយន្តកន្ត្រៃ២-៣គ្រឿងបានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីក្នុងព្រៃមកលាក់ទុកនៅក្នុងព្រៃឫស្សីក្រោយទីស្នាក់ការដើម្បីទុកលក់អោយឈ្មួញដឹកតាមសាំយ៉ុងនៅពេលយប់ស្ងាត់ ក្រោយពីរថយន្តចេញចូលញឹកញាប់ក្បែរទីស្នាក់ការមន្ត្រីបរិស្ថានទាំងនោះបានបូមទឹកស្រោចដីតាមផ្លូវដើម្បីលុបបំបាត់ដានរថយន្តទៀតផង។
ពាក់ព័ន្ធករណីដែលមន្ត្រីបរិស្ថានលាក់ឈើប្រណិតទុកខាងក្រោយទីស្នាក់ការដែនជម្រកសត្វព្រៃនៅអូររវ៉ាក់នោះ លោកនូវ ថេរ អភិបាលស្រុកលំផាត់ លោកថាមិនបានដឹងទេ ចាំលោកសួរទៅប្រធានមន្ទីរបរិស្ថានសិន។
ហើយឈើប្រណិតទាំងអស់នេះបន្ទាប់ពីបែកការត្រូវមន្ត្រីបរិស្ថានធ្វើការជាំឡប់ឡែចាប់ឈើប្រណិតនេះវិញ។
ជុំវិញមន្ត្រីដែនជម្រកប្រមូលទិញឈើប្រណិតមកស្តុកទុកខាងក្រោយស្នាក់ការដើម្បីទុកលក់អោយឈ្មួញនេះដែរលោកអ៊ូ សុធី នាយកដែនជម្រកសត្វព្រៃលំផាត់ និងកូនប្រុសដែលត្រូវជាប្រធានស្នាក់ការដែនជម្រកមិនអាចសុំការបំភ្លឺណាមួយបានទេនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ៕


បាល់ទាត់៖នៅថ្ងៃស្អែកនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងមានការរៀបចំសន្និសីទកាសែតមួយដើម្បីប្រកាសជាផ្លូវការនូវសមាសភាពនៃគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា គ្រាដែលគេនៅមិនទាន់ដឹងថា គ្រូបង្វឹករូបនេះអាចជាលោក LEE TEA HOON ដដែលឬយ៉ាងណានោះទេ។ នេះបើយោងតាមការឲ្យដឹងពី CFF។
គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងវ័យ៥៥ឆ្នាំរូបនេះបានប្រកាសថា លោកនឹងមិនបន្តកុងត្រាជាគ្រូបង្វឹកក្រុមគោព្រៃកម្ពុជាបន្តទៀតទេ ក្រោយពីជ្រុះចេញពីការប្រកួត AFF SUZUKI CUP ២០១៦ ត្រឹមវគ្គជម្រុះតាមពូលនោះនិងកីឡាករមិនស្តាប់កាណែនាំរបស់លោកនោះ។
តែយ៉ាងណាមិញ លោកបានបញ្ជាក់ បើសិនសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផ្ដល់ឱកាសឲ្យលោកដឹកនាំជាថ្មី លោកប្ដេជ្ញារឹតបន្តឹងក្រុមជម្រើសជាតិកម្ពុជាឲ្យបានកាន់តែខ្លាំង ពិសេសគឺកីឡាករណាដែលមិនស្ដាប់ការណែនាំទាំងអស់នឹងមិនត្រូវបានកោះហៅឡើយ គឺដើម្បីផ្តល់ឱកាសឲ្យកីឡាករក្មេងៗ ដែលមានសមត្ថភាពវិញម្ដង៕

ដោយ៖ប៉ែន សុផល
បាត់ដំបង៖ថៃបានបញ្ជូនខ្លួនពលករខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន៣១៥នាក់មកកម្ពុជាវិញ ដែលការបញ្ជូននេះធ្វើឡើងនៅវេលាម៉ោង១៥ និង១០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ តាមច្រកទ្វារអន្តរជាតិដូងស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
លោក ឈុន វឿន មន្ត្រីអាវុធហត្ថប្រចាំការនៅច្រកទ្វារអន្តរជាតិដូងបានបញ្ជាក់ប្រាប់អោយដឹងថា៖ពលករខ្មែរដែលត្រូវបានថៃបញ្ជូនអោយមកកម្ពុជាពេលនេះសរុបចំនួន ៣១៥នាក់ក្នុងនោះស្រី១៤៧នាក់ដែលពួកគាត់បានលួចឆ្លងដែនទៅធ្វើការដោយគ្មានច្បាប់ទម្លាប់នៅក្នុងទឹកដីថៃ។
លោកបន្តថា៖ការដែលថៃបញ្ជូនក្រុមពលករខ្មែរអោយវិលត្រឡប់មកកម្ពុជាវិញនៅពេលនេះ គឺគ្រាន់តែអោយពួកគាត់បានបំពេញបែបបទធ្វើលិខិតស្នាមអោយបានត្រឹមត្រូវស្រប ទៅតាមច្បាប់ដើម្បីងាយស្រួលស្វែងរកការងារធ្វើនិងមិនមានការភ័យខ្លាចរត់គេចពីសមត្ថកិច្ចក្នុងការតាមចាប់ខ្លួន៕


រាជធានីភ្នំពេញ៖លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ កាលពីរសៀលម្សិលមិញបានដឹកនាំអភិបាលរងលោក ឃួង ស្រេង ស្នងការនគរបាល និងមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធជាច្រើននាក់ ចុះទៅពិនិត្យផ្ទាល់ នៅទីតាំងត្រពាំងឈូក ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខណដែលទីតាំងនេះ ជាសំបុកគ្រឿងញៀនដ៏ធំក្នុងរាជធានីភ្នំពេញ ។
យោងតាមរបាយការណ៍យុទ្ធនាការបង្ក្រាបគ្រឿងញៀននៅភូមិត្រពាំងឈូក ក្នុងរយៈពេល២ខែ គិតចាប់តាំងពីដើមខែមករា រហូតមកដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន២៣១នាក់ ក្នុងនោះ មានមនុស្សស្រីចំនួន១៨នាក់ រឹបអូសថ្នាំញៀនបានចំនួន៧១កញ្ចប់ និង២០គ្រាប់ ។
ចំណែក ការរុះរើបន្ទប់ផ្ទះជួលបានចំនួន៩៨បន្ទប់ ក្នុងចំណោមផ្ទះជួលទាំងអស់១០៨បន្ទប់នៅតំបន់នោះ ដែលការរុះរើដោយបង្ខំ នេះធ្វើឡើង បន្ទាប់ពីអាជ្ញាធរជូនដំណឹងឲ្យម្ចាស់រុះរើដោយខ្លួនឯង តែគេមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។
តាមការស្រង់ស្ថិតិប្រជាជនរស់នៅ ក្នុងតំបន់ភូមិត្រពាំងឈូក នោះ គឺ មានប្រជាជនសរុបចំនួន២៩៨៤នាក់ ក្នុងនោះមាននុស្សស្រីចំនួន១៤៤៦នាក់ ចែកជា៦៦៣គ្រួសារ និងមានផ្ទះចំនួន៣៩៨ខ្នង ឬស្មើ៣៩៨ក្បាលដីឡូត៍៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍