រាជធានីភ្នំពេញ៖បន្ទាប់ពីជំនួបចរចាបន្តវប្បធម៌សន្ទនាជាថ្មីរហូតលើកលែងទោសលោក កឹម សុខា ឲ្យមានសេរីភាព មន្ត្រីបក្សប្រឆាំងបានអះអាងថា នឹងមានការពិភាក្សាគ្នារវាងគណបក្សទាំង២ ដើម្បីដោះលែងមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រី គ.ជ.ប នាចុងខែធ្នូនេះ ។
ប៉ុន្តែចុងខែបានមកដល់ហើយទាំង មន្ត្រីបក្សកាន់អំណាច និងបក្សប្រឆាំង សុទ្ធតែអះអាងប្រហាក់ប្រហែលគ្នាថា គ្មានជំនួបកំពូលណាមួយ ធ្វើឡើង នៅចុងខែធ្នូនេះ ដើម្បីឈានទៅដោះលែងអ្នកការពារសិទ្ធិមនុស្ស ដូចដែលបានអះអាងកន្លងទៅនោះទេ ។ ដូច្នេះមានន័យថា មន្ត្រីទាំងអស់នោះបន្តដេកគុគដដែល ។
សូមជម្រាបថា មន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤រូបគឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី និងមន្ត្រី គ.ជ.ប លោក នី ចរិយា ត្រូវបានតុលាការ សម្រេចឲ្យឃុំខ្លួននៅពន្ធគារបណ្តោះអាសន្នជិត៨ខែមកហើយ ចោទប្រកាន់ពីបទសូកប៉ាន់សាក្សីពាក់ព័ន្ធនឹង សំណុំរឿងស្នេហាដ៏ចម្រូងចម្រាស់ជាមួយ របស់មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ដែលគេចាត់ទុកថាជារឿងនយោបាយ៕

រាជធានីភ្នំពេញ៖ចាប់ពីឆ្នាំ២០១៧ ទៅរាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ឈប់ការអនុញ្ញាតឲ្យនាំចូលប្រេង តាមមាត់ច្រកផ្លូវគោកជាស្ថាពរ ហើយនេះបើតាមសេចក្ដីប្រកាសរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
យោងតាមតាមសេចក្ដីប្រកាស ដែលអ្នកសារព័ត៌មានទទួលបានគឺ មូលហេតុនៃការបញ្ឈប់ការនាំចូលនេះ ដើម្បីរក្សាបាននូវចីរភាព ចំណូលពន្ធអាករ ក៏ដូចជាការចាំបាច់ចំពោះមុខ ក្នុងការពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងលើកកម្ពស់អនុលោមភាព នៃការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕

ភ្នំពេញ៖បុរសម្នាក់ដែលរងរបួសដោយគ្រាប់កាំភ្លើងAKចំនួន២គ្រាប់ចំពោះផ្នែកខាងស្តាំឥលូវបានស្លាប់បាត់បង់ជីវិតដោយសារស្ថានភាពរងបួសធ្ងន់ធរ ដោយគ្មានពាក្យផ្តាំផ្ញើសូម្បី១ម៉ាត់បន្សល់ទុកអោយស្ត្រីម្នាក់មេម៉ាយ និងកូន២នាក់កំព្រា ហេតុការណ៍ដ៏អកុសលនេះកើតឡើងនៅវេលាម៉ោង៤ទាបភ្លឺថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦។
គួររំលឹកថាកាលពីវេលាម៉ោង៨ និង៤០ នាទីយប់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រៃក្រាយ សង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ មានក្រុមចោរប្លន់យ៉ាងព្រៃផ្សៃដែលមានគ្នាចំនួន៧នាក់ ប្រដាប់ដោយអាវុធAK៦ដើម ចូលប្លន់ដល់ក្នុងផ្ទះថៅកែរោងម៉ាស៊ីនកិនស្រូវហើយផ្ទុះអាវុធចំនួន៥គ្រាប់បណ្តាលអោយបុរសម្នាក់រងរបួសចំពោះចំនួន២គ្រាប់ ហើយសំភារៈដែលក្រុមចោរនោះប្លន់បានមានលុយ៥០០ដូល្លារ ខ្សែកផ្លាកទីនមួយខ្សែ ក្រវឹលមួយគូ ខ្សែដៃមួយ សរុបទម្ងន់៦ជី ហើយបានគេចខ្លួនបានដោយសុវត្ថិភាព។
បុរសដែលបានស្លាប់បាត់បង់ជីវិតនោះឈ្មោះ រី សុភាព អាយុ៤៣ឆ្នាំ ប្រពន្ធឈ្មោះ ខេង សៀន អាយុ៤៨ឆ្នាំ មានកូនប្រុស១និងកូនស្រីម្នាក់ ស្នាក់នៅក្បែរផ្ទះកើតហេតុដែលត្រូវជាប្អូនជីដូនមួយនឹងគ្នា។
លោកទោះយ៉ាងណាក៏ដោយ លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យកំពុងខិតខំធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីវែកមុខជនទាំនោះមកផ្តោនាទោសតាមផ្លូវច្បាប់ ចំណែកសពត្រូវបានក្រុមគ្រួសារដឹកយកមកដើម្បីធ្វើបុណ្យតាមប្រពៃណី៕ បញា



បាល់ទាត់៖អតីតខ្សែបម្រើភ្នំពេញក្រោន ធារី ចន្ថាប៊ីន បានចុះកុងត្រាលេងនៅក្លឹប Krabi FC លីគទី២ របស់ថៃចំនួន៣ឆ្នាំ ជាផ្លូវការហើយ។ នេះបើយោងតាមការបញ្ជាក់ចុងក្រោយអ្នកចាត់ការទូទៅរបស់ក្លឹបក្រសួងការពារជាតិកាលពីម្សិលមិញនេះ។
កីឡាករកូនកាត់ខ្មែរ-បារាំងរូបនេះ បានផុតកុងត្រាពីក្លឹបភ្នំពេញក្រោន ត្រឹមរដូវកាលឆ្នាំ២០១៦។ ក្រោយមកកីឡាកររូបនេះបានទៅធ្វើតេស្តនៅថៃ ទើបជាប់បានលេងនៅក្លឹបនៃលីគទី ២នេះតែម្ដង។
យ៉ាងណាមិញ ធារី ចន្ថាប៊ីន ប្រហែលជាថ្ងៃច័ន្ទនឹងត្រឡប់ទៅថៃវិញ បន្ទាប់ពីបានហ្វឹកហាត់នៅក្លឹបក្រសួងការពារជាតិមួយរយៈពេលខ្លីមកនេះ។ ធារី មកហ្វឹកហាត់នៅក្លឹបរបស់លោកព្រោះមិនចង់ឲ្យទម្រង់លេងធ្លាក់ចុះ៕

ខេត្តរតនគិរី៖មានករណីបាក់រណ្តៅត្បូងមួយកន្លែងបណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិត ហេតុការណ៍បាក់រណ្តៅត្បូងនេះកើតឡើងកាលពីវេលាម៉ោង១ និង៤៥នាទីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចបរកែវចាស់ក្រោយសាលាអនុវិទ្យាលយ័បរកែវ ស្ថិតនៅភូមិ១ ឃុំ ឡាមិញ ស្រុកបកែវ ខេត្តរតនគិរី។
តាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទឹម ម៉ាញ ភេទ ប្រុសអាយុ២៨ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ១ (បរកែវចាស់) ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។
បច្ចុប្បន្នសពត្រូវបានសាច់ញាតិ កំពុងនាំគ្នាជីករណ្តៅថ្មីដើម្បីយកសាកសពចេញ នឹងយកទៅធ្វើបុណ្យតាមប្រពៃណី។
គួររំលឹកផងដែរថា ករណីបាក់រណ្តៅត្បូងបណ្តាលឲ្យមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃនេះ ពុំមានឃើញអាជ្ញាធរមូលដ្ឋានចុះហាមឃាត់ឡើយឬមួយដោយសារលាភសក្ការៈ? ៕


រាជធានីភ្នំពេញ៖ទីបំផុតតុលាការរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលោកមេធាវី ពេជ រតនា ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ តែអនុវត្តទោសត្រឹម២ឆ្នាំប៉ុណ្ណោះ ដោយជាប់ចោទពីបទប៉ុនប៉ងសូកប៉ាន់ចៅក្រម។
លោកមេធាវី ពេជ រតនា សារភាពថា លោកពិតជាបានយកប្រាក់មួយចំនួន ដើម្បីសូកប៉ាន់ចៅក្រមស៊ើបសួរ ដើម្បីកុំឲ្យឃុំខ្លួនកូនក្ដីប្រាកដមែន ។ ប៉ុន្តែចៅក្រម ពុំព្រមទទួល រួចក៏ត្រូវសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនតែម្តង។ លោកមេធាវី ពេជ រតនា សារភាពបែបនេះនាសវនាការកាលព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅសាលាដំបូងរាជធានីភ្នំពេញកន្លងទៅ៕

រាជធានីភ្នំពេញ៖នៅព្រឹកនេះមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានចូលជួបសួរសុខទុក្ខលោកនី ចរិយា អគ្គលេខាធិការរង គ.ជ.ប ដែលកំពុង ជាប់ឃុំក្នុងពន្ធនាគារ PJ ខណៈដែល លោក នី ចរិយា ជាប់ចោទពីបទបរិហាកេរ្តិ៍ប្តឹងដោយមន្ត្រីតុលាការខេត្តសៀមរាប ២រូប៕

ខេត្តក្រចេះ៖កាលពីវេលម៉ោង១១យប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានសិស្សសាលា៣នាក់បានបាត់ខ្លួននៅឆ្នេរខ្សាច់កោះទ្រង់ ដោយមិនដឹងមូលហេតុបង្កឲ្យមានការភ្ញាក់ផ្អើល ដែលហេតុការណ៍នេះកើតឡើងនៅនៅឆ្នេរខ្សាច់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ។
សិស្សសាលាទាំង៣នាក់នោះ ទី១-ឈ្មោះ គង់ វាសនា ទី២-ឈ្មោះ ធារាជ និងទី៣-ឈ្មោះ ហេង សុទ្ឋសឹងជាសិស្សរៀននៅក្រុងក្រចេះ។
ក្រោយបាត់ខ្លួនក្រុមគ្រួសារ និងសមត្ថកិច្ចបាននាំគ្នាចុះរាវរកនៅក្នុងទឹករហូតដល់ម៉ោង១២យប់ ដោយសង្ស័យពួកគេទាំង៣លង់ទឹក តែរកមិនឃើញ ហើយនាព្រឹកថ្ងៃទី៣០ ខែធ្នូ នេះសមត្ថកិច្ច និងក្រុមគ្រួសារសាច់ញ្ញាតិបានបន្តចុះរាវរកបន្ថែមទៀត៕


ខេត្តរតនគិរី៖ឈើលេខ១មុខយក្ស១២គុណ៤០ឬ៦០គុណ២,២ម៉ែត្រចំនួន៧២ដុំត្រូវបានបង្ក្រាបក្រោមការសម្របសម្រួល ដោយព្រះរាជអជ្ញារងលោកជា សុភ័ក្ត្រ កាលពីថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០១៦ស្ថិតនៅក្នុងចំការកៅស៊ូ ភូមិបាលែ ឃុំ ម៉ាលិច ស្រុកអណ្តូងមាស ខេត្តរតនគិរី ដែលមានជនល្មើសឈ្មោះ ពៅ កូនចែមុំ និងតាហុង ដែលឈ្មោះ ពៅ នេះអះអាងថា ខ្លួនបច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅរាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនៃការចុះបង្ក្រាបបទល្មើសខាងលើនេះ មានការចូលរួមដោយកម្លាំង ជំនាញរដ្ឋបាលព្រៃឈើផ្នែកបរកែវ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំផ្ទាល់ដោយព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរីលោកជា សុភ័ក្ត្រ។
ក្នុងរយៈពេលនៃការបង្ក្រាបបទល្មើសខាងលើគេសង្កេតឃើញថា ម្ចាស់ឈើប្រណីតខាងលើមានចេតនា បន្ទុចបង្អាក់ចំពោះការបន្តនីតិវិធីបង្ក្រាបបទល្មើសជាក់ស្តែងរបស់កងកម្លាំងដោយគេអង្កេតឃើញថាជនប្រព្រឹត្តបទល្មើសបានខលទៅឆ្វេកឆ្វាចទៅអ្នកមានអំណាចក្នុងស្រុក និងខេត្ត ជាពិសេសជនប្រព្រឹត្តល្មើសម្នាក់នេះបាននិយាយក្តែងៗ និងថាគេខលទៅអភិបាលខេត្តសិន។ មិនតែប៉ុណ្ណោះ បុគ្គលជាជនល្មើសបានតវ៉ាផ្លូវច្បាប់ជាមួយព្រះរាជអាជ្ញាព្រមទាំងបានប្រើសំដីយកឈ្មោះថ្នាក់ដឹកនាំកំពូលខេត្ត មកជជែកចំពោះមុខ លោកព្រះរាជអជ្ញា និងកម្លាំងជំនាញរួមទាំងក្រុមអ្នកសារព័ត៌មានយ៉ាងច្រើន។
តែការអន្តរាគមន៍ស្វែងរកជំនួយពីជនល្មើសទៅកាន់មន្ត្រីធំៗក្នុងខេត្តមានអភិបាលខេត្តជាដើមនោះ មិនបានសម្រេចដូចបំណងរបស់ខ្លួននោះឡើយ ខណៈលោក ជា សុភ័ក្ត្រព្រះរាជអាជ្ញារងសាលាដំបូងខេត្តបានប្រើឆន្ទានុសិទ្ធិ តាមគតិយុត្តិច្បាប់ បង្ក្រាបបទល្មើសទល់តែបានសម្រេចយ៉ាងជោគជ័យបើទោះបទល្មើសជាក់ស្តែងខាងលើមានខាងណា ខាងណីជាអ្នកមានអំណាចបម្រុងធ្វើការរារាំងយ៉ាងច្រើនក៏ដោយចុះ។
ថ្វីត្បិតតែម្ចាស់ឈើដែលជាជនល្មើសរក្សាទុកឈើប្រណីត ដោយល្មើសច្បាប់ មិនត្រូវបានឃាត់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុមែន ប៉ុន្តែសមត្ថកិច្ចតុលាការ និងជំនាញនឹងបង្កនីតិវិធីតាមផ្លូវច្បាប់នៅពេលក្រោយក៏មិនដឹង ព្រោះជាសិទ្ធិផ្លូវច្បាប់របស់អំណាចតុលាការ។
សូមបញ្ជាក់ថា ខណៈដែលកម្លាំងប្រដាប់អាវុធមិនទាន់បានមកទាន់ជនប្រព្រឹត្តបទល្មើសបានគេចខ្លួនបាត់អាចសង្ស័យថា មានអ្នកការពារជាមន្ត្រីៗដែលគេស្នើសុំអន្តរាគមន៍នោះពន្យល់ផ្លូវច្បាប់បានមុន។
លោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើបរកែវ បានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មាននៅកន្លែងកំពុងបង្ក្រាបថា ឈើប្រណីតទាំងនេះត្រូវដឹកតាមរថយន្តឈ្នួលទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបរកែរ ដើម្បីចាត់ការបន្ត៕




អូស្ត្រាលី៖ប៉ូលិសអូស្ត្រាលីបាននិយាយកាលពីម្សិលមិញថា សម្បុកកូកាអ៊ីនដ៏ធំមួយត្រូវបានវាយឆ្មក់នៅក្នុងប្រតិបត្តិការរួមគ្នាជាមួយប្រទេសតាហ៊ីទីដោយក្នុងនោះកូកាអ៊ីនទម្ងន់១.១តោនស្មើនឹងទឹកប្រាក់រាប់រយលានដុល្លារត្រូវរឹបអូសបាន។
ជំនួយការស្នងការប៉ូលិសសហព័ន្ធអូស្ត្រាលីលោក Chris Sheehan បាននិយាយថា “ទំហំនៃការរឹបអូសបាននេះគឺបានធ្វើឲ្យវាក្លាយទៅជាកូកាអ៊ីនក្នុងទំហំធំបំផុតដែលត្រូវរឹបអូសបាននៅក្នុងប្រវត្តិសាស្ត្ររបស់កងកម្លាំងអនុវត្តច្បាប់របស់អូស្ត្រាលី”។
តម្លៃតាមផ្លូវនៃកូកាអ៊ីនដែលបាននាំចេញពីតំបន់អាមេរិកខាងត្បូងទៅកាន់តំបន់ប៉ាស៊ីហ្វិកខាងត្បូងគឺត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន៣៦០លានដុល្លារអូស្ត្រាលីស្មើនឹង២៦០លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា ការស៊ើបអង្កេតបានចាប់ផ្តើមកាលពីជាងពីរឆ្នាំកន្លងមកនេះបន្ទាប់ពីមានតម្រុយពីសាធារណជន៕

រាជធានីភ្នំពេញ៖ជនសង្ស័យធ្វើសកម្មភាពកាប់សម្លាប់បុរសម្នាក់បណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាមគួរឲ្យរន្ធត់ ដោយសារតែខឹងរឿងជំពាក់លុយមិនសង ដែលហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវ១៤០ ផ្ទះជួលជាន់ទី៣ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុអ្នកជិតខាងបន្ទប់នោះបានលឺសំលេងស្រែក “ហ្អែងកុំកាប់អញ ចាំអញសងលុយហ្អែង” មួយសន្ទុះក្រោយមកក៏ស្ងាត់បាត់សំលេងទៅវិញ។ ក្រោយមកសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ ហើយចូលមើលក្នុងផ្ទះក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមនៅជិតផ្លូវចូលតែម្តង។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរងគ្រោះត្រូវបានឃាតករសម្លាប់ ដោយសារតែរឿងជំពាក់លុយមិនសង។ ពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវបន្ថែម ដើម្បីស្វែងរកមុខឃាតករមកផ្តន្ទាទោសតាមច្បាប់៕


ហ្វីលីពីន៖ប៉ូលិសនិងមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា មនុស្សយ៉ាងហោចណាស់៣២នាក់បានរងរបួសនៅពេលគ្រាប់បែកចំនួនពីរគ្រាប់បានផ្ទុះខណៈពេលដែលពួកគេមើលការប្រកួតប្រដាល់នៅទីប្រជុំជនភាគកណ្តាលប្រទេសហ្វីលីពីនអំឡុងពិធីបុណ្យឈប់សម្រាកប្រចាំឆ្នាំមួយ។
អ្នករបួស១៦នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនានាខណៈមនុស្ស១៦នាក់ផ្សេងទៀតបានត្រឡប់ទៅផ្ទះវិញបន្ទាប់ពីការព្យាបាលក្នុងទីប្រជុំជន Hilongos នៃខេត្ត Leyte ។ នេះបើតាមការឲ្យដឹងពីលោកស្រី Jenyzen Enciso ដែលជាអ្នកនាំពាក្យប៉ូលិសខេត្ត។
លោកស្រីបាននិយាយថា ប៉ូលិសបានរកឃើញសម្បកគ្រាប់កាំភ្លើងត្បាល់៨១មីលីម៉ែត្រចំនួនមួយនិងទូរស័ព្ទដៃមួយគ្រឿងដែលជាក់ស្តែងត្រូវបានប្រើក្នុងការបំផ្ទុះគ្រាប់បែកច្នៃនេះ។
ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេហើយក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមដើម្បីកំណត់អត្តសញ្ញាណអ្នកវាយប្រហារ។
គួរបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះក៏រួមមានកុមារយ៉ាងហោចណាស់១០នាក់ផងដែរដែលមានអាយុចន្លោះពី៧ទៅ១៥ឆ្នាំ៕

រាជធានីភ្នំពេញ៖តំណាងរាស្ត្របក្សប្រឆាំងបានប្រតិកម្មភ្លាមៗថា យើងមិនអាចទទួលយកការបំភ្លឺរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅសភាកាលពីព្រឹកមិញនោះទេ ។ ជាក់ស្តែងយើងបានចោទសួរសំណួរដូចជា ការបាត់លុយមូលនិធិសកល៤១ម៉ឺនដុល្លារ និងការលក់មន្ទីរពេទ្យរដ្ឋមួយចំនួនទៀត ។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងសុខាភិបាលឆ្លើយថា លោកបានធ្វើកិច្ចការដោយគោរពតាមនីតិវិធីរបស់រដ្ឋទាំងអស់។
តំណាងរាស្ត្របក្សប្រឆាំងបានបញ្ជាក់ថា យើងចោទសួររឿងលក់អាគារមន្ទីរពេទ្យចំការមន តែលោក ម៉ម ប៊ុនហេង ឆ្លើយថា ចំពោះពេទ្យចំការមន គឺអាជ្ញាធររាជធានីភ្នំពេញ មានគំរោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនក្នុងវិស័យសុខាភិបាល ហើយយើងខ្ញុំក៏ឯកភាពដើម្បីឲ្យអនុវត្តទៅតាមនីតិវិធីរដ្ឋដែលមានផងដែរ ។
លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានថ្លែងថា ការឆ្លើយរបស់លោក ម៉ម ប៊ុនហេង គឺមិនចំសំណួរ ហើយថាការបំភ្លឺនេះគឺជាគេចវេសពីការទទួលខុសត្រូវ។ ករណីដូចរឿងការបាត់បង់មូលនិធិសកលក្នុងការទិញមុង គឺធម្មតាមូលនិធិសកលគេអ្នកផ្តល់ជំនួយឲ្យក្រសួងសុខាភិបាលចាត់ចែង ហើយអ្នកដែលធ្វើឲ្យបាត់មូលនិធិហ្នឹង គឺមន្ត្រីក្រសួងសុខាភិបាល ។ ដូច្នេះក្រសួងសុខាភិបាលក៏ដូចជាក្រសូងនានារបស់រដ្ឋដែរតែងតែមានសវនកម្មផ្ទៃក្នុង ដើម្បីស៊ើបអង្កេតមើលរឿងហ្នឹង ថាតើបាត់យ៉ាងម៉េច ដាក់ទណ្ឌកម្មយ៉ាងម៉េច។ បើខ្លួនថាវាហួសសមត្ថកិច្ចក្នុងការដាក់ទណ្ឌកម្ម នោះបានគេរុញឬប្តឹងទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយ បានគេចាត់វិធានការថែមទៀត។ ប៉ុន្តែមកដល់នេះ យើងអត់ឃើញមានមន្ត្រីណាជាប់គុកផងហ្នឹង គឺវាស្ងាត់ទៅវិញទៅ ។
លោក អេង ឆៃអ៊ាង លើកឡើងថា រឿងដោះដូរមន្ទីរពេទ្យ រដ្ឋច្រើនណាស់ អាគារក្រសួងសុខាភិបាលហ្នឹង គឺការដោះដូរអត់មានតម្លាភាព ។ លោកបន្តថា នៅមន្ទីរពេទ្យចំការមនជាប់វិមានឯករាជ្យនេះ យើងអត់ដឹងថាការដោះដូរអាគារហ្នឹងដោះដូរយកទៅណា លក់របៀបម៉េច បានតម្លៃប៉ុន្មាន គឺអត់។ ហើយដូចការដោះដូរមន្ទីសម្ពពក្រុងមុខបុរីកីឡាក៏អត់ដឹង គាត់ឆ្លើយអត់ច្បាស់លាស់។ អ្វីដែលគួរហួសចិត្ត គឺការដោះដូរមជ្ឈមណ្ឌលជាតិកំចាត់ជំងឺគ្រុនចាញ់ គេវ៉ៃតម្លៃឆ្នាំ២០១២ អាគាររដ្ឋមួយការ៉េតែ១៥០០ដុល្លារ ដែលតម្លៃទីផ្សារ៣៥០០ដុល្លារ» ។
យ៉ាងណាក៏ដោយ លោក អេង ឆៃអ៊ាង បញ្ជាក់ថា រឿងនេះមិនអាចបញ្ចប់ត្រឹមនេះទេ ប៉ុន្តែតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនឹងប្រជុំផ្ទៃក្នុងសិនថានឹងធ្វើអីទៀត ៕

អាល្លឺម៉ង់៖ប៉ូលិសអាល្លឺម៉ង់កាលពីថ្ងៃពុធបានឃុំខ្លួនជនជាតិទុយនេស៊ីម្នាក់ដែលពួកគេជឿថាអាចមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនៅទីផ្សារលក់ផលិតផលបុណ្យណូអែលក្នុងទីក្រុងប៊ែកឡាំងដោយចោទប្រកាន់គាត់ថា មានទំនាក់ទំនងជាមួយលោក Anis Amri ដែលជាជនសង្ស័យវាយប្រហារហើយត្រូវបានបាញ់សម្លាប់ក្នុងប្រទេសអ៊ីតាលីកាលពីសប្តាហ៍មុន។
នេះគឺជាការចាប់ខ្លួនលើកដំបូងនៅក្នុងប្រទេសអាល្លឺម៉ង់ដោយក្រុមអ្នកស៊ើបអង្កេតដែលកំពុងព្យាយាមរកឲ្យឃើញថាតើ Amri មានអ្នកចូលរួមផ្សុំគំនិតដែរឬក៏អត់នៅក្នុងការវាយប្រហារថ្ងៃ១៩ខែធ្នូនៅពេលដែលគាត់ប្លន់រថយន្តដឹកទំនិញមួយគ្រឿងនិងបានបើកវាចូលទៅក្នុងទីផ្សារបុណ្យណូអែលទីក្រុងប៊ែកឡាំងដោយបានសម្លាប់មនុស្សចំនួន១២នាក់។
ការិយាល័យរបស់រដ្ឋអាជ្ញាសហព័ន្ធបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជនសង្ស័យដែលបានស្លាប់ឈ្មោះ Anis បានកត់លេខទូរស័ព្ទរបស់ជនជាតិទុយនេស៊ីវ័យ៤០ឆ្នាំម្នាក់នេះនៅក្នុងទូរស័ព្ទរបស់គាត់។ ការស៊ើបអង្កេតបានបង្ហាញថា គាត់អាចមានការពាក់ព័ន្ធនៅក្នុងការវាយប្រហារនេះ”។
ជនសង្ស័យរូបនេះត្រូវបានគេយកទៅឃុំឃាំងនៅព្រឹកថ្ងៃពុធបន្ទាប់ពីមន្ត្រីប៉ូលិសសហព័ន្ធបានឆែកឆេរផ្ទះក្នុងទីក្រុងប៊ែកឡាំងនិងអគារការងាររបស់គាត់។
លោក Amri វ័យ២៤ឆ្នាំបានរត់គេចហើយត្រូវបានផ្តោតអារម្មណ៍នៃការតាមប្រមាញ់រយៈពេលបួនថ្ងៃមុនពេលត្រូវបានបាញ់សម្លាប់ដោយប៉ូលិសនៅក្នុងទីក្រុង មីឡេន ភាគខាងជើងប្រទេសអ៊ីតាលីបន្ទាប់ពីគាត់បានបាញ់ដាក់ប៉ូលិសមុន។
ប៉ូលិសអាល្លឺម៉ង់បាននិយាយថា ពួកគេបានរកឃើញស្នាមម្រាមដៃនិងលិខិតអនុញ្ញាតលំនៅដ្ឋានបណ្តោះអាសន្នរបស់គាត់នៅលើឡានដែលប្រើក្នុងការវាយប្រហារទីក្រុងប៊ែកឡាំង។
ការវាយប្រហារនៅទីក្រុងប៊ែកឡាំងនេះត្រូវបានអះអាងដោយក្រុមរដ្ឋឥស្លាមដែលបានចេញផ្សាយវីដេអូមួយកាលពីថ្ងៃសុក្រមុនដែលបង្ហាញពី Amri កំពុងសច្ចាចងសម្ព័ន្ធភាពទៅនឹងមេក្រុម IS លោក Abu Bakr al-Baghdadi ៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍