រាជធានីភ្នំពេញ ៖គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០១៦ម្សិលមិញនេះមានប្រជាពលរដ្ឋខ្មែរចំនួន៧,៣០៤,៦៦៣នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តី ប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)៕
បាល់ទាត់ ៖ខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Wayne Rooney ត្រូវបានគ្រូបង្វឹកបណ្ដោះអាសន្នជម្រើសជាតិអង់គ្លេស លោក Gareth Southgate ដកចេញពីតំណែងប្រធានក្រុម។
យោងតាមសារព័ត៌មាន The sun បានផ្សាយការសម្រេចដកតំណែងនេះបន្ទាប់ពីកីឡាកររូបនេះផឹកគ្រឿងស្រវឹងជ្រុល ខុសនឹងវិន័យរបស់ក្រុម ក្នុងពិធីជប់លៀងមួយ អំឡុងពេលជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិកាលពីថ្ងៃអាទិត្យ។
ដោយឡែកបើតាមសហព័ន្ធបាល់ទាត់អង់គ្លេស (FA) បានឲ្យដឹងថា គ្រូបង្វឹក Southgate បានប្រាប់ឲ្យកីឡាករអង់គ្លេសទាំងអស់ រួមទាំងប្រធានក្រុម Rooney ប្រញាប់ចូលគេង ប៉ុន្តែកីឡាករវ័យ៣១ឆ្នាំ បែរជាលួចទៅចូលរួមពិធីជប់លៀងអាពាហ៍ពិពាហ៍រហូតដល់ម៉ោង៥ជិតភ្លឺ នៅសណ្ឋាគារ The Grove ថែមទាំងត្រូវបានគេថតជាប់ផឹកស្រវឹងជាមួយស្រីៗ២នាក់ទៀតផង។
គួរបញ្ជាក់ថា FA គ្រោងនឹងប្រកាសតែងតាំងលោក Southgate ជាគ្រូបង្វឹកក្រុមអង់គ្លេសផ្លូវការនៅចុងខែនេះ៕
កីឡា ៖ក្លឹប MK Dons ដែលជាក្លឹបទើបតែបង្កើតថ្មីក្នុងឆ្នាំ ២០០៤ កំពុងលេងនៅក្របខ័ណ្ឌ League One ត្រូវបានគេរាយការណ៍កំពុងទាក់ទងអតីតសមាជិកក្រុម Liverpool និងជម្រើសជាតិអង់គ្លេស Steven Gerrard ទៅកាន់តំណែងអ្នកចាត់ការទូទៅជំនួសលោក Karl Robinson ។
ចាប់តាំងពីថ្ងៃដែលប្រកាសចេញពី LA Galaxy មូលដ្ឋាននៅអាមេរិកកាលពីពេលថ្មីៗ ខែក្រោយនេះខ្សែបម្រើវ័យ៣៦ឆ្នាំរូបនេះ នៅមិនទាន់សម្រេចចិត្តច្បាស់នៅឡើយថា នឹងបន្តលេងបាល់ទាត់ ឬព្យួរស្បែកជើងចូលនិវត្តន៍ ខណៈដែល Celtic និង Newcastle United ទាក់ទងទៅលេងផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ន Gerrard កាន់ UEFA A Coaching License ដែលជាសញ្ញាប័ត្រគ្រូបង្វឹកខ្ពស់កម្រិតទី២ នៅតំបន់អឺរ៉ុប៕
រាជធានីភ្នំពេញ ៖សេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ សេចក្តីប្រកាសផ្លូវការនេះ បានចេញផ្សាយឲ្យដឹងក្រោយ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានបិទបញ្ចប់នៅថ្ងៃដដែលនេះ៕
រាជធានីភ្នំពេញ ៖គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០១៦ម្សិលមិញនេះមានប្រជាពលរដ្ឋខ្មែរចំនួន៧,២៧៣,៧៤៨នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)៕
រាជធានីភ្នំពេញ ៖ជនសង្ស័យប្រដាប់អាវុធ៦នាក់ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូម៉ាក Zoomer-X ពីនិស្សិតបញ្ញាសាស្ត្រម្នាក់ទៅបាត់នៅ ខណៈជិះម៉ូតូចេញពីធ្វើធ្មេញ ដែលករណីនេះកើតឡើងកាលពីវេលាម៉ោង៧ និង១៥នាទីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្បែររបងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល តាមបណ្ដោយផ្លូវលេខ១៨៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ជនរងគ្រោះមានឈ្មោះ ទ្រីវ ជុងគាត ភេទប្រុស អាយុ២៤ឆ្នាំ ជានិស្សិតបញ្ញាសាស្ត្រ ស្នាក់នៅផ្ទះលេខ៤៥ ផ្លូវលេខ១០៧ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជិះម៉ូតូម៉ាក Zoomer-X ពណ៌ប្រផេះបិទស្កុតខៀវ ពាក់ស្លាកលេខ កណ្តាល 1S-8668 ។
ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានចេញមកពីធ្វើធ្មេញនៅជិតសាកលវិទ្យល័យមេគង្គនៅតាមបណ្តោយផ្លូវលេខ២០០២ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ គោលបំណងទៅហូបអាហារនៅម្តុំក្រោយវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ។ លុះជិះម៉ូតូមកដល់ចំណុចផ្លូវលេខ២៧១កែងផ្លូវលេខ១៨៣ ស្រាប់តែលេចមុខជនសង្ស័យប្រដាប់អាវុធ១ក្រុមមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង ១គ្រឿងម៉ាក PCX ពណ៌ស មិនចាំស្លាកលេខ ១គ្រឿងម៉ាកស៊ុយស៊ីគីនិក និង១គ្រឿងទៀតមិនចាំម៉ាក ជិះមកជិតហើយកៀរម៉ូតូជនរងគ្រោះឲ្យចូលកៀនរួចដកកាំភ្លើងខ្លីភ្ជង់គំរាមប្លន់យកម៉ូតូទៅបាត់ ប៉ុន្តែសំណាង់ល្អហើយដែលក្រុមចោរទាំងនោះមិនបានបាញ់ កុំអីមិនដឹងជាយ៉ាងណាទេ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទំនប់ទឹកដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យប្រដាប់អាវុធដែលថ្លើមធំហ៊ានចេញធ្វើសកម្មភាពទាំងក្បាលព្រលប់យកមកផ្តន្ទាទោសតាមច្បាប់៕
រាជធានីភ្នំពេញ ៖នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភាបើកកិច្ចប្រជុំពិភាក្សាលើរបៀបវារៈមួយចំនួនក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
របៀបវារៈមួយចំនួន ដែលនឹងពិភាក្សារួមមាន ការពិភាក្សាលើច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស របស់អង្គការសហប្រជាជាតិ ច្បាប់ទូទាត់ថវិកាឆ្នាំ២០១៥ និងច្បាប់ស្តីពីការ គ្រប់គ្រងថវិកាជាតិ ឆ្នាំ២០១៧ និងរបៀបវារៈផ្សេងៗមួយចំនួនទៀត។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ គណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា បើកកិច្ចប្រជុំរៀបចំរបៀបវារៈខាងលើ សម្រាប់ប្រជុំសភាពេញអង្គ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ៕
រុស្ស៊ី ៖ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសពីថ្ងៃម្សិលមិញថា គ្រាប់មីស៊ីលដែលបានទម្លាក់ពីលើយន្តហោះរុស្ស៊ីប្រភេទ Tu-95MS បានធ្លាក់ត្រូវគោលដៅក្រុមរដ្ឋអ៊ីស្លាម និងគោលដៅផ្សេងទៀតនៅក្នុងផែនការវាយប្រហារមួយចំនួនរបស់ប្រទេសរុស្ស៊ីនៅក្នុងប្រទេសស៊ីរី។
ជាមួយគ្នានេះមីស៊ីលមួយចំនួនទៀតត្រូវបានបាញ់ចេញពីតំបន់សមុទ្រម៉េឌីទែរ៉ាណេ ខណៈយន្តហោះមួយចំនួនត្រូវបានបញ្ជូនចេញពីមូលដ្ឋានទ័ពអាកាសនៅប្រទេសរុស្ស៊ីដោយធ្វើដំណើរចម្ងាយ១ម៉ឺន១ពាន់គីឡូម៉ែត្រដោយចាក់ប្រេងតាមផ្លូវធ្វើដំណើរចំនួន២ដង។
ក្រសួងការពារជាតិបានបញ្ជាក់ថា គោលដៅដែលត្រូវធ្វើការវាយប្រហរទាំងនោះមានដូចជាកន្លែងធ្វើប្រតិបត្តិការ ឃ្លាំងស្តុកគ្រឿងផ្ទុះដូចជាអាវុធ គ្រឿងផ្ទុះ និងកាំភ្លើងព្រមទាំងកន្លែងផលិតអាវុធផងដែរ៕
តួកគី ៖មនុស្សយ៉ាងហោចណាស់ចំនួន៣នាក់បានស្លាប់ ខណៈដែល១៣នាក់ផ្សេងទៀតជាប់គាំងនៅក្នុងអណ្ដូងនោះនៅឡើយ ក្នុងហេតុការណ៍បាក់ស្រុតអណ្ដូងរ៉ែស្ពាន់មួយកន្លែងនៅភាគអាគ្នេយ៍នៃប្រទេសតួកគីកាលពីយប់មិញនេះ។
អាជ្ញាធរនិយាយថា អណ្ដូងរ៉ែរបស់ឯកជននៅជិតទីក្រុងស៊ើវ៉ា នៅខេត្តស៊ើត នេះបានបាក់ធ្លាក់ក្រោយពីមានគ្រោះថ្នាក់បាក់ស្រុតដីមួយកន្លែងនៅក្នុងតំបន់នោះ។ ក្រោយពីមានគ្រោះថ្នាក់នេះហើយ អាជ្ញាធរមូលដ្ឋានបានបញ្ជូនរថយន្តសាមុយនិងក្រុមអ្នកជួយសង្គ្រោះទៅកាន់កន្លែងនោះ ហើយក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពកម្មករជីករ៉ែចំនួន៣នាក់នៅកន្លែងកើតហេតុ។
ទោះជាយ៉ាងណាភ្លាមៗនោះអាជ្ញាធរមូលដ្ឋានមិនទាន់ដឹងពីមូលហេតុពិតដែលនាំឲ្យមានគ្រោះថ្នាក់នេះនៅឡើយទេ៕
រាជធានីភ្នំពេញ ៖ក្រោយការបាញ់ប្រហារឲ្យធ្លាក់ខ្លួនពិការអស់រយៈពេល១០ឆ្នាំ តារាចម្រៀងសំឡេងរៃកណ្តឹងកញ្ញា ពៅ បញ្ញាពេជ្រ នឹងបង្ហាញខ្លួនបញ្ចេញសំនៀងជាលើកដំបូងនៅលើឆាកតន្ត្រី POCARI SWEAT ដែលមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CNC នៅថ្ងៃសុក្រ ទី១៨ ចាប់ពីម៉ោង ៧ យប់តទៅ។
ជាមួយនឹងការបង្ហាញខ្លួនគួរឲ្យភ្ញាក់ផ្អើលនេះ ពៅ បញ្ញាពេជ្រ បាននិយាយថា «ស្ថានីយ៍ទូរទស្សន៍ CNC បានផ្តល់កិតិ្តយសអោយនាងខ្ញុំបានឡើងច្រៀងក្នុងកម្មវិធីផ្សាយផ្ទាល់របស់ POCARI SWEAT នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះវេលាម៉ោង៧យប់ បងប្អូនចង់ចូលរួមទស្សនាទេ ជួបជាមួយអ្នកចំរៀងពិការ ពៅ បញ្ញាពេជ្រ»៕(ប្រភព CNC )
ភ្នំពេញ ៖ជនសង្ស័យម្នាក់បានរំលោភសេចក្តីទុកចិត្ត ពីបទខ្ចីម៉ូតូ និងយកលុយចំនួន១២០ដុល្លារទៅបាត់ ដែលហេតុការណ៍កើតឡើងតាំងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦នៅចំណុចរោងចក្រស្បែកជើងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាង ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ទិច រិទ្ធី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅមិនពិតប្រាដក ស្រុកកំណើតនៅភូមិកណ្តាល ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះឈ្មោះ មន ស្រី អាយុ៣០ឆ្នាំមុខរបរជាកម្មកររោងចក្រ ស្នាក់នៅភូមិត្រអញ្ចាញ២ សង្កាត់ត្រពាំក្រសាង ខណ្ឌពោធិ៍សែនជ័យ។
តាមការរៀបរាប់ពីជនរងគ្រោះបានអោយដឹងថា នៅមុនកើតហេតុ ជនសង្ស័យខាងលើបានទៅធ្វើតេស្តចូលធ្វើការរោងចក្រ ហើយក៏ត្រលប់ទៅផ្ទះវិញដោយខ្ចីម៉ូតូ សុំជិះទៅផ្ទះមុន ស្រាប់តែទៅបាត់រហូតមកដល់ថ្ងៃនេះមិនឃើញជិះត្រលប់មកវិញ ហើយរូបខ្លួនបាន ព្យាយាមទាក់ទងទៅមិនបានក៏សម្រេចទៅដាក់ពាក់បណ្តឹងតែម្តង។ រីឯសំភារៈត្រូវជនសង្ស័យយកទៅនោះមានលុយចំនួន១២០ដុល្លារ និងអត្តសញ្ញណនៅក្នុងកែបម៉ូតូដែរ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យខាងលើដើម្បីចូលខ្លួនដោះស្រាយ៕ បញ្ញា
រាជធានីភ្នំពេញ ៖មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានអះអាងថា លោក កឹម សុខា ប្រធានស្តីទីបក្សប្រឆាំង នឹងចូលរួមប្រជុំសភាពេញអង្គនាពេលខាងមុខ ខណៈដែលមន្ត្រីគណៈកម្មាធិការអចិន្ត្រៃយ៍សភាមកពីបក្សក៏នឹងចូលរួមប្រជុំ នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ ដើម្បីពិនិត្យពិភាក្សា ស្តីពីការគ្រប់គ្រងថវិកា ឆ្នាំ២០១៧ និងការទូទាត់ថវិការដ្ឋឆ្នាំ២០១៥ ខណៈដែលកិច្ចប្រជុំនេះ ដឹកនាំដោយសម្តេចហេងសំរិន។
សូមជម្រាបថា កិច្ចប្រជុំស្អែកនេះ ក៏ពិភាក្សាអំពីច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងប៉ារីស ស្តីពីការប្រែប្រួលធាតុអាកាស ដើម្បីសម្រេចដាក់ចូល ក្នុងរបៀបវារៈ ប្រជុំសភាពេញអង្គ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២២វិច្ឆិកា។
ប្រសិនបើលោក កឹម សុខា នឹងចូលរួមប្រជុំសភាពេញអង្គនាថ្ងៃទី២២ ខែវិច្ឆិកានេះ ប្រាកដមែន គេអាចនិយាយថា ជាសញ្ញាបង្ហាញនូវពន្លឺនៃការតភ្ជាប់កិច្ចពិភាក្សាឡើងវិញ រវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ដែលបានកាត់ផ្តាច់ច្រើនខែមកនោះ៕
រាជធានីភ្នំពេញ ៖ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ បានថ្លែងអះអាងថា មន្ត្រីរបស់គណបក្សបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្ដើមយុទ្ធនាការនៅដើមឆ្នាំក្រោយនេះ សំខាន់ចាប់ពីខែមករា ដោយរៀបចំការជួបប្រជុំ ជាមួយអ្នកគាំទ្រនៅមូលដ្ឋានទូទាំងប្រទេស។ លោកថា យុទ្ធនាការនោះអាចមានរយះពេល៥ខែ ដើម្បីស្វែងរកសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតឃុំ/សង្កាត់។
លោក ញឹក ប៊ុនឆៃ បានបង្ហាញនូវសុទិដ្ឋិនិយម ថា គណបក្សលោកនិងដណ្ដើមបានអាសនៈជាមេឃុំខ្លះ និងជំទប់ឃុំខ្លះនៅតាមមណ្ឌលបោះឆ្នោតមួយចំនួន។ ដោយហេតុថារហូតមកដល់ពេលនេះគណបក្សបានចេញប័ណ្ណសមាជិកបក្សជាផ្លូវការប្រមាណ ១០៥០០០ នាក់ រួចហើយ៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍