រាជធានីភ្នំពេញ ៖បុរស២នាក់ត្រូវជនសង្ស័យ២នាក់កៀរចូលខាងរួចដកកូនកាំបិតភ្ជង់ប្លន់យកម៉ូតូទៅបាត់ ខណៈជិះម៉ូតូត្រឡប់មកផ្ទះវិញ ដែលករណីនេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅតាមផ្លូវបេតុងវត្តអង្គត្រគៀត ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ទួន ទូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សេនជ័យ មានស្រុកកំណើតភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ចំណែកម៉ូតូដែលត្រូវចោប្លន់យកទៅបាត់នោះម៉ាកស្កុពី ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1E-4092 ។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេនិងមិត្តភក្តិម្នាក់ទៀតបានទៅផឹកស៊ីនៅផ្ទះមិត្តភក្តិនៅម្តុំទួលកី លុះមកដល់ម៉ោងកើតហេតុរូបគេទាំង២នាក់បាននាំគ្នាត្រឡប់មកផ្ទះវិញដោយជិះម៉ូតូម៉ូតូស្កុពី១គ្រឿង ខណៈមកដល់ផ្លូវបេតុងចូលវត្តអង្គត្រគៀតស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ មិនចាំស៊េរី បានជិះមកជិតហើយកៀរម៉ូតូគេចូលកៀនផ្លូវ និងយកកាំបិតមកភ្ជង់គំរាមប្លន់ តែរូបគេមិនព្រមឲ្យម៉ូតូទេដោយនៅគិតថាស្តាយ ទើបរូបគេតដៃ ជាមួយជនសង្ស័យបណ្តាលជនសង្ស័យចាក់ត្រូវកដៃខាងឆ្វេងរួចយកម៉ូតូរបស់គេជិះចេញទៅបាត់តែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានដើរទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ តែដោយមិនមែនជាទឹកដីកើតហេតុ សមត្ថកិច្ចបានដឹកជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកន្ទោក៕
ដោយ៖ប៉ែន សុផល
បាត់ដំបង ៖យោងតាមរបាយការណ៍ពីលោក ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបងបានអោយដឹងថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យម្នាក់នៅវេលាម៉ោង១ និង០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្រុមទី១៦ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ពាក់ព័ន្ធទៅនឹងករណីហិង្សាដោយចេតនាមានស្ថានទម្លន់ទោស។
លោកបន្តថា ករណីខាងលើ បង្កដោយជនសង្ស័យឈ្មោះ ម៉ុក កោសិល ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅក្រុមទី១៦ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ចំណែកជនរងគ្រោះឈ្មោះ ម៉ុក សុផល្លា ភេទប្រុស អាយុ៣២ឆ្នាំរស់នៅឃុំ/សង្កាត់ជាមួយគ្នា។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុជនរងគ្រោះខាងលើបានទៅផឹកស៊ីស្រវឹង ហើយត្រឡប់ទៅផ្ទះវិញក្រោយមកមានការឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ភ្លាមៗនោះក៏ស្រាប់តែជនសង្ស័យខាងលើដែលត្រូវពូបានកាន់កូនកាំបិតសចុងស្រួច(កាំបិតចិតបន្លែ) សំដៅមកចាក់ជនរងគ្រោះមួយកាំបិតចំពោះបណ្តាលអោយរងរបួសធ្ងន់តែម្តងត្រូវបានក្រុមគ្រួសារបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕
រាជធានីភ្នំពេញ ៖នារីខារ៉ាអូខេម្នាក់បានគាំងបេះដូងស្លាប់នៅក្នុងសណ្ឋាគារមេគង្គហេងមហាផលក្រោយពីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលត្រូវជាគូសង្សាបាននាំនាងមកដេកទៅរួមភេទ នៅក្នុងសណ្ឋាគារហេងមហាផលនេះ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ និង២០នាទីទៀបភ្លឺថ្ងៃទី២៥ ខែតុលាឆ្នាំ២០១៦ នៅក្នុងសណ្ឋាគារមេគង្គហេងមហាផលផ្លូវកែវចិន្តាភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះមានឈ្មោះ ទុំ គឹមហ៊ី អាយុ២៥ឆ្នាំ បំរើការងារនៅខារ៉ាអូខេ៧២ ផ្លូវ២៧១ សង្កាត់បឹងទំពុនខណ្ឌមានជ័យ។ ចំណែកឯមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលបាននាំស្រីខារ៉ាអូខេនាំទៅរួមភេទរហូតដល់ស្លាប់នោះមានឈ្មោះ គង់ រិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ ជាមន្ត្រីPMក្រុងភ្នំពេញ។
ប្រភពបានឲ្យដឹងថា នារីរងគ្រោះនិងបុរសជាមន្ត្រីអាវុធហត្ថខាងលើត្រូវគេដឹងថា មានទំនាក់ទំនងស្នេហានឹងគ្នាមានរយះពេលជាង៥ខែមកហើយ នៅមុនពេលកើតហេតុ ពួកគេទាំង២នាក់ បានមកចូលរួមក្នុងកម្មវិធីផឹកស៊ីជួបជុំមិត្តភក្តិ នៅម្តុំបឹងត្របែក ។ ក្រោយពីផឹកស៊ីរួចអ្នកទាំងពីរបាន ធ្វើដំណើរមកដេករួមរ័កនៅក្នុងសណ្ឋាគារខាងលើ ។
បើយោងតាមប្រភពពត៌មានពីសន្តិសុខដែលយាមនៅក្នុងសណ្ឋាគារបានឲ្យដឹងថា មុនពេលកើតម៉ោងប្រហែលជា១១និង៣០នាទីយប់ ថ្ងៃទី២៤ខែតុលា ឆ្នាំ២០១៦ គេបានឃើញមនុស្សប្រុស-ស្រីពីរនាក់ជិះរថយន្តមួយគ្រឿងមកជួលបន្ទប់លេខ១០៥ ស្នាក់នៅ លុះមកដល់ម៉ោងជិត5ទៀបភ្លឺ ស្រាប់តែគេបានឃើញបុរសម្នាក់បានបីនារីជាសង្សារចុះមកក្រោម ដាក់ចូលក្នុងរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ហើយស្លាប់នៅខណះពេលដឹកដល់មន្ទីពេទ្យតែគេសង្ស័យថា ជនរងគ្រោះត្រូវបានស្លាប់តាំងពីរនៅក្នុងសណ្ឋាគារមកម្លេះ។ក្រោយពីដឹងថាជនរងគ្រោះស្លាប់ ក្រុមគ្រូពេទ្យធ្វើកោសល្យវិច្ច័យ រួចសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយគាំងបេះដូង រួចក៍ប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី៕
រាជធានីភ្នំពេញ ៖មានការភ្ញាក់ផ្អើលមួយកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នេះ គ្រាដែលនារីវ័យក្មេងម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងស្រាតននលគកនៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ «អូយេស» ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៣២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល៤ល្ងាច ថ្ងៃទី២៤ ខែតុលា បុរសម្នាក់បានមកជួលបន្ទប់លេខ២០C នៅជាន់ទី៣ស្នាក់នៅ ។ លុះម៉ោងប្រហែល៥ល្ងាចថ្ងៃដដែលនារីវ័យក្មេងរងគ្រោះបានមកសួរ និងប្រាប់ថាទៅស្នាក់នៅបន្ទប់នោះដែរ។ ប្រភពដដែលបន្តថា លុះដល់ម៉ោង១១ព្រឹក ថ្ងៃទី២៥ខែឆ្នាំដដែល គាត់ក៏ឡើងទៅគោះទ្វារបន្ទប់ដើម្បីសម្អាត តែពេលទៅគោះទ្វារបន្ទប់គ្មានអ្នកណាម្នាក់ឆ្លើយ គាត់ក៏ចុះទៅយកសោមកចាក់ដើម្បីចូលទៅសម្អាតក៏ប្រទះឃើញនារីវ័យក្មេងរូបនោះដេកទាំងអាក្រាតកាយននលគកក៏ចូលទៅអង្រួនជើងបំណងដាស់ឲ្យដឹងខ្លួន ពេលនោះទើបគាត់ដឹងថា នារីវ័យក្មេងរូបនោះបានស្លាប់បាត់ទៅហើយ ក៏មានការភ្ញាក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ចដើម្បីឲ្យចុះមកពិនិត្យ និងធ្វើកោសល្យវិច្ច័យ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅពេលនេះសមត្ថកិច្ចកំពុងធ្វើកោសល្យវិច្ច័យនៅឡើយ គឺមិនទាន់អាចបញ្ជាក់បានពីអត្តសញ្ញាណ និងមូលហតុដែលបណ្ដាលឲ្យនារីវ័យក្មេងរងគ្រោះស្លាប់បាននៅឡើយទេ៕
បាងកក ៖យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍បានផ្សាយថា មានករណីផ្ទុះគ្រាប់បែកនៅក្នុងផ្សាររាត្រីមួយកន្លែងនៅខេត្តប៉ាត់តានី ស្ថិតភាគខាងត្បូងប្រទេសថៃបណ្តាលឲ្យស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត និង១៦នាក់ផ្សេងទៀតដោយរួមទាំងកូនក្មេងបានរងរបួស។
ហេតុការណ៍ផ្ទុះគ្រាប់បែកខាងលើបានកើតឡើងនៅវេលាម៉ោង ៧ និង០០នាទីយប់ថ្ងៃចន្ទនៅមុខហាងលក់មីមួយដែលមានយីហោ Berm ក្នុងផ្សាររាត្រីនៅសង្កាត់ Muang Pattani នៃខេត្តប៉ាត់តានី ភាគខាងត្បូងនៃប្រទេសថៃ៕
ខេត្តពោធិ៍សាត់ ៖លោកយាយម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយរថយន្តISUZU មួយគ្រឿងកំពុងតែបើកបានដាច់កង់មុខខាងឆ្វេង ហើយរត់ទៅបុកដល់ក្នុងផ្ទះ ដែលហេតុការណ៍គ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់មួយនេះ កើតឡើងនៅវេលាម៉ោង០៦ និង២០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៩ និង២២០ ស្ថិតក្នុងភូមិស្វាយដូនកែវ១ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់មួយនេះ បង្កដោយរថយន្តម៉ាកISUZU ពណ៌បាំតង ពាក់ស្លាកលេខ ភ្នំពេញ 3A-2430 បើកបរដោយឈ្មោះ បូរ វណ្ណី ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកម៉ោងឬស្សី ខេត្តបាត់ដំបង ធ្វើដំណើរពីលិចកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានដាច់កង់មុខខាងឆ្វេង ហើយរត់ទៅបុកលោកយាយឈ្មោះ ជុច យុន អាយុ៦៧ឆ្នាំ ដល់ក្នុងផ្ទះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្នវត្ថុតាងរថយន្ត ត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្ត រងចាំដោះស្រាយនៅពេលក្រោយ ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
ខេត្តកណ្ដាល ៖បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅចាប់ខ្លួនតាមពាក្យបណ្តឹងរបស់ឪពុកម្តាយស្ត្រីរងគ្រោះពាក់ព័ន្ធករណីចាប់រំលោភរហូតនាងមានផ្ទៃពោះ៥ខែ ដែលការចាប់ខ្លួនជនសង្ស័យនេះធ្វឡើងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦។
សមត្ថកិច្ចក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ោក ទុយ ហៅ តឿ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិត្រពាំង ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ចំណែកនារីរងគ្រោះមានអាយុ២១ឆ្នាំ ជាមនុស្សវិកលចរិត (ពេលនេះមានផ្ទៃពោះ៥ខែហើយ)។
ហេតុការណ៍ចាប់រំលោភនេះ ឪពុកម្តាយដឹងដែរតែមិនបានប្តឹងផ្តល់អ្វីទេ លុះកូនស្រីមានផ្ទៃពោះកាន់តែធំឡើងៗក៏ប្តឹងសមត្ថកិច្ចឲ្យ សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីខែឧសភា ឆ្នាំ២០១៦(មិនចាំថ្ងៃ) ខណៈជនសង្ស័យផឹកស្រាស្រវឹងជោក ដោយទៅដល់ផ្ទះយប់ពេកត្រូវបងប្អូនបិទទ្វារចោលក៏បានទៅសុំផ្ទះស្ត្រីរងគ្រោះដេក(ផ្ទះជនសង្ស័យនិងផ្ទះស្ត្រីរងគ្រោះនៅជិតគ្នាគឺរំលងតែផ្ទះប៉ុណ្ណោះ) ។ លុះវេលាម៉ោង១១ និង៥០នាទីយប់ជ្រៅដោយឃើញឱកាសល្អព្រោះដេកគ្រែជាប់គ្រែនារីរងគ្រោះ ជនសង្ស័យបានចូលទៅចាប់រំលោភនារីរងគ្រោះរហូតបានសម្រេច នៅពេលនោះឪពុកម្តាយនារីរងគ្រោះក៏បានដឹងហេតុការណ៍នោះដែរ តែមិនបានធ្វើការប្តឹងសមត្ថកិច្ចទេ ដោយយល់ថា កូនខ្លួនជាមនុស្សវិកលចរិត លុះប៉ុន្មានខែក្រោយមក នារីរងគ្រោះមានផ្ទៃពោះកាន់តែធំឡើងៗ ទើបនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ម្តាយនារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរឲ្យចាប់ខ្លួនជនសង្ស័យតែម្តង។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះរហូតបានសម្រេចពិតប្រាកដមែន ដោយសារពេលនេះខ្លួនស្រវឹងស្រា៕
រាជធានីភ្នំពេញ ៖គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ម្សិលមិញមានប្រជាពលរដ្ឋខ្មែរចំនួន៦,៣៣៧,០៥៤នាក់ហើយបានទៅចុះឈ្មោះបោះឆ្នោត។នេះបើតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។
គ.ជ.ប បញ្ជាក់ថា ចំនួនប្រជាពលរដ្ឋដែលបានទៅចុះឈ្មោះខាងលើស្មើនឹង៦៥.៥៧% នៃប្រជាពលរដ្ឋដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោត។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕
បាល់ទាត់ ៖Antoine Griezmann ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុម Atletico Madrid បានឈ្នះពានរង្វាន់ជាកីឡាករល្អបំផុត ប្រចាំក្របខ័ណ្ឌ La Liga រដូវកាល ២០១៥/១៦ កាលពីម្សិលមិញនេះ។
កីឡាករវ័យ២៥ឆ្នាំ ត្រូវប្រកាសឈ្មោះជាជ័យលាភីនៅថ្ងៃច័ន្ទក្នុងទីក្រុង Valencia តែយ៉ាងណាក៏ដោយសាមីខ្លួនមិនបានចូលរួមទទួលពានរង្វាន់នោះទេ ចំណែកលោក Diego Simeone របស់ Atletico Madrid ក៏យកបានពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំរដូវកាលមុនដែរ ខណៈដែលកីឡាករ Jan Oblak ជាប់ជាអ្នកចាំទីឆ្នើម Diego Godin ជាប់ជាកំពូលខ្សែការពារ៕
រាជធានីភ្នំពេញ ៖ជនជាតិវៀតណាម២២នាក់ ស្រី៧នាក់ ដែលបានចូលមករស់នៅ និងធ្វើការដោយគ្មានច្បាប់អនុញ្ញាតត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍សហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកព្រលឹម ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះអាជ្ញារងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងនៅ លំនៅដ្ឋាន និងហាងកាហ្វេ ស្ថិតក្នុងភូមិ៨ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងការឃាត់ខ្លួនជនជាតិវៀតណាម សរុប២២នាក់ ក្នុងនោះស្រី៧នាក់ ពីបទ លួចឆ្លងដែន ស្នាក់នៅធ្វើការរកស៊ី ដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។
ក្រោយពីឃាត់ខ្លួនជនជាតិវៀតណាម ទាំង២២នាក់នេះ ត្រូវបានបញ្ជូនខ្លួនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវីធី៕
រាជធានីភ្នំពេញ ៖ក្មេងប្រុសម្នាក់ ខណៈដែលម្តាយបណ្តោយឲ្យលេងក្រោមផ្ទះតែម្នាក់ឯង ហើយដើរទៅដួសទឹកលេងក៏ធ្លាក់ចូលក្នុងពាងលង់ស្លាប់តែម្តង ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិក្តីចាស់សង្កាត់បាក់ខែងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ឳពុកក្មេងរងគ្រោះ ឈ្មោះ ហ៊ុន ពិសិដ្ឋ អាយុ៣៣ឆ្នាំ ម្តាយឈ្មោះ អ៊ុំ សុខា អាយុ៣៥ឆ្នាំ ចំណែកក្មេងប្រុសរងគ្រោះលង់ទឹកស្លាប់នោះមានឈ្មោះ ហ៊ុន វិរះបុត្រ អាយុ១ឆ្នាំក្រុមគ្រួសារនេះស្នាក់នៅភូមិកើតហេតុខាងលើ។
ប្រភពពីក្រុមគ្រួសារក្មេងរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុម្តាយបានដាក់កូនឲ្យលេងនៅក្រោមផ្ទះហើយគាត់ឡើងដាំស្លម្ហូបអាហារបានបន្តិចគាត់ក៏ចុះមកយកកូនវិញតែមិនឃើញកូនហើយរកមើលផ្ទះជិតខាងមិនឃើញរួចរត់មកលើលពាងទឹកស្រាប់តែឃើញកូនខ្លួនធ្លាក់ក្នុងទឹកពាងលង់ស្លាប់បាត់ក៏មានការភ្ញាក់ផ្អើលតែម្តង។សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
រាជធានីភ្នំពេញ ៖រថយន្តឡិចស៊ីសGS300 ដែលបើកបរដោយនារីម្នាក់ស្រវឹងស្រាក្នុងលឿនដូចហោះ ក៏រេចង្កូតបុករនាំងដែកពុះចែកផ្លូវបាក់១៥ផ្ទាំង រ៉ឺម៉កម៉ូតូកំពុងចតនៅតាមចិញ្ចើមផ្លូវ២គ្រឿងទៀតខូចទាំងស្រុង ហើយបន្តទៅបុកផ្ទប់នឹងដើមត្របែកព្រៃ ទើបទៅមុខលែងរួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី២៤ ខែតុលា ស្ថិតលើផ្លូវព្រះមុនីវង្ស កែងផ្លូវ២៣២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុឱ្យដឹងថា គាត់ឃើញនារីវ័យក្មេងម្នាក់មិនដឹងថា ចេញពីផឹកស៊ីនៅកន្លែងណាទេ បានបើករថយន្តម៉ាកឡិចស៊ីស GS300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ-2Q 7908 បានធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុករនាំងដែកពុះចែកផ្លូវ បណ្ដាលឱ្យវៀចអស់ចំនួន១៥ផ្ទាំងរាយប៉ាយពេញផ្លូវ ហើយរថយន្តបានបួងចង្កូតវិលមួយជុំដូចរង្វង់មូល ហើយរថយន្តបង្ករេចង្កូតទៅខាងឆ្វេងដៃទៅបុក និងរ៉ឺម៉កម៉ូតូ២គ្រឿង ដែលម្ចាស់ចតទុកចោលនៅតាមចិញ្ចើមផ្លូវរង់ចាំដឹកម៉ូយ បណ្ដាលឱ្យរងការខូចខាតខ្ទេចខ្ទី ស្ទើរតែទាំងស្រុង ។ ភ្លាមៗនោះ អ្នកបើកបររថយន្តឃើញស្ថានភាពកំពុងតែរញ៉េរញ៉ៃបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវសមត្ថកិច្ចជំនាញមកស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវ ដើម្បីឱ្យម្ចាស់រថ យន្តបង្កចូលខ្លួនមកដោះស្រាយ៕
ប៉ាគីស្ថាន ៖សារព័ត៌មានរបស់ប៉ាគីស្ថានបានផ្សាយថា មនុស្ស៥៥នាក់បានស្លាប់បាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារមកលើសាលាប៉ូលិសមួយកន្លែង ស្ថិតនៅភាគអាគ្នេយ៍ប្រទេសប៉ាគីស្ថាន។
អាជ្ញាធរប៉ាគីស្ថានបានបញ្ជាក់ថា ក្រុមខ្មាន់កាំភ្លើងមានគ្នាប្រមាណជា ៥ទៅ៦នាក់ បានសម្រុកទាំងពាក់កណ្ដាលយប់ ចូលទៅក្នុងសាលាបណ្តុះបណ្តាប៉ូលិស Balochistan Police College ដែលស្ថិតនៅចំងាយ២០ គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុង Quetta នៃខេត្ត Balochistan និងបានបើកការបាញ់រះសម្លាប់មនុស្ស៥៥នាក់ និងជាង១១៨នាក់ បានរងរបួស ខណៈខ្មាន់កាំភ្លើង៤នាក់ក៏ត្រូវបានបាញ់សម្លាប់ផងដែរ។ ចំណែកឯមនុស្ស២០០នាក់ត្រូវបានជួយសង្គ្រោះ ហើយដែលនេះគឺជាការវាយប្រហារ ដ៏អាក្រក់មួយនៅប៉ាគីស្ថានក្នុងឆ្នាំ២០១៦នេះ។
អាជ្ញាធរប៉ាគីស្ថានបន្ថែមថា សាលាប៉ូលិស Balochistan Police College មានសិស្សស្នាក់នៅ និង រៀនប្រមាណជា៧០០នាក់ ប៉ុន្តែដោយសារសិស្សមួយចំនួន បានបញ្ចប់ការសិក្សា ដូច្នេះគេពុំទាន់អាចបញ្ជាក់ពី ចំនួនសិស្សជាក់លាក់នៅឡើយទេ៕
ដោយ៖ប៉ែន សុផល
បាត់ដំបង ៖ប្រជាពលរដ្ឋបានរិះគន់ខ្លាំងៗទៅលើក្រុមហ៊ុនម៉ាស៊ីនកិនស្រូវសម្ងួតស្រូវ ឈន ឌីន មួយកន្លែងនៅចំណុចភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបងថា បានបង្ហុយលំអងស្រូវមកលើលំនៅដ្ឋានពួកគាត់ និងបង្កសំឡេងធ្វើអោយប៉ះពាល់ដល់ការរស់នៅទៀតផង។
ប្រជាពលរដ្ឋបានលើកឡើងថា ជារៀងរាល់ថ្ងៃក្រុមហ៊ុនកិនស្រូវសម្ងួតស្រូវ ឈន ឌីន ខាងលើតែងធ្វើការ២៤ម៉ោងលើ២៤ម៉ោងមិនមានពេលសំរាក ហើយថែមទាំងបានបង្ហុយលំអងស្រូវមកលើលំនៅដ្ឋានរបស់ពួកគាត់ធ្វើអោយហុយចូលបាយ ទឹក និងចូលច្រមុះនៅពេលដកដង្ហើមម្តងៗប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខភាព និងផ្លូវដកដង្ហើម ហើយម្យ៉ាងវិញទៀតបង្កសំឡេងរំខានដល់ការរស់នៅថែមទៀតផង។
ជាមួយគ្នានេះពួកគាត់សំណូមពរដល់អាជ្ញាធរ និងមន្ត្រីជំនាញជួយមានវិធានការទៅលើទីតាំងក្រុមហ៊ុនកិនស្រូវសម្ងួតស្រូវ ឈន ឌីន ខាងលើនេះផងដើម្បីអោយពួកគាត់បានរស់នៅស្រួលប្រកបដោយសុខភាពល្អ និងគ្មានជំងឺផ្សេងៗ។
ពាក់ព័ន្ធទៅការលើកឡើងខាងលើ លោក សុខ ឈឿក ចៅសង្កាត់វត្តគរបានប្រាប់សារព័ត៌មានយើងនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះថា លោកធ្លាប់បានទៅណែនាំជាច្រើនដងមកហើយ ប៉ុន្តែគេមិនធ្វើតាមដូច្នេះលោកសូមអោយមន្ត្រី បរិស្ថាន និងក្រសួងសុខាភិបាលជួយចុះមកសហការគ្នាធ្វើព្រោះវាប៉ះពាល់ខ្លាំងណាស់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។
ចំណែកលោក ជួប សារុន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងជុំវិញទៅនឹងបញ្ហាខាងលើនេះលោកថាមិនដឹងទេ សូមអោយលោកចៅសង្កាត់ធ្វើរបាយការណ៍មួយមកដើម្បីអោយលោកដឹង និងចាត់វិធានការបន្តថាត្រូវរៀបចំធ្វើយ៉ាងម៉ិចបន្តទៀត៕
រាជធានីភ្នំពេញ ៖នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃបានបញ្ជូនមេខ្លោងជួញដូរគ្រឿងញៀនជនជាតិចិន២នាក់ទៅតុលាការ ក្រោយបង្ក្រាប និងចាប់ខ្លួនបាននៅខណ្ឌទួលគោក និងរឹបអូសបានថ្នាំញៀនជិត៥០គីឡក្រាម។
អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ត្រី សាន្ត សុទ្ធី បានបញ្ជាក់ថា នៅព្រឹកនេះ យើងបានបញ្ជូនជនសង្ស័យម្នាក់ និងម្នាក់ទៀត នឹងបញ្ជូនទៅថ្ងៃ ក្រោយបញ្ចប់នីតិវិធី ជាមួយថ្នាំញៀនជាង៤៨គីឡូក្រាម។
លោកឧត្តមសេនីយ៍បានបន្តថា កាលថ្ងៃទី២០ ខែតុលាឆ្នាំ២០១៦ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរគ្រឿងញៀនមួយ ករណីដ៏ធំជាលទ្ធផល នៃកិច្ចប្រតិបត្តិការនេះយើងបានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ជាជនជាតិចិន រួមជាមួយវត្ថុតាងគ្រឿងញៀន និងសារធាតុផ្សំកែច្នៃគ្រឿងញៀនសរុប 48,202,88 ក្រាមស្មើជាង៤៨គីឡូក្រាម នៅខណ្ឌទួលគោក៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍