All posts by មេគង្គ ប៉ុស្តិ៍

​វិនិយោគិន​ចិន​ខេត្ត​ស៊ី​ឈួន​នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ដ៏​ធំ​លើកដំបូង​នៅ​កម្ពុជា នា​ខែមិថុនា ឆ្នាំនេះ​

​ភ្នំពេញ ៖ វិនិយោគិន មួយក្រុម​មកពី​ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន ដែល​បាន​បោះទុន​វិនិយោគ​លើ​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ធំ​មួយ នៅ​អំឡុង​ខែ មិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមេសា នេះ លោក លី តុង​ឈួន អគ្គលេខាធិការ​ជំរុញ ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ នៃ​ខេត្ត​ស៊ី​ឈួន​ប្រទេស​ចិន និង​ជា​អ្នករៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ បានអោយដឹងថា ពិព័រណ៍​នៅ​ឆ្នាំនេះ​នឹងធ្វើ​តាម​យុទ្ធសាស្ត្រ​នៃ ” ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​” សម្រាប់​កសាង​វេទិកា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដែលមាន​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ពង្រីក​ទំហំ​ថ្មី​សម្រាប់​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​ផ្តោត​សំខាន់​លើ​គ្រឿង​សង្ហា​រឹម សម្ភារៈ​គ្រឿងសំណង់ សម្ភារៈ​បន្ទប់ទឹក ផលិតផល​សេ​រ៉ា​មិច ភ្លើងចង្កៀង​បំភ្លឺ គ្រឿង​សង្ហា​រឹម ឥត​ការ៉ូ ថ្ម​ម៉ាប ថ្នាំលាប​ថ្នាំ​បៀក​ជាដើម ដែល​សុទ្ធសឹង​ជាមាន​ម៉ាក​ល្បី ៗ ក្នុងប្រទេស​ចិន រួមជាមួយ​នឹង​ព្រឹត្តិការណ៍​លក់​បញ្ចុះដម្លៃ​ជាច្រើន​ក្នុង​ពិព័រណ៍​នេះ ។

​លោក​បន្តថា កម្ពុជា​គឺជា​ប្រទេស​សំខាន់​មួយ​ដែល​ខេត្ត​ស៊ី​ឈួន​ចូលរួម​ក្នុង​កសាង​យុទ្ធសាស្ត្រ ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស ដែលមាន​តម្រូវការ​យ៉ាង​ធំ​នៅក្នុង​វិស័យ​គ្រឿង​សង្ហា​រឹម សម្ភារៈ​គ្រឿងសំណង់ កសិកម្ម គ្រឿងចក្រ​ជាដើម ដែល​ផលិតផល​ភាគច្រើន​ផ្អែកលើ​ការនាំ​ចូល ដែល​នាំមក​នូវ​ការអភិវឌ្ឍ​យ៉ាង​ធំ​សម្រាប់​ឱកាស​អាជីវកម្ម និង​កន្លែង​ខ្វះចន្លោះ ។

​លោក​រំពឹងថា ព្រឹត្តិការណ៍​ពិព័រណ៍​មួយ​នេះ នឹង​អាច​ជំ​រុញអោយ​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម នៅក្នុង​ប្រទេស​កម្ពុជា កាន់តែ​ទូលំទូលាយ និង​អាច​ពង្រីក​កិច្ចសហការ​ជាមួយ​ប្រទេស​កម្ពុជា និង​ចិន​បន្ថែមទៀត​អោយស្រប​ទៅនឹង​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ទាំងពីរ ។

​លោក ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​មានប្រសាសន៍ថា តាមរយៈ​សកម្មភាព​នេះ បាន ស បញ្ជាក់​ពី​ទំនុកចិត្ត​របស់​វិនិយោគិន​ចិន មកលើ​ស្ថានភាព​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ព្រោះ​កម្ពុជា បាន​រក្សា​នូវ​ស្ថានភាព និង​ស្ថេរភាព​ល្អ ទាំង​សេដ្ឋកិច្ច និង​នយោបាយ សម្រាប់​ទាក់ទង​វិនិយោគិន​បរទេស​នានា ។​

លោក​បន្តថា វិនិយោគិន​បរទេសមួយ​ចំនួន ដែល​មិនទាន់បាន​មកដល់​ប្រទេស​កម្ពុជា ហាក់​មានការ​រារែក បន្តិច ដោយសារ​តែមាន​អ្នក តែង​និយាយ​អាក្រក់​ពី​កម្ពុជា ដែលជា​ការ​បំ​ផ្លៃ​ពី​ការពិត​។ ក៏ប៉ុន្តែ​ជាក់ស្តែង​នៅពេល​អ្នកវិនិយោគ មកដល់​កម្ពុជា​ផ្ទាល់ ពួកគេ​នឹងមិន​រារែក​ក្នុង​ចិត្ត​ទៀត​ទេ ពោល​ពួកគេ​នឹង​បណ្ដាក់​ទុនវិនិយោគ នៅក្នុង​ប្រទេសមួយ​នេះ ។ ដោយសារ​កម្ពុជា មាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់​សម្រាប់​ផ្ដល់ជូន​វិនិយោគិន ហើយ​អ្វីដែល​ពិសេស​នោះ កម្ពុជា​ក៏បាន​កសាង​ហេ​ដា្ឋ​រចនាសម្ព័ន្ធ ទាំង​ផ្លូវគោក ផ្លូវទឹក ផ្លូវ​ដេក និង​ផ្លូវអាកាស សម្រាប់​ដឹកជញ្ជូន ។

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​ពិព័រណ៍​ដ៏​ធំ​មួយ​នេះ នឹង​ផ្ដោតទៅលើ​វិស័យ​សំណង់ ស្របពេល​វិស័យ​មួយ​នេះ កំពុង​ដើរ​នាទី​សំខាន់ នៅក្នុង​កំណើនសេដ្ឋកិច្ច និង ផលិតផល​ក្នុងស្រុក​សរុប ។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន ចេង​ទូ​ប៉ា​យី គ្រុប ដែលជា​អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ រំពឹងថា​នឹងមាន​ក្រុមហ៊ុន​ចូលរួម​តាំង​បង្ហាញ​សម្ភារៈ​សំណង់ គ្រឿង​សង្ហា​រឹម និង​ផលិតផល​ទាក់ទង​នឹង​សំណង់​យ៉ាងតិចណាស់ ក៏​១០០​ក្រុមហ៊ុន​ដែរ ៕

ធនាគារ ADB ដំឡើង​ការ​ព្យាករ​ណ៌​សេដ្ឋកិច្ច​តំបន់​អាស៊ី​កើន​ដល់​៦​ភាគរយ​នៅ​ឆ្នាំនេះ

​ភ្នំពេញ ៖ ធនាគារ​អភិវឌ្ឍ​ន៌​អាស៊ី បាន​តម្លើង​ការ​ព្យាករ​ណ៌ ចំពោះ​កំណើនសេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី កើន​ដល់​៦​ភាគរយ​ក្នុងឆ្នាំនេះ ដោយសារ​មើលឃើញ​ពី​កំណើន​តម្រូវការ​ទំនិញ​នាំចេញ​ពិភពលោក តែ​ធនាគារ​នេះ​បាន​រំឭក​ពី​ហានិភ័យ​ដែល​បង្កឡើង​ពី​សង្គ្រាម​ពាណិជ្ជកម្ម រវាង​ប្រទេស​ចិន និង សហរដ្ឋអាមេរិក​ផងដែរ​។​

​របាយការណ៍​ថ្មី របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​១១ ខែមេសា ឆ្នាំ​២០១៨​នេះ បានបង្ហាញ​ពី​ចក្ខុវិស័យ​អភិវឌ្ឍន៍​នៃ​តំបន់​អាស៊ី ដែល​នឹងមាន​កំណើនសេដ្ឋកិច្ច ៦ ភាគរយ​ក្នុងឆ្នាំនេះ ខណៈដែល​ការ​ព្យាករ​ណ៌​របស់​ធនាគារ ADB កាលពី​ចុងឆ្នាំ​២០១៧ បានកំណត់​ត្រឹម ៥,៧ ភាគរយ ប៉ុណ្ណោះ​។ ធនាគារ ADB ក៏បាន​ព្យាករ​ណ៌​ដែរ​ថា កំណើនសេដ្ឋកិច្ច​តំបន់​អាស៊ី ក្នុង​ឆ្នាំ ២០១៩ នឹងមាន ៥,៩ ភាគរយ​។

​ទន្ទឹមនេះ ការ​តម្លើង​អាត្រា​កំណើនសេដ្ឋកិច្ច​នេះ ធនាគារ ADB ក៏បាន​បង្ហាញ​ផងដែរ​ពី​ផលប៉ះពាល់​នៃ​ភាព​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ទាក់ទង​នឹង​ការងារ​ក្នុង​តំបន់​នេះ ដែល​ធនាគារ​នេះ​បាន​ឲ្យ​ដឹងថា អាចធ្វើ​ឲ្យ​វិសមភាព​ដែលមាន​រួច​ជា​ស្រាប់​ហើយ​នោះ​កាន់តែ មាន​ខ្លាំង​ឡើង​ថែមទៀត​។

​ការ​ព្យាករ​នេះ កើតមានឡើង​ក្នុង​គ្រា​ដែលមាន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម ដែល​កំពុង​កើនឡើង​រវាង​ប្រទេស ចិន និង សហរដ្ឋអាមេរិក ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​របស់​ពិភពលោក និង ជា​ប្រទេស​សំខាន់​នៃ​ការជំរុញ​កំណើនសេដ្ឋកិច្ច​សកល​។

​គួរ​កត់សំគាល់ថា គិត​ចាប់តាំងពី​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានសម្រេច​ដាក់ចេញ​គោលនយោបាយ​គាំពារ​និយម ដែល​តម្លើង​អត្រាពន្ធ​លើ​ការ​នាំចូល ដែកថែប និង អាលុយមីញ៉ូម ចាប់តាំងពី​ដើមខែ​មីនា​មក បានធ្វើអោយ​ប្រទេស​ចិន ឆ្លើយតប​វិញ ដោយ​ប្រទេស​ចិន ក៏បាន​ប្រកាសថា​នឹង​តម្លើង​អាត្រា​ពន្ធ លើ​ទំនិញ​សំខាន់ៗ​មួយចំនួន ដែល​នាំចូល​ពី​សហរដ្ឋអាមេរិក ដូចគ្នា​ផងដែរ​៕
​ 

សមត្ថកិច្ច​កម្ពុជា​បណ្តេញ​ជនជាតិ​ចិន​៨៩​នាក់ វិល​ទៅ​ប្រទេស​ដើម​វិញ​

​ភ្នំពេញ ៖ ជនជាតិ​ចិន​ចូលមក​ជ្រកកោណ ធ្វើ​ការងារ ដោយ​ខុសច្បាប់ គ្មាន​ឯកសារ​ត្រឹមត្រូវ​ទៅតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានកំណត់ ហើយ​កន្លងមក​ជនជាតិ​ចិន​ប្រុស​-​ស្រី​ទាំងនោះ ក្រោយពី​សមត្ថកិច្ច​ជំនាញ ស្រាវជ្រាវ​ត្រួតពិនិត្យ ពុំមាន​ឯកសារ​ស្នាក់នៅ ធ្វើការ​ងារ​មិន​ស្របច្បាប់ ត្រូវបាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឃាត់ខ្លួន​ដើម្បី​សុំ​គោលការណ៍​ពី​ក្រសួងមហាផ្ទៃ និង​នគរបាល​ប្រទេស​ចិន បញ្ជូន​វិលត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ ដូច​នៅក្នុងពេល​ថ្មីៗ​នេះ ជនជាតិ​ចិន​ចំនួន​៨៩​នាក់ ក្នុងនោះ​មាន​ស្រី​១៥​នាក់ ត្រូវបាន​នគរបាល​ឃាត់ខ្លួន ហើយ​ត្រូវបាន​បញ្ជូន​ឲ្យ​វិលត្រឡប់​ទៅ​ប្រទេស​ចិន​វិញ កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨ តាម​ជើងយន្តហោះ​មកពី​ប្រទេស​ចិន ។​

​តាម​ប្រសាសន៍​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្តន៍​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១១ ខែមេសា​នេះ​ថា ជនជាតិ​ចិន​ទាំង​៨៩​នាក់ ក្នុងនោះ​ស្រី​១៥​នាក់ ក្រោយពី​ឃាត់ខ្លួន​បាន កាលពី​ថ្ងៃទី​១២ ខែ​មិនា ឆ្នាំ​២០១៨​កន្លងមក​នៅ អាគារ​ខុន​ដូ​លេខ​៩៧ ផ្លូវ​លេខ​៣៣៦ កែង​២៦១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយ​ពាក់ព័ន្ធ​ទៅនឹង​ករណី​គំរាម​គំហែង ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ​អ៊ី​ន​ធី​ណែ​ត និង​ចូលមក​ស្នាក់នៅ ធ្វើការ​ងារ​ដោយ​ខុសច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​ក្រសួងមហាផ្ទៃ និង​នគរបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្រេច​ឲ្យ​បញ្ជូន​ជន​ទាំងនោះ​ទៅ​ប្រទេស​ដើម​វិញ ដោយ​ចែកជា​២​វ៉ុល នៅវេលា​ម៉ោង​២​រសៀល​បញ្ជូន​ជនជាតិ​ចិន​ចំនួន​៣៤​នាក់ ស្រី​១៥​នាក់ និង​នៅវេលា​ម៉ោង​៧​យប់​ថ្ងៃ​ដដែល​នេះ បញ្ជូន​ជនជាតិ​ចិន​ចំនួន​៥៥​នាក់ បន្ថែមទៀត ។​

​ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា បាន​ផ្តាំផ្ញើរ​ជូន​ដល់​ជន​ជាតិចិន​ទាំងនោះ ធ្វើយ៉ាងណា​កុំ​ឲ្យ​ចាញ់បោក​មេខ្យល់ ដែល​ល្បួង​នាំមក​ធ្វើ​ការងារ​ក្ន​៧​ង​ប្រទេស​កម្ពុជា ដោយ​គ្មាន​ច្បាប់ គ្មាន​លិខិតឆ្លងដែន គ្មាន​ឯកសារ​ត្រឹមត្រូវ ធ្វើ​យ៉ាង ឲ្យ​មា​នល​៨​ខិត​ឆ្លងដែន មានច្បាប់​ការងារ​ត្រឹមត្រូវ ដើម្បី​ធ្វើ​ការងារ​ក្រៅប្រទេស​ស្របច្បាប់ ៕


ស្ពាន​អាកាស​ផ្សារ​ដី​ហុយបើក​ចរាចរណ៍ ស្របពេល​ស្ពាន​ថ្មើរជើង​នា​ងគ​ង្ហី​ង​ដំឡើង​គ្រោង​ដែក​ឆ្លងកាត់​ថ្នល់​

​ភ្នំពេញ ៖ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​អញ្ជើញ ជា​អធិបតីភាព នៅក្នុង​ពិធី​បើក​ឲ្យ​ប្រើប្រាស់​បណ្តោះអាសន្ន ស្ពាន​អាកាស​ផ្សារ​ដី​ហុយ សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។​

​ពិធី​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃ ព្រហស្បតិ៍ ទី​១២ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង ០៦ ៖ ៣០ នាទី​ព្រឹក ស្ថិតនៅ​ចំណុច​ខាងជើង គល់ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​។ ស្ពាន អាកាស ផ្សារ​ដី​ហុយ​នេះ នឹងត្រូវ​បើក​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន សម្រាប់​សម្រួល ដល់​ការធ្វើ ដំណើរ​របស់​ប្រជាពលរដ្ឋ មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ឈានចូល​មកដល់ ។​

​ក្រោយពី​ការសាងសង់​ចប់​រួចរាល់ ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​នេះ នឹង​រួមចំណែក​កាត់ បន្ថយ ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរ នៅលើ​វិថី​សហព័ន្ធ​រុស្សី​ផងដែរ ។​

​សូម​សម្រាប​ថា ស្ពាន​អាកាស​ផ្សារ​ដី​ហុយ បានចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​កាលពី ចុងខែ​សីហា​២០១៦ ហើយ​បានបញ្ចប់ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន នៅ​ថ្ងៃទី ១២ ខែមេសា ឆ្នាំ​២០១៨​ស្អែក​នេះ ។​
​ទ​ន្ទឺ​ប​គ្នា​នឹង​ការបើក​ឲ្យ​ធ្វើ​ចរាចរណ៍​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​នេះដែរ នៅ​ព្រលប់ ថ្ងៃទី​១១ ខែមេសា នេះ ស្ពាន​ថ្មើរជើង​លើ​អាកាស​នៅ​ស្តុ​ប​នា​ងគ​ង្ហី​ង នឹង​ចាប់ផ្តើម​ដំឡើង គ្រោង​ដែក​កាត់ទ​ទឺង​ផ្លូវ ហើយ អាជ្ញាធរ​បានប្រកាស​បិទ​ផ្លូវ​មួយ​យប់ ដើម្បី​រៀបចំ​ដំឡើង គម្រោង​ឆ្អឹង​នៃ​ស្ពាន​ថ្មើរជើង​នេះ​។

​សូមបញ្ជាក់ថា ស្ពាន​អាកាស​ថ្មើរជើង​នៅ​ស្តុ​ប​នាង​គ​ង្ហី​ង ត្រូវបាន​ចាប់ផ្តើម​ដំណើរ ការ​សាង សង់​កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៧​មកម្ល៉េះ​។ ស្ពាន​នេះ​សាងសង់​ក្រោម​កិច្ច សហប្រតិបត្តិការ​រវាង​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​វិនិយោគទុន​ាណិកជន​កម្ពុជា (OCIC) ដោយ​ចំណាយ​ថវិកា​ប្រមាណ ៣​លាន​ដុល្លារ​អាមេរិក​។ ក្រោយ​សាងសង់​ស្ពាន អាកាស​ថ្មើរជើង​នេះ នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ក៏ដូចជា​បង្កើន សុវត្ថិភាព ដល់​អ្នក​ថ្មើរជើង​ផងដែរ​៕

(​រូបទី១ ៖ ស្ពានអាកាសស្តុបផ្សារដីហុយ រូបទី២ ៣ និង៤ ជាស្ពានថ្មើរជើង)                                                                                                                                                             

មហាសន្និបាត​«​ការអភិវឌ្ឍ​សមត្ថភាព​គឺ​ដើម្បី​ឆ្លើយតប​វិសាលភាព​ការងារ​របស់​រដ្ឋសភា​»

​ភ្នំពេញ ៖ អគ្គលេខាធិកា​រដ្ឋ​រដ្ឋ​សភា ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨​នេះ​បានរៀបចំ​ធ្វើ​សន្និបាត​បូក សរុប​លទ្ធផល​ការងារ​របស់ខ្លួន​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧ សម្រាប់​នីតិកាល​ទី​៥ នៃ​រដ្ឋសភា និង​កំណត់​ទិសដៅ​បន្ត​សម្រាប់​នីតិកាល​ទី​៦ ដោយ​ក្នុង​មហាសន្និបាត​នេះ​អគ្គលេខាធិការដ្ឋាន រដ្ឋសភា​បាន​រំលេច​ពី​ការអភិវឌ្ឍ​នៅក្នុង​ស្ថាប័ន​របស់ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​វិសាលភាព​ការ ងារ​របស់​រដ្ឋសភា ដែល​កាន់​តែមាន​ភាព​សំខាន់​ឡើងៗ និង​ការធ្វើសមាហរណកម្មរ​បស់​ខ្លួន នៅក្នុង​តំបន់ និង​ពិភពលោក​។​

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​មានប្រសាសន៍ថា បំណង​ចម្បង របស់​យើង​គឺ​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​ការបង្កើន​គុណភាព​នៃ​ការងារ​។ ក្នុង ន័យ​នេះ​យោងតាម​លទ្ធភាព​ជាក់ស្តែង យើង​បាន​បង្រួម​បណ្តា​នាយកដ្ឋាន​ដែល​ឧបនិស្ស័យ មានការ​ទាក់ទង​គ្នា​ជិតស្និទ្ធ​អោយ​ស្ថិតក្នុង​អគ្គនាយកដ្ឋាន​ជាមួយគ្នា ចំណែក​វិស័យ​ដែល​សារ សំខាន់​ខ្លាំង​ក៏​ត្រូវបាន​បង្រួបបង្រួម​គ្នា​ដែរ​។

​ឯកឧត្តម​បាន​បញ្ជាក់ថា អគ្គលេខាធិការដ្ឋានរ​ដ្ឋ សភា​ក៏មាន​កាតព្វកិច្ច​ស្នូល​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ជាអាទិ៍ ការអនុវត្ត កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ដែល​តម្រូវអោយ​មានកា​រ​រៀបចំ​ថវិកា​តាម​អង្គភាព​រដ្ឋបាល ហើយក៏​តម្រូវអោយធ្វើ​ការរៀបចំ​ធនធានមនុស្ស​អោយ​ត្រូវ​ទៅនឹង​ជំនាញ និង​បទពិសោធន៍ ទៀតផង​។​

​សម្រាប់​មហាសន្និបាត​នេះ​អនុប្រធាន​ទី​២ រដ្ឋសភា ឯកឧត្តម បណ្ឌិត ងួន ញុ​ិ​ល គូស បញ្ជាក់ថា ទោះបីជា​រដ្ឋសភា​សម្រេច​បាន​នូវ​លទ្ធផល​ជាច្រើន និង​គួរ​ជា​មោទនៈ​ក៏ដោយ ក៏ យើង​នៅតែ​ជួប​បញ្ហា​ប្រឈម​នានា​មួយចំនួន ក្នុងនោះ​មាន​បញ្ហា​ធនធានមនុស្ស អ្នកជំនាញ ឯកទេស ហេដ្ឋារចនាសម្ព័ន្ធ និង​បច្ចេកវិទ្យា​ព័​ត៍​មាន​ជាដើម​។ ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន នៃ​តម្រូវការ និង​ទំហំ​ការងារ​របស់​រដ្ឋសភា ក៏ដូចជា​ដើម្បី​ចូលរួម​បន្ត​អនុវត្ត​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល​អនុប្រធាន​ទី​២ រដ្ឋសភា ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល បានផ្តល់​អនុសាសន៍ មួយចំនួន​ដល់​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា សំដៅ​ធ្វើយ៉ាងណា​ប្រែក្លាយ​ស្ថាប័ន​មួយ​នេះ អោយ​កាន់តែ​ទំនើប និង​មាន​សមត្ថភាព​ជាង​មុន ក្នុង​ការជួយជ្រោមជ្រែង​ដល់​តួនាទី​ស្នូល របស់​រដ្ឋសភា សំដៅ​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិបាលកិច្ច​ល្អ​នៅ​កម្ពុជា ក៏ ដូចជា​ក្នុង​ការជួយ​ពង្រឹងសមត្ថភាព​ការទូត​សភា​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​៕

ប្រមុខ​កម្ពុជា​អំពាវនាវ​ឲ្យ​ចិន​ដែល​កំពុង​រក​​​​ស៊ី​នៅ​កម្ពុជា​ចូលរួម​រក្សា​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច

​ភ្នំពេញ ៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ជួប​ពិសា​របាយ​សាមគ្គី​ជាមួយ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​នៃ​សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន ប្រចាំឆ្នាំ ជា​លើក​ទី​២​ហើយ​! ក្នុងពេលនោះ សម្តេច​តេ​ជោ បានបង៑ស៊ី​នៅ​កម្ពុជា តាមរយៈ​ការរក្សា​អោយបាន​នូវ​សន្តិភាព​និង​ស្ថេរភាព​ម៉​ក្រូ​%​ចិន​ដែល​កំពុង​រកស៊ី​នៅ​កម្ពុជា តាមរយៈ​ការរក្សា​អោយបាន​នូវ​សន្តិភាព​និង​ស្ថេរភាព​ម៉​ក្រូ​សេដ្ឋកិច្ច​។​

​នៅក្នុង​ការ​ថ្លែង​សុន្ទរកថា ទៅកាន់​សមាជិក សមាជិក​ជាង​៥​ពាន់​៥​រយ​នាក់ នៃ​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន ក្នុងជំនួប​ពិសា​អាហារ​សាមគ្គី​រួមគ្នា នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ កាលពី​ល្ងាច​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចាត់ទុកថា ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច មាន​ចំណែក​មិនតូច​ជាង​ស្ថេរភាព​ខាង​នយោបាយ​នោះទេ​។ កត្តា​ទាំងពីរ​នេះ ជាការ​ចូលរួមចំណែក

យ៉ាងសំខាន់ ដើម្បី​ធានា​ការលូតលាស់​នៃ​សេដ្ឋកិច្ចកម្ពុជា​។ អ្វីដែល​សំខាន់​មួយទៀត សម្តេច​តេ​ជោ បានលើកឡើង​ថា​គឺ សន្តិភាព​តែម្តង ដែលជា​កត្តា​មូលដ្ឋាន​សម្រាប់​ការអភិវឌ្ឍ ហើយក៏​មិនអាច​មានការ​អភិវឌ្ឍ​ណាមួយ​នៅក្រោម​គ្រាប់បែក គ្រាប់កាំភ្លើង​នោះទេ​។ ទន្ទឹមនេះ សម្តេច​តេ​ជោ បាន​សន្យាថា នឹង​បន្ត​ការពារ​អ្នកវិនិយោគ​នៅ​កម្ពុជា តាមរយៈ​ការរក្សា​ឲ្យ​បាន​នូវ​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ដែល​កិច្ចការ​ទាំងនេះ ត្រូវមាន​ការចូលរួម​ទាំងអស់គ្នា​។

​ទន្ទឹមនឹង​ការការពារ​ចំពោះ​ការវិនិយោគ​របស់​ជន​ជាតិចិន​នៅ​កម្ពុជា​នេះដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏ ជឿជាក់​ដែរ​ថា អ្នកវិនិយោគ​ទាំងនោះ នឹង​គាំទ្រ​នយោបាយ​ចិន​តែមួយ ស្របទៅនឹង ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដែល​កំពុងមាន​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន​ផងដែរ​។ បន្ថែម​ពីនេះ សម្តេច​តេ​ជោ ហ៊ុន សែន រំពឹងថា ចំនួន​អ្នក​ទេសចរណ៍​ចិន​មក​កម្ពុជា នឹងត្រូវ​បង្កើន​ឡើងដល់​ចំនួន ០.០០៣ ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​ចិន​សរុប​ប្រមាណ​១​ពាន់​៣​រយ​លាន​នាក់ គឺ​មានន័យថា នឹងមាន​អ្នកទេសចរ​ណ៌​ចិន​មកកាន់​កម្ពុជា ប្រមាណ​៣​លាន​នាក់ ខណៈដែល​ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​ទទួលបាន​អ្នកទេសចរ​ណ៌​ចិន​ប្រមាណ​១​លាន​២​សែន​នាក់​។

​បើតាម​ការលើកឡើង របស់ លោក​ឧកញ៉ា ពុង ឃាវ​សែ ប្រធាន​សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន នៅ​កម្ពុជា បានអោយដឹងថា នៅក្នុង​ឆ្នាំ​ថ្មី​នេះ សមាគម​នេះ មាន​គម្រោង​ផែនការ​ថ្មី​៣​ចំណុច គឺ​៖ ទី​១- សមាគម​នឹង​បង្កើត​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​គ្រូបង្រៀន​ភាសា​ចិន​នៅ​កម្ពុជា​បន្ថែមទៀត ។ ទី​២- សមាគម​មាន​គម្រោង​បង្កើត​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង វិស័យ​វិទ្យាសាស្ត្រ និង​វិស្វកម្ម​សម្រាប់​ប្រទេស​កម្ពុជា​។ ដែល​បច្ចុប្បន្នកំពុង​ពិភាក្សា​កិច្ចសហប្រតិបត្តិការ​ជាមួយ​សកល​វិទ្យាល័យ​បច្ចេកទេស​ធាន​ជិន​នៅ​ប្រទេស​ចិន​។ និង​ទី​៣- សមាគម​នឹង​ជំរុញ​ក្រុមការងារ​យុវជន​ឲ្យ​ចូលរួម​បង្កើត​កម្មវិធី​សប្បុរសធម៌​សង្គម និង​អប់រំ​យុវជន​អោយបាន​ច្រើន​នៅ​កម្ពុជា​ផងដែរ​៕

 

 

 

 

 

 

 

(​ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចូលរួមពិធីពិសាអាហារ ជាមួយសមាគម

ខ្មែរ  -​ចិន នៅកោះពេជ្រ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨)

ស្លាប់​៣​នាក់ របួស​១៧​នាក់ ក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្តក្រុង​នៅ​ស្រុក​ជីក្រែង​

​សៀមរាប ៖ យ៉ាងហោចណាស់​មនុស្ស​ប្រុស​៣​នាក់ ក្នុងនោះ​ម្នាក់​ជា​អ្នកបើកបរ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​និង​១៧​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​នៅក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្តក្រុង​ក្រុមហ៊ុន​ស៊ុន​អូ​ខុង​ដឹក​អ្នកដំណើរ​។

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​១១ ខែមេសា នេះ នៅ​ចំណុច​ផ្លូវ​កោង​ស្ពាន​ថ្នល់​ដាច់ តាមផ្លូវ​ជាតិ​លេខ​6​ក្នុងភូមិ​ដំរី​ឆ្លង ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​អធិការនគរបាល​ស្រុក​ជីក្រែង លោក​សុខ សុទ្ធា​វុ​ធ បាន​ឲ្យ​ដឹងថា​
​រថយន្តក្រុង​ដែល​ក្រឡាប់​នោះ​ជា​របស់​ក្រុមហ៊ុន​ស៊ុន​អ៊ូ​ខុង​ដឹក​អ្នកដំណើរ ។ លោក​បន្តថា រថយន្ត​នោះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3D5280 ធ្វើដំណើរ​ពី​ភ្នំពេញ មក​ខេត្តសៀមរាប​។ លុះ​មកដល់​កន្លែងកើតហេតុ​ដែលជា​ចំណុច​ផ្លូវ​កោង ហើយ​អ្នកបើកបរ​ទំនង​ងងុយដេក ក៏​ជ្រុល​ធ្លាក់​ផ្លូវ ក្រឡាប់​តែម្តង​។​

​លោក​អធិការ​ស្រុក​ជីក្រែង​បន្តថា រហូតដល់​ម៉ោង​៖ 00​នាទី​ព្រឹក​ដដែល​នេះ កម្លាំង​សមត្ថកិច្ច​កំពុងតែ​ខិតខំ​ស្ទូច​យក​រថយន្ត​នោះ​ចេញ​ដើម្បី​ស្វែងរក​ក្រែង​មាន​ជនរងគ្រោះ​ផ្សេងទៀត​នៅជាប់​ក្នុង​រថយន្ត​៕

កម្មករ​រោងចក្រ​ដែល​ថៅកែ​រត់ចោល រី​ករាយ​ពេល​បាន​បើក​ប្រាក់ខែ

​ភ្នំពេញ ៖ ថ្ងៃនេះ ជា​ថ្ងៃទី​២​ហើយ ដែល ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បើក​យុទ្ធនា​ការផ្តល់​ថវិកា ដល់ក​ម្មករ និយោជិត សរុប​ចំនួន ២,៥៤២​នាក់ ដែល​ម្ចាស់​រោងចក្រ​រត់ចោល​ចំនួន​៤​គឺ ហ្គ្រេ​ត​អន​នើ អ៊ី​ហ្វា ប៊ី​ណូ និង​ជុង​ហ្វៃ​។​

​ការផ្តល់​ថវិកា​នេះ គឺ​ប្រើប្រាស់​ថវិកា​បុរេប្រទាន របស់​រដ្ឋាភិបាល ដើម្បី​សម្រួល​ដល់​ទុក្ខលំបាករ​បស់បង ប្អូន​កម្មករ និយោជិត ។ ការផ្តល់​ថវិកា​នេះ គឺធ្វើឡើង​ស្របតាម​អនុសាសន៍ របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ដែល​បានសម្រេច​ផ្តល់​ថវិកា សម្រាប់​ដោះស្រាយ​សំណង ជូន​កម្មករ​ចំនួន ៤,១៤៦​នាក់ ដែល​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​ចំនួន​៩ ដែល​ថៅកែ​រត់ចោល ដោយ​មិនបាន​ទូទាត់​ប្រាក់​ឈ្នូ​ល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ជូន​ដល់​បងប្អូន​កម្មករនិយោជិត​។​

​បងស្រី សូ សុខា អតីត​កម្មការិនី​ផ្នែក​កាត់​ព្រុយ នៅ​រោងចក្រ ហ្គ្រេ​ត​អន​នើ អស់​រយៈពេល​១៤​ឆ្នាំ ទទួលបាន​ថវិកា​ចំនូ​ន ១,៤០០​ដុល្លារ បាន​សម្តែង​ការសប្បាយរីករាយ​ថា​៖ “​ខ្ញុំ​សូម​អរគុណ​ដល់ រដ្ឋាភិបាល​ដែល​បាន​ជួយ​អន្តរាគមន៍​ក្នុង​ការបើក​លុយ​ជូន​ដល់​អតីត​កម្មករ​នៅ​រោងចក្រ​ហ្គ្រេ​ត​អន​នើ ដែល​ថៅកែ​រត់ចោល​។ ពួក​ខ្ញុំ​រង់ចាំ​ជិត​២​ឆ្នាំ​ហើយ​មកដល់​ថ្ងៃនេះ​។ អរគុណ ស​មេ្ត​ច តេ​ជោ និង​ក្រសួង​ការងារ​ដែល​បាន​ជួយ​ពួក​ខ្ញុំ​។​”

ដូចគ្នា​ផងដែរ បង ស្រី គ្រេង ឆេង ជា​កម្មការិនី​ផ្នែក​ដេរ អស់​រយៈពេល​២០​ឆ្នាំ នៅ​រោងចក្រ​ហ្គ្រេ​ត​អន​នើ មកពី​ខេត្តកណ្តាល​បាន​សម្តែង​អារម្មណ៍​សប្បាយរីករាយ​ក្រោយពេល​ទទួល​ថវិកា​ថា​៖“​ខ្ញុំ​ទទួលបាន ថវិកា​ចំនួន ១,៦៤៩​ដុល្លារ​។ ខ្ញុំ​មិនដែល​នឹកស្មានថា​គេ​ដោះស្រាយ​ជូន​ពួក​ខ្ញុំ​ទេ ខ្ញុំ​ពិតជា​អរគុណ សម្តេច ហ៊ុន សែន ណាស់​ដែល​បាន​ដោះស្រាយ​ប្រាក់​សំណង​ដែល​ថៅកែ​រោងចក្រ​រត់ចោល​ដល់​ពួក​ខ្ញុំ​ព្រោះ ជិត​ចូលឆ្នាំថ្មី​ហើយ បាន​លុយ​ខ្លះ​យកទៅ​ស្រុក​”​។​​ចំណែកឯ​បងស្រី ណឹ​ប ច​ន្ធី ដែល​បានធ្វើការ​១៦​ឆ្នាំ​នៅ​រោងចក្រ​ហ្គ្រេ​ត​អន​នើ​ដែរនោះ បាន​អះអាងថា គាត់​ទទួលបាន​ថវិកា​សរុប ១,៦៧០​ដុល្លារ​។ គាត់​លើកឡើងថា​៖ “​ពីមុន​ខ្ញុំ​ពិបាកចិត្ត​ណាស់ មិនដឹង​ថ្ងៃ​ណា​គេ​បើក​លុយ​ឲ្យ​នោះទេ ព្រោះ​ថៅកែ​រោងចក្រ​បាន​រត់​បាត់​ហើយ

​។ តែ​ពេលនេះ សំណាង​ណាស់​ដែល​រដ្ឋាភិបាល​បាន​ជួយ​។​” លោក ទេស រុក្ខា​ផល អគ្គលេខាធិការរង នៃ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម និង បាតុកម្ម​នៅ​គ្រប់មុខ​សញ្ញា នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ពន្យល់​អំពី​ការទូទាត់​ថវិកា​ជូន​កម្មករនិយ

ោជិត​ថា​៖ “​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​បាន​ផ្តល់ជូន​ការទូទាត់​លើ​បី​ចំណុច​គឺ ប្រាក់ខែ​ចុងក្រោយ ការឈប់​សម្រាក​ប្រចាំឆ្នាំ និង​ប្រាក់​បណ្តេញចេញ​ស្មើនឹង​ប្រាក់​អតីតភាព​ការងារ​ពួកគេ​។​”​គួរបញ្ជាក់​ផងដែរ​ថា ការបែងចែក​ថវិកា​ជូន​កម្មករនិយោជិត​នេះ គឺ​ក្រសួង​ការងារ​មាន​រូបមន្ត គណនា​ច្បាស់លាស់ ដោយ​ត្រូវ​គិត​ទៅតាម​កិច្ចសន្យាការងារ​មាន​ថិរវេលា​កំណត់ និង​កិច្ចសន្យាការងារ មិនមាន​ថិរវេលា​មិន​កំណត់ ហើយ​និង​អតីតភាព​ការងារ​របស់​ពួកគាត់​ម្នាក់ៗ​។​

ជាមួយគ្នានេះ​ផងដែរ ក្រៅពី​ការបើក​ថវិកា​ជូន​បងប្អូន​កម្មករនិយោជិត ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏មាន​រៀបចំ​ស្តង់​សម្រាប់​ចុះឈ្មោះ​បងប្អូន​កម្មករនិយោជិត​ណា​ដែល​ត្រូវការ​ស្វែងរក​ការងារ​ធ្វើ ចង់​ផ្លាស់ប្តូរ​ការងារ ឬក៏​ត្រូវការ​សេវា​ប្រឹក្សា​យោបល់​ការងារ​តាមរយៈ​សេវា​ការងារ​របស់ រដ្ឋាភិបាល​ដែល​ផ្តល់ជូន​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​។ សម្រាប់​រយៈពេល​ពីរ​ថ្ងៃនេះ មាន​បងប្អូន​ដែល​បានមក​ចុះឈ្មោះ​ស្វែងរក​ការងារ​ជាមួយ​ក្រសួង​មាន​ប្រមាណ​ជិត​២​ពាន់​នាក់ ៕

ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​ជា​លើក​ទី​២ នឹងធ្វើ​នៅ ខែតុលា នា​រាជធានី​ភ្នំពេញ​

ភ្នំពេញ ៖ បន្ទាប់​ទទួលបាន​ជោគជ័យ​នៃ​ការរៀបចំ​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​នៅក្នុង​ខេត្តសៀមរាប កាលពី​ឆ្នាំ​២០១៧ កន្លងទៅនេះ ក្រសួង​ទេសចរ​ណ៌ ក៏បាន​បង្ហាញ​ពី​គម្រោង​រៀបចំ​ពិព័រណ៍​ទេសចរណ៍​នេះ​ជា​លើក​ទី​២ នា​ខែតុលា​ខាងមុខ ដែល​ជ្រើស​យក​រាជធានី​ភ្នំពេញ​ជាទី​តាំង​រៀបចំ​កម្មវិធី​នេះ​វិញ​ម្តង​។​

ក្រសួងទេសចរណ៍ បានកំណត់​យក​រាជធានី​ភ្នំពេញ​ជាទី​តាំង​រៀបចំ ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ លើក​ទី​២ ដែល​ហៅថា Cambodia Travel Mart (CTM 2018) នា​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៨ ខាងមុខនេះ ដោយ​ទីតាំង​ជាក់លាក់​តែម្តង គឺ​នៅក្នុង​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។ ក្នុង​ការរៀបចំ​ព្រឹត្តិការ​ណ៌​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ លើក​ទី​២​នេះ ក្រសួង​ទេសចរ​ណ៌​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន Slickbooth Holding Co,.Ltd ។

​បើតាម​ការបញ្ជា​ក់រប​ស់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន មូល​ហេតុដែល​ក្រសួង​ទេសចរ​ណ៌​សម្រេច​ជ្រើស​យក រាជធានី​ភ្នំពេញ​ជា​កន្លែង​រៀបចំ​ពិ​ព័រ​ណ៌​ទេសចរ​ណ៌​នេះ គឺ​ដោយសារ​ភ្នំពេញ ជា​គោលដៅ​ទេសចរណ៍​ដែល​ផ្តល់​សេវាកម្ម​ទេសចរណ៍​គ្រាប់​គ្រាន់ និង​ស្របតាម​ស្តង់ដារ​ដែល​ហៅថា ម៉ា​យ​ស៏ (MICEs) ផងដែរ សម្រាប់​ក្រុមហ៊ុន​ធុរកិច្ច​ជាតិ និង​អន្តរជាតិ ក្នុង​ការរៀបចំ​កិច្ចប្រជុំ​សន្និសីទ និង​ពិព័រណ៍​អន្តរជាតិ​ធំៗ ។

ថ្លែង​នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ កាលពី​ចុង​ស​ប្តា​ហ៌​កន្លងមកនេះ ឯកឧត្តម ថោង ខុន បាន​បង្ហាញថា ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ ឆ្នាំ​២០១៨ គឺជា​វេទិកា ដ៏​មាន​សារៈសំខាន់ ដែល​នឹង​ជួយ​ជំរុញ​ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ក្នុងស្រុក​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ថែមទៀត​ដល់​ទេសចរ​ក្នុងស្រុក និង​ភ្ញៀវ​អន្តរជាតិ ឲ្យ​បាន​ស្គាល់​និង​ដឹងថា ក្រៅពី​តំបន់​ទេសចរណ៍​ខេត្ដ​សៀមរាប កម្ពុជា​ក៏មាន​តំបន់​ទេសចរណ៍​ជាច្រើន​ទៀត​ដែលមាន​ភាព​ទាក់ទាញ​ខ្លាំង​ផងដែរ ពិសេស​នៅ​ខេត្តបាត់ដំបង កំពត និង​ក្រចេះ​ជាដើម​។

​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ ហៅថា Cambodia Travel Mart 2018) នឹង​ក្លាយជា​វេទិកា​ជួបជុំ​ក្នុង​ការធ្វើ​ធុរៈកិច្ច​ទេសចរណ៍​រវាង​ក្រុមហ៊ុន​ទេសចរណ៍​ក្នុងស្រុក និង អន្តរជាតិ ប្រមាណ ៧០០​ក្រុមហ៊ុន​។ ជាមួយគ្នានេះដែរ ក៏មាន​ការចូលរួម​ពី​ស្ថាប័ន​ទេសចរណ៍​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន រួម​និង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តជាតិ ជាច្រើន​ទៀត​ចូលរួម​ក្នុង​ពិ​ព័រ​ណ៌​នេះ ដែល​នឹង​ជួយ​ផ្សព្វផ្សាយ វិស័យ​ទេសចរណ៍​កម្ពុជា អោយ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

​គួរ​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៧ ប្រទេស​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​ជាង​៥​លាន​៦​សែន​នាក់ ដែល​បាន​ទាញយក​ចំណូល​ដោយផ្ទាល់ ចំនួន​៣​ពាន់​៨​រយ​លាន​ដុល្លា​អាមេរិក និង​បង្កើត​ការងារ​ផ្ទាល់​បាន​ប្រមាណ​៦២​ម៉ឺន​នាក់​។ ចំណែក​រយៈពេល​២​ខែ ដើមឆ្នាំ​២០១៨​កន្លងមកនេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ប្រមាណ​១​លាន​១​សែន​នាក់ ដែល​កើន ១១ % បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧​។

​តាម​ការរំពឹងទុក កម្ពុជា នឹង​ទទួលបាន​អ្នកទេសចរ​អន្តរជាតិ​ចំនួន​៦​លាន​១​សែន​នាក់ នៅ​ឆ្នាំ​២០១៨​នេះ ហើយ​និង​កើនឡើង​ដល់ ៧​លាន​នាក់​នា​ឆ្នាំ​២០២០​ខាងមុខ ជាមួយនឹង​ចំណូល​ប្រមាណ ៥ ពាន់​លាន ដុល្លារ​អាមេរិក រួម​និង​ការបង្កើត​ការងារ​ប្រមាណ​១​លាន​នាក់​៕

គ​.​ជ​.​ប កំណត់​ត្រឹម​២១​ថ្ងៃ ឲ្យ​បក្ស នយោបាយ​ឃោសនា​រក​សំឡេងឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ

​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ នេះ បាន​ឲ្យ​ដ​ដឹងថា ការឃោសនា បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ មាន​រយៈពេល​២១​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។

គ​.​ជ​.​ប បាន​បញ្ជាក់ថា ដើម្បីឱ្យ​គណបក្សនយោបាយ​ដែល​ចូលរួម​ការបោះឆ្នោត​អាច​ផ្សព្វ ផ្សាយ​នូវ​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់ខ្លួន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ដោយ​ស្មើភាព នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៨ នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន ចេញ​គោល ការ​ចំនួន​២ រួមមាន​៖ គោលការណ៍ សម្រាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ស្តីពី​ការរៀបចំ​កម្មវិធី​សំណួរចម្លើយ ឬ​ពិភាក្សា អំពី​គោលនយោបាយ​របស់​គណ​បក្សនយោបាយ​ក្នុងអំឡុង ពេល​ឃោសនាបោះឆ្នោត​គោលការណ៍ សម្រាប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ក្នុង​ការលក់ ឬ​ជួល​ម៉ោង​ផ្សព្វផ្សាយ​ឱ្យ​គណបក្ស នយោបាយ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់ខ្លួន​ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត​។ ដើម្បី​ធានា​ឱ្យ​ការអនុវត្ត​គោលការណ៍​ទាំងពីរ​ខាងលើ​បាន​ជោគជ័យ គ​.​ជ​.​ប នឹង​បង្កើត​គណៈកម្មការ​សម្រប សម្រួល​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ក្នុង អំឡុងពេល​ឃោសនាបោះឆ្នោត​។​

គ​.​ជ​.​ប បាន​បន្តថា អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ដែលមាន​បំណង​រៀបចំ​កម្មវិធី សំណួរចម្លើយ ឬ​ពិភាក្សា អំពី​គោលនយោបាយ​គណបក្ស ន​យោ បាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន​ដែលមាន​បំណង​លក់ ឬ​ជួល​ម៉ោង​ផ្សាយ​ដល់​គណបក្ស នយោបាយ​ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត អាច​ពិគ្រោះ​យោបល់​ជាមួយ​គណៈកម្មការ​សម្រប សម្រួល គ​.​ជ​.​ប មុននឹង​ចាប់ផ្តើម​ដំណើរការ ៕

អាស៊ាន រំពឹងថា​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ទោះជា​មាន​ភាព​តានតឹង​ក្តី​

​អាស៊ាន ៖ តំបន់​អាស៊ីអាគ្នេយ៍​មើលឃើញថា នឹង​នៅតែ​បន្ត​សម្រេចបាន​កំណើនសេដ្ឋកិច្ច​រឹងមាំ បើទោះបីជា​ភាព​តានតឹង​នៃ​ការដំឡើង​អត្រាពន្ធ​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន កំពុង​ជំរុញ​ឲ្យ​មាន​ក្តីបារម្ភ​កាន់តែខ្លាំង​ចំពោះ​ពិភពលោក​ក៏ដោយ​។​

​នៅក្នុង​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​តំបន់​អាស៊ាន ដែល​ធ្វើឡើង​នៅក្នុង​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃ​ចុង​សប្តាហ៍​មុន បាន​ព្យាករ​ថា តំបន់​អាស៊ាន​ដែលមាន​ប្រទេស​ជា​សមាជិក​ចំនួន​១០ និង​មាន​ប្រជាជន​ជាង​៦៣០​លាន​នាក់ នឹង​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ក្នុង​អាត្រា​ខ្ពស់ជាង​តំបន់​ផ្សេងទៀត​ក្នុង​ពិភពលោក ក្នុងឆ្នាំនេះ ខណៈដែល​អា​ត្រ​កំណើន​ឆ្នាំមុន​មាន ៥,១ ភាគរយ​។

​ា​ចំពោះ​ហានិភ័យ​នៃ​ជម្លោះ​ពាណិជ្ជកម្ម​រវាង សហរដ្ឋអាមេរិក និង ចិន រដ្ឋមន្ត្រី​នៃ​តំបន់​អាស៊ាន មើលឃើញថា អាច​នឹង​ប៉ះពាល់​ដល់​ទំនុកចិត្ត​វិនិយោគ​ក្នុង​តំបន់​ផងដែរ ដែល​អាស៊ាន​ត្រូវ​ឃ្លាំមើល​ស្ថានភាព​នេះ​។ ប៉ុន្តែ​បញ្ហា​នេះ គ្មានអ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​នោះទេ​សម្រាប់​អាស៊ាន​។

​រដ្ឋមន្ត្រី​នៃ​តំបន់​អាស៊ាន មើលឃើញថា បើសិន​កើតមាន​សង្គ្រាម​ពាណិជ្ជកម្ម​ខ្លាំង រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​នោះ គឺ​ពុំមាន​នរណាម្នាក់​នឹង​ក្លាយជា​អ្នកឈ្នះ​នោះទេ​នៅក្នុង​ជម្លោះ​នោះ​។

​គួរ​បញ្ជាក់ថា កាលពីដើម​ខែមេសា​កន្ល​ង​មកនេះ លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​សន្យា​ហូតពន្ធ​បន្ថែម​តម្លៃ ១០០ ពាន់​លាន​ដុល្លារ​ទៀត​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន ខណៈដែល​ការ​ហូតពន្ធ​លើ​ទំនិញ​របស់​ចិន​តម្លៃ ៥០​ពាន់​លាន​ដុល្លារ ត្រូវ​បានកំណត់​រួចទៅហើយ ថា​នឹងត្រូវ​ជាប់ពន្ធ​ពិន័យ​នោះ​។

​ចំណែក​ប្រទេស​ចិន ក៏បាន​ប្រកាស​ពី​ផែនការ​តបត​ផងដែរ ដោយ​នឹង​ដំឡើង​ពន្ធ​នាំចូល​ពី​សហរដ្ឋអាមេរិក​វិញ ដូចជា សណ្តែកសៀង យន្តហោះ និង​រថយន្ត​ជាដើម ហើយ​ប្រទេស​ចិន​ក៏បាន​ដាក់​ដំណើរការ​បណ្តឹង​មួយ​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​លើ​បញ្ហា​ពាណិជ្ជកម្ម​នេះ​ទៀតផង​៕​

១៧​ឆ្នាំ​នៃ​ការបង្កើត​ពន្លក​តារាក​ម្ពុ​ជា​តាមរយៈ​ផ្នែក​ឯកជន​

​ភ្នំពេញ ៖ បើ​និយាយ​អំពី​វិស័យ​សិល្បៈ ការបង្កើតអោយមាន​តា​រា​សម្តែង តារា​បង្ហាញ​ម៉ូត ឬក៏ តារាចម្រៀង​។​ល​។ ផ្នែក​រដ្ឋ​តែមួយ​គឺ​មិន​គ្រប់គ្រាន់​ទេ វា​ទាល់តែ​មានការ​ចូលរួម​ពី​ផ្នែក​ឯកជន បន្ថែមទៀត ទើប​អ្វីៗ​អាច​ប្រព្រឹត្តទៅបាន​ល្អប្រសើរ​។

​នេះ​ជាការ​លើកឡើង​របស់​អ្នកគ្រប់គ្រង កម្មវិធី​ប្រកួត​ជ្រើសរើស​តារា​ក្នុង​វិស័យ​សិល្បៈ​លោក ប៊ុន​គើ​ដ អាំង​អាំ​នួ​យ​សិរិ នៃ​ក្រុមហ៊ុន BKA INTERTANMENT ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការរៀបចំ​កម្មវិធី​ប្រកួត​ចំនួន ៣​ព្រមៗ គ្នា ដែល​ក្នុងនោះ​មាន កម្មវិធី​ប្រកួត FRESHIE Girl and Boy ជំនា​ន់ទី​១៧,​កម្មវិធី​ប្រកួត KHMER SUPER MODEL​ជំនា​ន់ទី​៩ និង​កម្មវិធី​ប្រកួត MISTER CAMBODIA ជំនា​ន់ទី​២ ដើម្បី​ផ្តល់​ជា​វេទិកា​កិត្តិយស​ដល់​យុវជន យុវនារី​កម្ពុជា​បានបង្ហាញ​ពី​សមត្ថភាព​ទេពកោសល្យ រូបសម្បត្តិ និង​ភាពស្រស់​សង្ហារ​របស់​ពួកគេ​។​

​លោក ប៊ុន​គើ​ដ បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង និង​ថ្នាក់ដឹកនាំ​កម្ពុជា​ដែល​បាន អនុញ្ញាត និង​យកចិត្តទុកដាក់​ចំពោះ​កម្មវិធី​ចម្រាញ់​ជ្រើសរើស​តារា​ក្នុង​វិស័យ​សិល្បៈ​នៅ កម្ពុជា​នាពេល​កន្លងទៅ​ក្រោម​ការរៀបចំ​ដោយ​ក្រុមការងារ​របស់លោក​។ លោក​ថា កម្មវិធី​ទាំង នេះ​គឺជា​សួន​នៃ​ការបណ្តុះ​ពន្លក​តារា​កម្ពុជា ជា​មា​គា​៌​ក្នុងការ​ចម្លង​ក្តី​ស្រមៃ​នៃ​យុវជន យុវតី​ខ្មែរ បានសម្រេច​នូវ​គោលដៅ ក៏ដូចជា​បំណងប្រាថ្នា​របស់​ពួកគេ​ចំពោះ​សង្គម​សិល្បៈ​កម្ពុជា ដែល ពួកគេ​អាច​ក្លាយជា​សិល្បករ សិល្បការិនី​ដ៏​មាន​គុណភាព​មួយរូប​នាពេល​អនាគត ដោយ​ក្នុង រយៈពេល ១៧​ឆ្នាំ​កន្លងទៅនេះ BKA INTERTANMENT ពិតជា​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី រួមចំណែក​ក្នុងការ​បណ្តុះ​ពន្លក​ថ្មី​នៃ​អ្នកសិល្បៈ​នៅ​កម្ពុជា ក្រោម​កិច្ច​គាំទ្រ​ពី​សំណាក់​ក្រសួង វប្បធម៌ និង​វិចិត្រសិល្បៈ​យ៉ាងសកម្ម​ផងដែរ​៕​

កម្ពុជា​ដំណើរការ​មូលនិធិ​សកល​ប្រឆាំង​ជំងឺអេដស៍ និង​របេង​ឆ្នាំ​២០១៨-២០២០

​ភ្នំពេញ ៖ លោក​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក ម៉ាក អេ​ឌី​ង​តុ​ន នាយក​ផ្នែក​គ្រប់គ្រង​ថវិកា​ហិរញ្ញប្បទាន​ឥត សំណង​នៃ​មូលនិធិ​សកល​បានរួម​គ្នា​ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ នូវ​កម្មវិធី​ប្រយុទ្ធ​​ប្រឆាំងនឹង​ជំងឺអេដស៍​និង​របេង​នៅ​កម្ពុជា​ដោយ​ក្នុង​ពី​ធី​នេះ​ដែល​បានរៀបចំ​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ចន្ទ ទី​៩ ខែមេសា នេះ លោក​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ហៅ​មូលនិធិ​សកល​ថា ជា​ដៃគូ​ដ៏​សំខាន់បំផុត​របស់​កម្ពុ​ជា ក្នុងការ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ របេង និង​គ្រុនចាញ់ ដែល​បានរួម​ចំណែក​ដ៏​ច្រើន​ដល់ កម្ពុជា​ដើម្បី​សម្រេចបាន​នូវ​សមិទ្ធកម្ម​គួរ​ជាទី​មោទនៈ ក្នុងការ​កាត់បន្ថយ​ចំនួន​គ្រោះថ្នាក់ ពី​ជំងឺ​ទាំងនេះ​។

​លោក​បាន​បន្តថា ហិរញ្ញប្បទាន​ឥត​សំណង​ថ្មី​ប្រមាណ​ជាង ៥៥​លាន​ដុល្លារ​
​អាមេរិក​នាពេលនេះ គឺជា​ជំហាន​ដ៏​ធំ​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​យើង និង​ពិភពលោក​ទាំងមូល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ និង​របេង​។ ជំនួយឥតសំណង នេះ បាន​វិភាជន៍​ថវិកា​ចំនួន ៤១ លាន​ដុល្លារ​អាមេរិក សម្រាប់​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ និង​ថវិកា​ចំនួន​ប្រមាណ ១៣ លាន​ដុល្លារ​អាមេរិក​ផ្សេងទៀត សម្រាប់​ការងារ ប្រយុទ្ធ នឹង​ជំងឺរបេង ដែល​នឹង​ជួយ​កម្ពុជា​ឱ្យសម្រេចបាន​នូវ​វឌ្ឍនភាព​ថ្មីៗ​ទៀត​សម្រាប់ រយៈពេល​ពី​ឆ្នាំ ២០១៨ ដល់ ២០២០ ស្របតាម​ចក្ខុវិស័យ​ប្រកបដោយ​មហិច្ឆតា នៃ​ផែនការ យុទ្ធសាស្ត្រ​សុខាភិបាល ២០១៦-២០២០ គឺ “​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​មាន​សុខភាព និង​សុខមាលភាព​កាន់តែ​ល្អប្រសើរ​ឡើង ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម កិច្ច​ប្រកបដោយ​ចីរភាព​”​។

​ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏ បាន​គូស​បញ្ជាក់ដែរថា នេះ​គឺជា​គម្រោង​ទី​១​ហើយ ដែល​មូលនិធិ​សកល​បាន​ឯកភាព ទទួលយក​ប្រព័ន្ធ​ប្រទេស​សម្រាប់​អនុវត្ត​គម្រោង​ដែល​ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ប្រទេស​នេះ មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​អនុវត្ត​គម្រោង និង​ពង្រឹងសមត្ថភាព​ទទួល ខុសត្រូវ​របស់​ក្រសួង​-​ស្ថាប័ន​អនុវត្ត​គម្រោង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​សក្ខីភាព​បង្ហាញ អំពី​ជំនឿ​ទុកចិត្ត​កាន់តែ​រឹងមាំ​ជាង​មុន​របស់​មូលនិធិ​សកល​ចំពោះ​សមត្ថភាព និង​ភាព ជា​ម្ចាស់​របស់​រាជរដ្ឋាភិបាល​លើ​ការគ្រប់គ្រង​គម្រោង​អភិវឌ្ឍន៍​ថែមទៀត​ផង​។

​ដូច្នេះ​ពិធី ប្រកាស​ដាក់ឱ្យអនុវត្ត​នាពេលនេះ គឺជា​សក្ខីកម្ម នៃ​ភាពជា​ដៃគូ​ដ៏​រឹងមាំ​រវាង​រាជ​រដ្ឋា​ភិ បាល​កម្ពុជា និង​មូលនិធិ​សកល ហើយ​ថា តាមរយៈ​ការប្តេជ្ញា និង​ឆន្ទៈ​ដ៏​មោះមុត​របស់ យើង​ក្នុងការ​យកជ័យ​ជម្នះ​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ទាំងនេះ ក៏ដូចជា​ការថែរក្សា ការពារ​នូវ​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ យើង​បាន​រួមគ្នា​ខិតខំ​ប្រឹងប្រែង​រៀបចំ និង​ដាក់ចេញ​នូវ​ចង្កោម​សកម្មភាព​ការងារ និង​យន្តការ​សម្រាប់​អនុវត្ត​នៅក្នុង​ស្មារតី សហការគ្នា​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​។ យើង​បាន​រួមគ្នា​បើក​ទំព័រ​សករាជ​ថ្មី​នៃ​ភាពជា ដៃគូ និង​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​មូលនិធិ​សកល​ក្នុង​ស្មារតី​គោរព គ្នា​ទៅវិញទៅមក​៕​

ក្រសួង​ទំនាក់ទំនង​សភាព្រឹទ្ធសភាបង្ហាញថា អង្គភាព​នានា​បាន​ខិតខំ​អនុវត្ត​ភារកិច្ច​ស្របតាម​ច្បាប់​

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អ​ធិ ការ​កិច្ច ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​ទិស ដៅ​ការងារ​ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា តាមរយៈ​ការចុះ​ធ្វើ​អធិការកិច្ច តាមដាន​ការអនុវត្តន៍​ច្បាប់ និង​អង្កេត​ស្រាវជ្រាវ​ពាក្យបណ្តឹង​នាពេល​កន្លងមក​បានបង្ហាញ​ថា ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ បាន​ខិតខំ​យកចិត្តទុកដាក់ អនុវត្ត​នូវ​តួនាទី ភារកិច្ច​របស់ខ្លួន​ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​បានល្អ​ប្រសើរ ព្រមទាំង បាន​យកចិត្តទុកដាក់​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​គ្រប់ផ្នែក គ្រប់​ជំនាញ ដើម្បី​លើក កម្ពស់​សមត្ថភាព​មន្ត្រី​រាជការ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ទី​៣ របស់​រាជរដ្ឋាភិបាល​។​

​ថ្លែង​បើក​សន្និបាត​នា​ព្រឹក​ថ្ងៃទី​១០ មេសា​នេះ រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច លោក ឆេង សារឿន មានប្រសាសន៍ថា ការរៀបចំ សន្និបាត​ប្រចាំ​ឆ្នាំនេះ​ឡើង​ក្នុង​គោលបំណង​ពិនិត្យ និង​បូកសរុប​លទ្ធផល​ការងារ ដែល ក្រសួង​បាន​អនុវត្ត​ក្នុង​ឆ្នាំ​កន្លងទៅ លើកឡើង​ពី​ការ​ប្រឈម​របស់​ក្រសួង ពិភាក្សា និង​ផ្លាស់ប្តូរ យោបល់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ ព្រមទាំង​ដាក់ចេញ​នូវ​វិធានការណ៍ និង ទិសដៅ​ថ្មីៗ​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០១៨​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ និង​ប្រសិទ្ធភាព​។​

​លោក​រដ្ឋលេខាធិការ​បា​ន​បញ្ជាក់ថា ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បានរួម​ចំណែក​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ជាតិ​ជាច្រើន សំដៅ​ពង្រឹង​អភិបាលកិច្ច​ល្អ និង​រួមចំណែក​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ រហូត​សម្រេចបាន លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ការងារ​ជាច្រើន​ដូចជា ការងារ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធ សភា ការងារ​ផ្សព្វផ្សាយ​ច្បាប់ ការងារ​ទទួល​ពាក្យបណ្តឹង និង​អង្កេត​ស្រាវជ្រាវ ការងារ​អធិការ កិច្ច និង​ការងារ​តាមដាន​ការអនុវត្ត​ច្បាប់​ជាដើម ហើយ​ថា តាមរយៈ​លទ្ធផល​អធិកា​រ​កិច្ច និង ការអង្កេត និង​ដោះស្រាយ​ពាក្យបណ្តឹង​នានា ក្រសួង​បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ ជំរុញ​តម្លាភាព និង​គណនេយ្យភាព ជួយ​កាត់បន្ថយ​ការរំលោភ​ដោយ​អំណាច និង​អំពើ​ពុក រលួយ ដែលជា​ការងារ​ស្នូល​ដ៏​សំខាន់ នៃ​អភិបាលកិច្ច​ល្អ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់ កាល​ទី​៣ ដើម្បី​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល​៕​

ពន្ធដារ​កម្ពុជា តម្រូវ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញ វត្ថុ​បញ្ជូន​របាយការណ៍​ព័ត៌មាន​ពី​គណនី​ជនជាតិ​អាមេរិក​

​ភ្នំពេញ ៖ ជាការ​អនុវត្តតាម​កិច្ចព្រមព្រៀង​ស្តីពី​ច្បាប់​ពន្ធ​អន្តរជាតិ រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក អគ្គនាយកដ្ឋាន​ពន្ធដា​រ តម្រូវ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​សហគ្រាស​ធានារ៉ាប់រង បញ្ជូន​របាយការណ៍​ព័ត៌មាន​គណនី​ជនជាតិ​អាមេរិក​។​

​អគ្គនាយក​ពន្ធដារ (GDT) បាន​ជូនដំណឹង​មួយ​កាល​ពីស​ប្តា​ហ៌​មុន ដែល​តម្រូវអោយ​ធនាគារ ក្រុមហ៊ុន​ធានារ៉ាប់រង និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ទាំងអស់​នៅ​កម្ពុជា ត្រូវបញ្ជូន​របាយការណ៍​ព័ត៌មាន​ដែល​ទាក់ទង​នឹង​គណនី​របស់​ជនជាតិ​អាមេរិក សម្រាប់​ឆ្នាំ​២០១៧ អោយបាន​មុន​ថ្ងៃទី ២៩ ខែមិថុនា ដើម្បី​អគ្គនាយកដ្ឋាន​ពន្ធដារ ពិនិត្យ​និង​បញ្ជូន​របាយ​យ​ការ​ណ៌​ទាំងនោះ ទៅកាន់ អាជ្ញាធរ​ចំណូល​ក្នុងស្រុក​សហរដ្ឋអាមេរិក (US Internal Revenue Service-IRS) អោយបាន​ទាន់ពេលវេលា​។

​អគ្គនាយកដ្ឋាន​ពន្ធដា​រ បានបញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​នេះ​ថា ក្នុងករណី​ផ្ញើ​របាយការណ៍​យឺត​ពេល​កំណត់ ត្រឹម​ថ្ងៃទី​២៩ ខែមិថុនា​នោះ ធនាគារ សហគ្រាស​ធានារ៉ាប់រង និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែលមាន​កាតព្វកិច្ច​ត្រូវ​រាយការណ៍​ស្ថិតក្រោម​កិច្ចព្រមព្រៀង FATCA នឹងត្រូវ​ទទួលខុសត្រូវ និង​រង​ពិន័យ​ណាមួយ យោងតាម​កិច្ចព្រមព្រៀង​នេះ​។ ការធ្វើ​របាយ​ការ​ណ៌​ប្រចាំឆ្នាំ​ដែល​ទាក់ទង​នឹង គណនី​របស់​ជនជាតិ​អាមេរិក​នេះ គឺជា​ការអនុវត្ត តាម​កិច្ចព្រមព្រៀង​មួយ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អាមេរិក ដើម្បី​ធ្វើអោយ​ប្រសើរឡើង​នូវ​អនុលោមភាព​ពន្ធ​អន្តរជាតិ និង​ដើម្បី​អនុវត្ត​តាមច្បាប់ ស្តីពី​អនុលោមភាព​ពន្ធចំពោះ​គណនី​ក្រៅប្រទេស​របស់​សហរដ្ឋ​អាមេរិក (FATCA)៕​