All posts by មេគង្គ ប៉ុស្តិ៍

តូចចិត្តប្រពន្ធ​មាន​ប្តី​ថ្មី នាំ​កូនស្រី​ទៅ​លោតទឹក​នៅ​ស្ពាន​ជ្រោយចង្វា​ស្លាប់​ឪពុក សង្គ្រោះ​បានកូន​

​ភ្នំពេញ ៖ បុរស​ម្នាក់ បាន​ឱប​កូនស្រី​អាយុ​៧​ឆ្នាំ​ម្នាក់ ទៅ​លោត​ពីលើ​ស្ពាន​ជ្រោ​ចង្វា​ថ្មី ក្នុង​សង្កាត់​ស្រះចក ប៉ុនប៉ង​សម្លាប់ខ្លួន​ទាំង​ឪពុក និង​កូន​តែម្តង តែ​កូនស្រី​មានសំណាង​ល្អ ត្រូវបាន​គេ​ជូ​យស​ង្គ្រោះ​ស្រង់​ឡើង​ពី​ទឹកបាន​ទាន់ពេល ចំណែក​បុរស​ជា​ឪពុក​បាន​លិច​បាត់​ខ្លួន​រក​មិនទាន់​ឃើញ​នៅឡើយ​ទេ​។

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ការភ្ញាក់ផ្អើល​នេះ បានកើត​ឡើង​ទាំង​ព្រលឹម ខណៈដែល​បុរស​ខាងលើ ក្រោយពី​ប្រពន្ធ​មាន​ប្តី​ថ្មី ម្យ៉ាង​ខ្លួន​មិនមាន​ការងារ​ធ្វើ និង​ម្យ៉ាងទៀត​ខូចចិត្ត​ខ្លាំង​ក៏បាន​នាំ​កូនស្រី​ទើប​អាយុ​៧​ឆ្នាំ ទៅ​លោតទឹក​សម្លាប់ខ្លួន នៅលើ​ស្ពាន​ជ្រោយចង្វា​ថ្មី បណ្តាល​ឲ្យ​ខ្លួនឯង​ស្លាប់ ចំណែក​កូន​ត្រូវបាន​សង្គ្រោះ​ទាន់ពេល​។​

​ហេតុការណ៍​ពីរ​នាក់​ឪពុក​កូន លោតទឹក​សម្លាប់ខ្លួន​នេះ​បាន​បង្កឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា អត្តឃាត​ជន​ជា​ឪពុក ដែល​លិច​ទឹក​បាត់ រក​សព​មិនទាន់​ឃើញ​នោះ ឈ្មោះ​លី ទៀង អាយុ​៣០​ឆ្នាំ សព្វថ្ងៃ​គ្មាន​មុន​របរ​អី​ទេ ស្នាក់នៅ​ជាមួយ​ម្តាយបង្កើត​ឈ្មោះ ឆេង ហៀ​ង អាយុ​៥៤​ឆ្នាំ មុខរបរ​លក់ដូរ​ស្នា​ក់នៅ ផ្ទះជួល​ផ្លូវ​បេតុង​ភូមិ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ ចំណែក​កូនស្រី ដែលមាន​សំណាង ត្រូវបាន​គេ​ជួយ​ស្រង់​ពី​ទឹក ទាន់ពេលវេលា​នោះ ឈ្មោះ ទៀង លីហ្សា អាយុ​៧​ឆ្នាំ ស្នាក់នៅ​ជាមួយគ្នា​៕

ពលរដ្ឋ​ខ្មែរ​នៅ​ស្វី​ស ដាក់​ញត្តិ​ប្រឆាំង​ការដាក់ទណ្ឌកម្ម លើ​រាជរដ្ឋាភិបាល​កម្ពុជា​

​ភ្នំពេញ ៖ ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​ស្វី​ស នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៨ នេះ បាន​ផ្ញើ​ញត្តិ​មួយច្បាប់ ជូន​លោក Alain BERSET ប្រធានាធិបតី​នៃ​សហព័ន្ធ​ស្វី​ស គាំទ្រ​ការថែរក្សា​សន្តិភាព ស្ថិរភាព និង​កិច្ច​អភិវឌ្ឍ​នៅ​កម្ពុជា ហើយ​បាន​អំពាវនាវ​សហព័ន្ធ​ស្វី​ស កុំឱ្យ​ដាក់ទណ្ឌកម្ម​ណាមួយ និង​កុំឱ្យ​គាំទ្រ​ការដាក់ទណ្ឌកម្ម ដោយ​ប្រទេស​ណាមួយ មកលើ​រដ្ឋាភិបាល​កម្ពុ​ជា​។​

​សូម​អាន​ញត្តិ​ដែលមាន​ខ្លឹមសារ​ដើម​ទាំងស្រុង​ដូចខាងក្រោម​នេះ​៖

ក្រសួង​ព័ត៌មាន នឹង​ចាត់ការ​លើ​​ម្ចាស់គេហទំព័រ និង​បណ្តាញ​សង្គម​នានាដែល​មិន​គោរព​ច្បាប់​

​ភ្នំពេញ ៖ ដើម្បី​គ្រប់គ្រង លើ​ការផ្សព្វផ្សាយ​រាល់​ខ្លឹមសារ​ព័ត៌មាន ឬ សារ​ជា​អក្សរ សំលេង រូបភាព វីដេអូ និង​ទម្រង់​ផ្សេងៗ​ទៀត តាម​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​ដំណើរការ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​នៅ​កម្ពុជា ក្រសួង​ព័ត៌មាន បានប្រកាស​អនុវត្ត​ជា​ផ្លូវការ​នូវ​ប្រកាស​អន្តរក្រសួង ចាប់ពីពេលនេះ​តទៅ ដើម្បីឱ្យ​ស្របតាម​អនុ​ក្រិ​ត្យ ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​ព័ត៌មាន និង​ច្បាប់​ស្តីពី​របប​សារព័ត៌​មាននៅ​កម្ពុជា​។​

​លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន បាន​ថ្លែង​ឱ្យដឹង​នៅក្នុង​សិក្ខាសាលា ស្តីពី ការគ្រប់គ្រង​ការផ្សព្វផ្សាយ​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែល​ដំណើរការ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​នៅ​ព្រះរាជណាចក្រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​៣​ខែកក្កដា​នេះ​ថា ក្នុង​គោលដៅ​ទប់ស្កាត់ រាល់​ការផ្សព្វផ្សាយ​ឬ ការចែក​ចាយ​ខ្លឹមសារ​ព័ត៌មាន ឬ សារ​ជា​អក្សរ សំឡេង រូបភាព និង​ទម្រង់​ផ្សេងៗ ដែលមាន​ចេតនា​បង្ករ​ជា​ចលាចល បណ្តាលឱ្យ​អន្តរាយ​ដល់ វិស័យ​ការពារជាតិ សន្តិសុខ​ជាតិ និង​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ដទៃ សេដ្ឋកិច្ចជាតិ សណ្តាប់ធ្នាប់​សាធារណៈ ការរើសអើង និង​វប្បធម៌ ប្រពៃណីជាតិ​។​

​លោក​បញ្ជាក់ថា ដើម្បី​ធានា​ឱ្យ​ការអនុវត្ត​ប្រកាស​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្រសួង​ព័ត៌មាន ក្រសួងមហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ចាត់តាំង​អង្គភាព​ជំនាញ​ជា​សេនាធិការ​រៀងៗ​ខ្លួន ដើម្បី​ងាយស្រួល​ក្នុង​កិច្ចសហការ​ធ្វើការ​តាមដាន សិក្សា ស្រាវជ្រាវ ស្វែងរក ការធ្វើ​អាជីវកម្ម និង​ការផ្សព្វផ្សាយ​ល្មើសច្បាប់ តាម​គេហទំព័រ និង បណ្តាញ​ទំនាក់ទំនង​សង្គម​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​ទោះជា​យ៉ាងណា លោក​ប្រធាន​នាយក​ដ្ឋា​រូបនេះ​អះអាងថា នេះ​មិនមែន​ជាការ​រឹតបណ្តឹង ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែលមាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​នោះទេ គឺជា​ការតម្រង់ទិស​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​កំពុងតែ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ឱ្យទៅជា​ការអប់រំ ការកំសាន្ត ការចែករំលែក​នូវ​អ្វី​ដែលជា​ផលប្រយោជន៍​សម្រាប់​សង្គម​ជាតិ និង​ឱ្យ​គ្នា​ទៅវិញទៅមក ជៀស​ជាង​យកទៅ​ជេរប្រមាថ តិះឌៀល ដែល​គ្មាន​មូលដ្ឋាន​។​

ទាក់ទិន​ទៅ​និង​យុទ្ធនា​ការឃោសនា បោះឆ្នោត​នៅពេល​ខាងមុខនេះ ឯកឧត្តម ផុស សុវណ្ណ បាន​អំពាវនាវ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ គោរព​ទៅតាម​គោលការណ៍​ណែនាំ​របស់ គ​.​ជ​.​ប​.​សម្រាប់​បណ្តាញ​ទំនាក់ទំនង​សង្គម​សុំឱ្យ​ការ​ឡា​ច ការ​ស៊ែ ត្រូវ​ពិនិត្យពិចៃ​ឱ្យបាន​ជាក់លាក់ ដើម្បី​កុំឱ្យ​មហាជន​មាន​ការជឿ​ទៅលើ​ព័ត៌មាន​មិន​ពិត ដែល​ធ្វើអោយប៉ះពាល់​និង​មានការ​ភ័​ណ្ឌ​ច្រឡំ​ដល់​សាធារណៈជន​និង​បំពុលសង្គម​ផងដែរ​៕

នាយករដ្ឋមន្ត្រី​បន្ត​ជួប​កម្មករ និយោជិត​ជាង​២​ម៉ឺន​៧​ពាន់​នាក់ នៅ​ស្រុក​អង្គស្នួល

​កណ្តាល ៖ នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ ជាមួយ​កម្មករ កម្មការិនី​រោងចក្រ ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ពុធ នេះ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា កម្ពុជា​កំពុង​ជំរុញ​វិស័យ​ឧស្សាហកម្ម ដែល​រួមចំណែក​មួយផ្នែកធំ​សម្រាប់​សេដ្ឋកិច្ចជាតិ និង​សេវាកម្ម​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ ចំនួន​ជាង​៦៥​ម៉ឺន​នាក់​ហើយ ក្នុងជំនួប​ចំនួន​៤៨​លើក បើ​គិត​ចាប់តាំងពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧ មកដល់ ព្រឹក​ថ្ងៃទី​៤ ខែ​កក្ត​ដា ឆ្នាំ​២០១៨​នេះ ក្នុងការ​បន្ត​ជួប​សំណេះសំណាល​រវាង​សម្តេច​តេ​ជោ ជាមួយ​កម្មករ និយោជិត ចំនួន​ជាង​២​ម៉ឺន​៧​ពាន់​នាក់​ទៀត មកពី​រោងចក្រ​ចំនួន​១៨ ក្នុង ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

​ក្នុងចំណោម​រោងចក្រ​ទាំង​១៨​នេះ មាន​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ចំនួន 12, ផលិត​ស្បែកជើង​ចំនួន​២, ផលិត​កាបូប​ចំនួន ២, ផលិត​ចំណី​សត្វ​ចំនួន 1 និង​ផលិត​កេស​កា​តុង​ចំនួន​១​។ រោងចក្រ​ទាំងនេះ មាន​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន​13, កូរ៉េ​ចំនួន​២, សិង្ហ​បុរី​ចំនួន 1, ថៃ​ចំនួន​1 និង​ខ្មែរ​ចំនួន​1​។

​ក្នុង​ពិធី​សំណេះសំណាល​ដែរ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ចេង​ឌូ​បា​យី កម្ពុជា ចិន ស្ថិតក្នុង​ភូមិ​ព្រៃ​រកា , ឃុំ​ឆក​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល នាពេលនេះ សម្តេច​តេ​ជោ បាន​បន្ត​អំពាវនាវ​ដល់​ថៅកែ​រោងចក្រ យកចិត្តទុកដាក់​ដល់​សុខមាលភាព និង បរិយាកាស​ការងារ របស់​កម្មករនិយោជិត ដែល​កត្តា​នេះ នឹង​ជំរុញ​អោយ​ការងារ​របស់​កម្មករ កាន់​តែមាន​ប្រសិទ្ធភាព និង​ផ្តល់​ប្រាក់ចំណេញ​ច្រើន​មកដល់​រោងចក្រ​វិញ​។ សម្តេច​តេ​ជោ បាន​ថ្លែង​បញ្ជាក់ថា រាជរដ្ឋាភិបាល​ក៏​កំពុង​យកចិត្តទុកដាក់​ខ្លាំង​ដល់ សុខទុក្ខ​កម្មករ​ដែរ តាមរយៈ​ការដំឡើង​ប្រាក់​ឈ្នួល​អ​ប្បរមា​ជា​រៀងរាល់ឆ្នាំ រួម​និង​គោលនយោបាយ​គាំពារ​សង្គម​ជាច្រើន​ទៀត​។ ទ​ន្ទឺ​ម​នេះ កាលពី​ថ្ងៃទី​៣ ខែ​កក្ដ​ដា ឆ្នាំ​២០១៨ សាលាក្រុង​ភ្នំពេញ​ក៏បាន​ដាក់អោយ​ដំណើរការ​ខ្សែ​រថយន្ត​សាធារណៈ​បន្ថែមទៀត ភ្ជាប់​មកដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង កំពុង​សិក្សា​ការតភ្ជាប់​ខ្សែ​រថយន្តក្រុង​ទៅកាន់​ក្រុង​តាខ្មៅ​ផងដែរ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​មិន​គិតថ្លៃ​របស់​កម្មករ​នៅក្រៅ​ក្រុងភ្នំពេញ​។

​សម្តេច​តេ​ជោ បាន​ពន្យល់ថា ពេលនេះ ជា​ពេលដែល​កម្ពុជា​ត្រូវ​ជម្រុញ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម ប៉ុន្តែ​មិនមែន​មានន័យថា កម្ពុជា​បោះបង់ចោល​វិស័យ​កសិកម្ម​នោះទេ​។
​នេះ​ជាការ​អភិវឌ្ឍ​ជា​ដំណាក់កាល ខណៈដែល​វិស័យ​កសិកម្ម បានរួម​ចំណែក​ក្នុង​សេដ្ឋកិច្ច​សរុប​របស់​ក​ម្ពុ​ជា​២៥​ភាគរយ វិស័យ​ឧស្សាហកម្ម​មាន​៣៥​ភាគរយ និង​សេវាកម្ម​មាន ៤៥​ភាគរយ​។​ដើម្បី​សម្រេច​អោយបាន​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទាំងនេះ រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ឧស្សាហកម្ម គោលនយោបាយ​កសិពាណិជ្ជកម្ម និង​គោលនយោបាយ​កសិឧស្សាហកម្ម ផងដែរ​។

​គួរ​កត់សំគាល់ថា ក្នុងការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​ពង្រាយ​រោងចក្រ សហគ្រាស​ទៅតាម​បណ្តា​ខេត្ត ដែលជា​ចក្ខុវិស័យ និង​ជា​គោលនយោបាយ​អាទិភាព​មួយ ត្រូវបាន​អនុវត្ត​រយៈពេល​ជិត​២០​ឆ្នាំ​មកហើយ បន្ទាប់ពី​នយោបាយ​ពង្រាយ​សាលារៀន​ទៅតាម​ភូមិឋាន​របស់​ប្រជាពលរដ្ឋ ក្នុង​គោលបំណង​បង្ខិត​ការងារ​ទៅជិត​កន្លែង​រស់នៅ​រប​ស់​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ចំណាកស្រុក​។

ដោយឡែក គ្រាន់តែ​ក្នុង​ខេត្តកណ្តាល
​បើតាម​របាយការណ៍រ​បស់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ ខេត្តកណ្ដាល​មាន​រោងចក្រ​សហគ្រាស​គ្រឹះស្ថាន​ចំនួន 462 មាន​កម្មករនិយោជិត​ចំនួន​ជាង 15​ម៉ឺន​នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប 363 លាន​ដុល្លារ​អាមេរិក​។​ក្នុងនោះ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​និង​ផលិត​ស្បែកជើង​មាន​ចំនួន 168 មាន​កម្មករនិយោជិត ចំនួន 13​ម៉ឺន​នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ប្រមាណ​ជាង ៣២២​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​៕

ពិព័រណ៍​ទេសចរណ៍​ក្នុងស្រុក​ប្រចាំឆ្នាំ​នឹង​រៀបចំ​ធ្វើ​នៅ​កោះ​ពេជ្រ​ពីថ្ងៃ​ទី​២០-២២ កក្កដា​

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ ចាប់ពី​ថ្ងៃទី​២០ ដល់​២២ ខែកក្កដា ខាងមុខនេះ នឹង សហការ​ជាមួយ​សមាគម​ទីភ្នាក់ងារ​ទេ​ង​ស​ចរណ៍​កម្ពុជា និង ដៃគូរ​វិស័យ​ឯកជន រៀបចំ​ពិព័រណ៍​ទេសចរណ៍​ក្នុងស្រុក​រយៈពេល​៣​ថ្ងៃ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដើម្បី​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក ឱ្យ​កាន់​តែមាន​សន្ទុះ​កើន ឡើង​ថែមទៀត​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក្នុង​កិច្ចប្រជុំ​នា​ទីស្តីការក្រសួង​កាលពី រសៀល​ថ្ងៃទី​៣ កក្កដា ឆ្ពោះទៅ​ការរៀបចំ​ពិព័រណ៍​នេះ បាន​ជម្រុញ​ឱ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍ ទាំងអស់​យកចិត្តទុកដាក់​បន្ថែមទៀត​ទៅលើ​ភ្ញៀវទេសចរ​ក្នុងស្រុក ព្រោះ​ទេសចរ​ក្នុងស្រុក ពិតជា​បាន​ចូលរួម​យ៉ាងសំខាន់ ក្នុងការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ប្រទេស តាមរយៈ​វិស័យ ទេសចរណ៍​នេះ​។ លោ​កម​រដ្ឋមន្ត្រី​បន្តថា ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ បាន​កាន់តែច្រើន ប្រតិបត្តិ​ករ សហគមន៍ និង​តំបន់​ទេសចរណ៍​ទាំងអស់ ត្រូវ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ ពង្រឹង យន្តការ​សេវាកម្ម​ឱ្យបាន​កាន់តែ​ល្អ ទាំង​បរិស្ថាន អនាម័យ គុណភាព សោ​ភណ្ឌ​ភាព និង​តម្លៃ ធ្វើយ៉ាងណា​ឱ្យ​ភ្ញៀវ​ទទួលយកបាន ទាំង​កម្រិត​ទាប មធ្យម និង​កម្រិត​ខ្ពស់​។ លើសពីនេះ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់បំផុត​លើ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ទាំង​ការ​ស្នាក់នៅ ដំណើរ​ទស្សនកិច្ច ធ្វើយ៉ាងណា​ត្រូវមាន​អ្នកជំនាញ និង​សមត្ថកិច្ច តាម​ជាប់​ជានិច្ច ដើម្បីឱ្យ ធានាបាន​ថា ភ្ញៀវ​ទស​ចរ​មាន​ភាពកក់ក្តៅ និង​ច្បាស់លាស់​ក្នុង​ចិត្ត ដែលជា​ការទាក់ទាញ​ដ៏ សំខាន់​មួយ​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​នៅពេល​ក្រោយៗ​ទៀត​។​

ដោយឡែក​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន លើកឡើងថា ការរៀបចំ​ឱ្យមាន​ពិព័រណ៍​ទេសចរណ៍​ក្នុងស្រុក​ប្រចាំ​នៅ​ឆ្នាំ​២០១៨ គឺ​ដើម្បី ជួយ​លើកស្ទួយ​ប្រជា​សហគមន៍ និង​សហគមន៍​តំបន់​ទេសចរណ៍​ក្នុងស្រុក ក៏ដូចជា​ប្រតិ ប​ត្តិ​ករ​ទេសចរណ៍​ទាំងអស់​ឱ្យបាន​ចូលរួម​ក្នុង​កម្មវិធី​ពិព័រណ៍​ជាតិ និង​បាន​តាំង​បង្ហាញ​នូវ ផលិតផល​សកម្មភាព​ទេសចរណ៍ និង​ភាព​ទាក់ទាញ​របស់​សហគម​ន៍​ខ្លួន ដែល​កំពុងមាន តម្រូវការ​នូវ​ការទទួលស្គាល់​ពី​ភ្ញៀវ​ទេ​ចរណ៍​ជាតិ និង​អន្តរជាតិ ហើយ​អាចជា​ប្រយោជន៍ ដើម្បី​ថែរក្សា បង្កើន​ការយល់ដឹង​អំពី​ផ​លិ​ផល​ជាតិ និង​តំបន់​ទេសចរណ៍​ក្នុងស្រុក ដើម្បីឱ្យ មានការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​។ លោកស្រី​ថា ក្រៅពីនេះ​ជា​បង្កើន​ការយល់ដឹង និង​ធ្វើឱ្យ​ស្គាល់​កាន់តែច្បាស់​អំពី​ផលិតផល​ជាតិ​ដល់​សាធារណៈជន ដើម្បី​ងាយស្រួល​ក្នុង ការពង្រីក​កញ្ចប់​ទស្ស​ន​កិច្ច និង​ពន្យា​ពេល​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ​។

​មួយទៀត​ក៏​ជាការ ផ្សព្វផ្សាយ​នូវ​តំបន់​ទេសចរណ៍​ថ្មីៗ នៅ​ទូទាំងប្រទេស​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​ស្គាល់ ពិសេស​ការរៀបចំ​ពិព័រណ៍​ម្ហូបអាហារ ការ​ជម្រុញ​ការផ្សព្វផ្សាយ​អំពី​ម្ហូបអាហារ​
​ជាតិ​ដល់​អ្នកចូលរួម​ទស្សនា​បាន​ស្គាល់ និង​មាន​ភាពទូលំទូលាយ​ពី​អត្ថ​សញ្ញាណ​ម្ហូបអាហារ ខ្មែរ​ដែល​សព្វថ្ងៃនេះ​ការផ្សព្វផ្សាយ​នៅមានកម្រិត​នៅឡើយ​៕

​ក្រសួង​បង្កើន​ការ​រឹតបន្តឹង​ការប្រឡង​បាក់​ឌុប ដើម្បី​ធានា​គុណភាព​ការអប់រំ

​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​អះអាងថា​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​នៅ​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៨​ខាងមុខនេះ ក្រសួង​នៅតែ​រៀបចំ​ឲ្យ​មាន​លក្ខណៈ​ស្តង់ដារ​ដូច​ឆ្នាំមុនៗ​ដដែល​ដើម្បី​ធានាបាន​នូវ​គុណភាព​អប់រំ​ខ្ពស់​។​

​ថ្លែង​នៅក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​មួយ ស្តីពី​ការរៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យ​សិក្សា​ទុតិយភូមិ​កាលពី​រសៀល​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០១៨​នៅ​ទីស្តីការក្រសួង លោ​កម​បណ្ឌិត សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មានប្រសាសន៍ថា​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំនេះ​នឹង​ប្រព្រឹត្តិ​ទៅតាម​កាលកំណត់​ខាងលើ ដោយមាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន​១១៧ ០៦១​នាក់​កើនឡើង​ជាង​ឆ្នាំមុន​១៣.៩៤៩​នាក់​និង​មាន​១៩៥​មណ្ឌល​ចែកជា​៤៧១៦​បន្ទប់​នៅតាម​រាជធានី​ខេត្ត​ទូទាំងប្រទេស​។​
លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ចំពោះ​លទ្ធផល​នៃ​ការប្រឡង​វិញ​ក្រសួង​នឹងធ្វើ​ការប្រកាស​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ​នៅ​រសៀល​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៨​សម្រាប់​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល​និង​នៅ​ថ្ងៃទី​១២​កញ្ញា​ឆ្នាំ​២០១៨​នៅតាម​មណ្ឌល​ផ្សេងៗ​ទៀត​។​
លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​ក្រសួង​បានធ្វើការ​កែសម្រួល​បន្ថែ​ម​ទៅលើ​បទ​បញ្ញា​តិ​មួយចំនួន​ដើម្បី​ឲ្យ​ការប្រឡង​កាន់តែ​មាន​សុ​ក្រិ​ត្យ​ភាព តម្លាភាព និង​អាច​ទទួលយកបាន​ទាំងអស់គ្នា​។​

​លោក បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន បាន​បន្ថែមថា​ចំពោះ​វិធានការ​សម្រាប់​បេក្ខជន​ប្រឡង​វិញ​រួមមាន​ក្នុងករណី​បេក្ខជន​យក​សំណៅ​ឯកសារ​ប្រឡង សៀវភៅសរសេរ ទូរស័ព្ទដៃ​ចូល​មណ្ឌល​ប្រឡង ឬ​មាន​អាកប្បកិរិយា​មិន​សមរម្យ​ឬ​បង្ក​ជំលោះ​នៅក្នុង​មណ្ឌល​ប្រឡង លួច​ចំលង​ឬ​យក​សំណៅ​ឯកសារ​ពី​អ្នក​ដ៏​ទៃ​យកមក​ដាក់​នៅលើ​តុ​របស់ខ្លួន លួច​មើល​ពេល​ប្រឡង​ប្រើប្រាស់​ទូរស័ព្ទដៃ និង​ឧបករណ៍​អេ​ឡេច​ត្រូ​និ​ច​គ្រប់​ប្រភេទ អង្គុយ​ខុស​លេខ​តុ​ឬ​រំកិល​តុ​ជាប់​គ្នា​ដូរ​កិច្ច​ការប្រឡង ប្រលង​ជំនួស នឹង​ទទួលបាន​ពិន្ទុ​សូន្យ​ឬ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​។​

​ក្នុងករណី​បេក្ខជន​ប្រឡង​ដើរ​ចុះ​ដើរ​ឡើង​ដោយ​មិនមាន​ការអនុញ្ញាត ហែកក្រដាស​កិច្ចការ​ប្រឡង​មិន​ឲ្យ​មេ​ប្រយោគ ផ្លាស់ប្តូរ​កន្លែង​អង្គុយ​ដោយ​ខ្លួនឯង ឲ្យ​ក្រដាស​កិច្ចការ​របស់ខ្លួន ទៅ​អ្នក​ដ៏​ទៃ​ចំលង​ឬ​សរសេរ​ចំណាំ​នៅលើ​ក្រដាស​កិច្ចការ​ប្រឡង​ឬ​បង្ក​ជំលោះ​ជាដើម​នឹងត្រូវ​ប្រឈម​នឹង​ការធ្លាក់​ហើយ​ហាម​មិន​ឲ្យ​ចូលរួម​ប្រឡង​១​ឆ្នាំ​ទៀតផង​។​
​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ធ្ងន់ធ្ងរ​ជាងនេះទៀត ក្នុងករណី​បេក្ខជន​យក​អាវុធជាតិផ្ទុះ​ចូល​មណ្ឌល​ប្រឡង​ឬ​ឲ្យ​អ្នក​ដ៏​ទៃ​ប្រឡង​ជំនួស​ខ្លួន​ត្រូវ​ធ្លា​ក់ដោយ​ស្វ័យប្រវត្តិ​និង​ហាម​មិន​ឲ្យ​ប្រឡង​២​ឆ្នាំ​។​ចំណែក​អ្នក​ប្រឡង​ជំនួស​គេ​ត្រូវ​ប្រឈម​នឹង​តុលាការ​ក្នុង​បទ​ក្លែង​ឯកសារ​សាធារណៈ​។​

​លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​បុគ្គលិក​អប់រំ​ក៏​ទទួលពិន័យ​ដូច​បេក្ខជន​ប្រឡង​ដែរ​ដូចជា​មេ​ប្រយោគ​ពេល​ឃើញ​បេក្ខជន​លួច​ចំលង​គ្នា​ហើយ​មិន​ចាប់​នោះ​គ្រូ​ទាំងនោះ​នឹងត្រូវ​ទទួលរង​ការពិន័យ​ជា​ផ្ទាល់មាត់​និង​ហាម​មិន​ឲ្យ​ធ្វើ​មេ​ប្រយោគ​រយៈពេល​១​ឆ្នាំ​។​ក្នុងករណី​គ្រូ​ជួយ​ធ្វើ​វិញ្ញាសារ​ឲ្យ​សិស្ស​ទទួល​សំណូក ឬ​រៀបចំ​ជា​ចំលើយ​វិ​ញ្ញា​ប្រឡង​អាច​ប្រឈម​នឹង​ការបណ្តេញ​ចេញពី​ក្រម​ខណ្ឌ​គ្រូបង្រៀន​ឬ​ប្រឈម​នឹង​ផ្លូវ​តុលាការ​ផងដែរ​។​

​ដើម្បី​ឲ្យ​សុ​ក្រិត​ថែមទៀត​នោះ​លោក​បណ្ឌិតសភា​ចា​រ្យ​ហង់​ជួនណា​រ៉ុ​ន​បាន​បញ្ជាក់ថា​ក្រសួង​បាន​អនុវត្ត​ឲ្យ​ការ​ការពង្រាយ​អ្នកសង្កេតការណ៍​ពី​អង្គភាព​ព​ប្រឆាំង​អំពើពុករលួយ​ជាង​៦​ពាន់​នាក់​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ​ផងដែរ​។​

​ចំពោះ​វិញ្ញាសា​បរ​ឡង​គឺ​ក្រសួង​មិនមាន​បន្ធូរ​នោះទេ បានរៀបចំ​ទៅតាម​ស្តង់ដារ​និង​ទៅតាម​កំរិត​ចំណេះដឹង​របស់​សិស្ស​ហើយ​ពិន្ទុ​ដែល​បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន​២៣៧​ពិន្ទុ​។​ពិន្ទុ​ចាប់ពី​២៣៧​ដល់​២៨៥​ទទួលបាន និទ្ទេស​E ពិន្ទុ​ចន្លោះ​ពី​២៨៥​ដល់​៣៣៣​ទទួលបាន D​ពិន្ទុ​ចន្លោះ​ពី​៣៣៣​ដល់​៣៨០​ទទួលបាន C​ពិន្ទុ​ចន្លោះ​ពី​៣៨០​ដល់​៤២៧​ទទួលបាន B​និង​ពិន្ទុ​ចន្លោះ​ពី​៤២៧​ដល់​៥០០​ទទួលបាន​និទ្ទេស​A​។​
​ក្រៅពីនេះ លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា​ក្រសួង​ក៏មាន​រៀបចំ​ដាក់ពង្រាយ​រថយន្ត​សង្គ្រោះ​និង​គ្រូពេទ្យ​ប្រចាំការ​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ​ដើម្បី​ជួយសង្គ្រោះ​នៅពេល​បេក្ខជន​មាន​បញ្ហា​សុខភាព​ដូចជា​ឈឺក្បាល​វិលមុខ​ឬ​ដួលសន្លប់​ជាដើម​។​ជាងនេះទៅទៀត​សម្រាប់​បេក្ខជន​ជាប់​និទ្ទេស A​ឬ​B​ដែល​ពីមុន​ក្រសួង​តម្រូវ​ឲ្យ​ជាប់​គ្រូ​ដោយ​ស្វ័យប្រវត្តិ​នោះ​នៅ​ឆ្នាំនេះ​មិនមាន​ទៀត​ទេ​គឺ​ត្រូវ​ចូល​ប្រឡង​ដូច​គេ​ដូច​ឯង​ដែរ​។​

​សូម​រំលឹកថា កាលពី​ឆ្នាំមុន​ការប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២១-២២ ខែសីហា ដោយមាន​សិស្ស​ប្រឡង ជាប់​ជាង​៦​ម៉ឺន​៣​ពាន់​នាក់ ស្មើនឹង​៦៣.៨៤% នៃ​បេក្ខជន​វត្តមាន​សរុប​ចំនួន ៩៩,៧២៨​នាក់ ហើយ​ក្នុងចំណោម​សិស្ស ប្រឡង​ជាប់​ទាំងនោះ​ទទួល​និទ្ទេស A​ចំនួន ៤២៤​នាក់​, និទ្ទេស B ចំនួន ២,៤៦៤​នាក់​, និទ្ទេស C​ចំនួន ៥ ០០០​នាក់​, និទ្ទេស D ចំនួន ៩,១២៣​នាក់ និង​និទ្ទេស E ចំនួន ៤៦,៦៥៧​នាក់​៕

ខេត្តតាកែវ ដាក់​ដេញថ្លៃ​មូលនិធិ​គម្រោង​អភិវឌ្ឍន៍​ឃុំ​ចំនួន​៥

​ខេត្តតាកែវ ៖ មូលនិធិ​គម្រោង​អភិវឌ្ឍន៍​ឃុំ​ចំនួន​៥ ក្នុង​ខេត្តតាកែវ ត្រូ​បាប​ដាក់​ឲ្យ​ដេញថ្លៃ​ដោយ​សេរី និង​យុត្តិធម៌ បានធ្វើអោយ​ចំណេញ​ថវិកាជាតិ​ជាង​១១១​លាន​រៀល​។

​ការដេញថ្លៃ​មូលនិធិ​សំរាប់ធ្វើ​ការអភិវឌ្ឍន៍​ឃុំ​ចំនួន​៥ នេះ ស្ថិតនៅក្នុង​ស្រុក​បាទី ស្រុក​សំរោង និង​ស្រុក​ត្រាំកក់​ខេត្តតាកែវ កាល​ថ្ងៃទី​០២​ខែ​កក្ដ​ដា ឆ្នាំ ២០១៨ ដែលមាន​លក្ខណៈ​សេរី យុត្តិធម៌​តម្លាភាព​ក្រោម​ការសម្របសម្រួល​ប្រធាន​គណៈកម្មការ​លទ្ធកម្ម​ទាំង​ប្រាំ​ឃុំ​គឺ ឃុំ​ពុត​សរ​ស្ថិតនៅ​ក្នុងស្រុក​បាទី ឃុំ​សឹង្ហ ស្ថិតនៅក្នុង​ស្រុក​សំរោង ឃុំ​អង្គតាសោម និង​ឃុំ​ឧ​ត្ត​ម​សូរិយា ស្ថិតនៅ​ក្នុងស្រុក​ត្រាំកក់​ខេត្តតាកែវ​។

​មូលនិធិ​សំរាប់​ការដេញថ្លៃ​នេះ សំរាប់ធ្វើ​ផ្លូវ​ចាក់​បេតុង​ចំនួន​មួយ​ខ្សែរ និង​ជួលជុល​ផ្លូវដី​ក្រាល​គ្រួសធម្មជាតិ និង​គ្រួ​សស​ចំនួន​៤​ខ្សែរ ក្នុង​គម្រោង​ប៉ាត់​តម្លៃ​សរុប​ចំនួន​ជាង​៣២៩​លាន​រៀល​។
​ប្រជាពលរដ្ឋ​និង​គណៈកម្មការ​លទ្ធកម្ម​នៅក្នុង​ឃុំ​ចំនួន​៥ បាន​សម្តែង​ការរីករាយ​ក្រោយពី​ធ្វើការ​ដេញថ្លៃ​សំរាប់​គម្រោង​អភិវឌ្ឍន៍​ឃុំ​បានធ្វើអោយ​សល់​ថវិការ​ជាតិ​ចំនួន​ជាង​១១១​លាន​រៀល​។
​នៅក្នុង​គម្រោង​ដេញថ្លៃ​ខាងលើ​មាន​ក្រុមហ៊ុន​ចំនួន​១៥​ក្រុមហ៊ុន​ធ្វើការ​ប្រកួតប្រជែង​ដោយ​សេរី​ស្មើភាព​និង​យុត្តិធម៌​។

​គណៈកម្មការ​លទ្ធកម្ម​ទាំង​ប្រាំ​ឃុំ​បានស្នើ​ដល់​ក្រុមហ៊ុន​ដែលមាន​សុពលភាព​ក្នុងការ​ដេញថ្លៃ​ធ្វើ​យ៉ាង​អោយ​គោរព​ទៅតាម​បទដ្ឋាន​បច្ចេកទេស តាម​ស្តង់ដារ​ដែល​តម្រូវ​ដោយ​ក្រុម​គណៈកម្មការ​បច្ចេកទេស​ធ្វើអោយ​ជាប់​បានយូរ​និង​រក្សាបាន​នូវ​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​សំរាប់​ពេលអនាគត​ផងដែរ​៕

ទូតជប៉ុនប្រចាំកម្ពុជា នឹងប្រារពធ្វើបុណ្យ តាណាបាតា ប្រចាំឆ្នាំ២០១៨

ភ្នំពេញ ៖ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា រួមសហការជាមួយ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និង មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន(JFAC) នឹងរៀបចំប្រារពធ្វើពិធីបុណ្យ តាណាបាតា ឬ ពិធីបុណ្យផ្កាយ ប្រចាំឆ្នាំ២០១៨ នៅថ្ងៃទី៥និង៦ ខែកក្កដានេះ នៅ CJCC។

បើតាមការឱ្យដឹង ពីមន្រ្តីស្ថានទូតជប៉ុន ប្រចាំកម្ពុជា កាលពីល្ងាចថ្ថៃទី០២ ខែកក្កដានេះថា នៅថ្ងៃទី៥ នឹងចាប់ផ្តើមបើកកម្មវិធី ក្នុងនោះមាន របាំជូនពរ សម្តែងដោយក្រុមនិស្សិតស្មគ្រ័ចិត្តCJCC ក្បាច់របាំខ្មែរ ដោយកញ្ញា Yamanaka Hitomi និងការសម្តែងដោយក្រុមតន្រ្តី បុរាណជប៉ុន ប្រូម្ញូស៊ីកា នីប៉ូនៀ។

សម្រាប់ថ្ងៃទី៦ មានការប្រឡងចំរៀង ណូដូជីម៉ាន់ ២០១៨ និងការប្រគំតន្រ្តី ប្រូម្ញូស៊ីកា នីប៉ូនៀ។ ក្រៅពីនេះក៏មានកម្មវិធី វប្បធម៌ជាច្រើនទៀត ដូចជាសិក្ខាសាលា ស្តីពី ឧបករណ៍តន្រ្តីបុរាណជប៉ុន ការបញ្ចាំងខ្សែភាពយន្តគំនូរជីវចលជប៉ុនដ៏ល្បីល្បាញ រឿង «One Piece» ថ្នាក់រៀនចម្អិនម្ហូបអាហាជប៉ុន សិស្បៈបត់ក្រដាស «អូរីហ្កាមី» សិល្បៈកាត់ក្រដាស«គីរីហ្កាមី» សរសេរអក្សរផ្ចង់ «ស្យូដូ» ការសាកល្បង សម្លៀកបំពាក់ប្រពៃណីជប៉ុន និងកម្ពុជា ព្រមទាំងការតាំងពិព័រណ៌ផ្សេងៗនៅក្នុងតពិធីបុណ្យនេះ។ ពិធីបុណ្យនេះ សម្រាប់នៅកម្ពុជា គឺធ្វើឡើងក្នុងគោលបំណង បន្តជម្រុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរបន្ថែមទៀត។

សូមបញ្ជាក់ថា ពិធីបុណ្យ បាណាបាតា »បុណ្យផ្កាយ» ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០០៤ ដោយCjCC បុណ្យនេះ ជាកម្មវិធីបុណ្យប្រពៃណីជប៉ុន ដែលតែងតែប្រារពធ្វើនៅថ្ងៃទី៧ ខែកក្កដា ជារៀងរាល់ឆ្នាំនៅប្រទេសជប៉ុន ដើម្បីរំលឹកពីដំណើររឿងរបស់គូរស្នេហ៍មួយគូរគឺ នារីតម្បាញ និងបុរសគង្វាគោ ដែលបានដំបែកគូរស្នេហ៍នេះដោយទន្លេអាមាណុហ្កាវ៉ា ហើយអាចជួបគ្នាបានតែមួយគត់ក្នុងមួយឆ្នាំគឺថ្ងៃទី៧កក្កដា។

ដូច្នេះនៅថ្ងៃនោះ ប្រជាជនជប៉ុនតែងនាំគ្នាសរសេរពីបំណងប្រាថ្នារបស់ខ្លួន ហើយចងព្យួទៅនិងដើមឬស្សី ដើម្បីឱ្យបានសម្រេច នូវអ្វីដែលខ្លួនប៉ងប្រាថ្នា៕

ខេត្តពោធិសាត់ តែងតាំង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ថ្មី​

​ពោធិសាត់ ៖ លោក ប៉ាន សូរ​ស័ក្តិ បានចាត់ទុក​ព្រឹត្តិការណ៍​តែងតាំង​ថ្នាក់ដឹកនាំ​ថ្មី របស់​មន្ទីរ​ពាណិជ្ជក​ម្ម​ខេត្តពោធិ៍សាត់ គឺជា​ភស្តុតាង​ដែល​បញ្ជាក់​ពី​ការចូលរួម​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ព្រមទាំង​កម្មវិធី​អភិបាលកិច្ច​ល្អ ដែលជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល ។​

​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​កោតសរសើរ​អតីត​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តពោធិ៍សាត់ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ដើម្បី​បំពេញភារកិច្ច​គ្រប់គ្រង និង​ដឹកនាំ​មន្ទីរ​ពាណិជ្ជកម្ម រហូត​ក្លាយទៅជា​អង្គភាព​មួយ ដែល​ទទួលបាន​ការគាំទ្រ​ពី​វិស័យ​ឯកជន និង​គណៈ​អភិបាលខេត្ដ​គ្រប់​ជំនាន់​។
​លោក​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរខេត្ត​ពោធិ៍សាត់ ដែល​កន្លងមក​បានផ្ដល់​នូវ​កិច្ចសហការ​ល្អ និង​តែង​គាំទ្រ​រាល់​កម្ម​ភាព​របស់​មន្ទីរ​ពាណិជ្ជ​កម្ម ព្រមទាំង​បានស្នើ​លោក​ប្រធាន​មន្ទីរ​ថ្មី ខិតខំ​យកចិត្តទុកដាក់​បំពេញ​ការងារ​ឲ្យ​បានល្អ ជាពិសេស​ត្រូវ​ពង្រឹង​កិច្ចសហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល និង​អាជ្ញាធរខេត្ត ដើម្បី​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅតាម​ទីផ្សារ​ឲ្យ​បាន​ដូច​ភ្លៀងរលឹម ដើម្បី​ការពារ​សុខមាលភាព​ជូន​ប្រជាជន​។ លើសពីនេះ ត្រូវ​ពង្រឹង​ការអនុវត្ត​បទបញ្ជារ​បស់​ប្រមុខ​រាជរដ្ឋាភិបាល ទាក់ទិន​នឹង​ការកំណត់​តម្លៃ​ប្រេង​ថ្មី នៅតាម​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​នានា ក្នុង​ខេត្តពោធិ៍សាត់​។​

​លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​សម្តែង​ការអបអរ​ចំពោះ​ព្រឹត្តិការណ៍​តែងតាំង​ថ្នាក់ដឹកនាំ​មន្ទីរ​ពាណិជ្ជកម្ម​ថ្ងៃនេះ និង​បានស្នើ​ដល់​ប្រធាន​មន្ទីរ​ថ្មី ខិតខំ​ពង្រឹង​ការអភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន ដើម្បី​ដឹកនាំ​មន្ត្រីក្រោមឱវាទ និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តពោធិ៍សាត់ សំដៅ​នាំមក​នូវ​សមិទ្ធផល​ថ្មីៗ​ជូន​ប្រជាជន និង​វិស័យ​ពាណិជ្ជកម្ម​ជាតិ​។​

​សូមបញ្ជាក់ថា ពោធិ៍សាត់ គឺជា​ខេត្ត​មួយ​ដែល​ស្ថិតនៅ​ភាគ​ខាងលិច​នៃ​ប្រទេស​កម្ពុជា អម​ទៅដោយ​បឹង​ទន្លេសាប​ដែលជា​ជង្រុក​ត្រី​ដ៏​ធំ​របស់​កម្ពុជា​។ ក្រៅពី​សម្បូរ​ទៅដោយ​តំបន់​ទេសចរណ៍ធម្មជាតិ និង​រមណីយដ្ឋាន​ប្រណិតៗ ខេត្តពោធិ៍សាត់ ក៏​សម្បូរ​ដោយ​ដី​មាន​ជីជាតិ ដែលមាន​លក្ខណៈ​អំណោយផល​សម្រាប់​វិស័យ​កសិកម្ម ជាពិសេស​ដំណាំ​ស្រូវ និង​ឈើ​ហូប​ផ្លែ​គ្រប់​ប្រភេទ​៕​

ជើងហោះហើរ អ៊ែ​មឺ​រឹត ភ្នំពេញ​-​ក្រុង​ឌូ​បៃ ដឹក​អ្នកដំណើរ​បាន​ជាង 7​ម៉ឺន​នាក់​ក្នុង​១​ឆ្នាំ​

 

​ភ្នំពេញ ៖ បន្ទាប់ពី​បានចាប់ផ្តើម សេវាកម្ម​ហោះហើរ ប្រចាំថ្ងៃ​ពី​ទីក្រុង​ឌូ​បៃ មកកាន់​ទីក្រុង​ភ្នំពេញ តាមរយៈ​ទីក្រុង​យ៉ាំង​ហ្គូ​ន កាលពី​ថ្ងៃទី​1 ខែកក្កដា​ឆ្នាំ 2017 កន្លងទៅនេះ ការតភ្ជាប់​កម្ពុជា ទៅនឹង​ប្រទេស​ផ្សេងៗ លើ​ពិភពលោក ត្រូវបាន​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ធំ​បំផុត នៅលើ​ពិភពលោក​មួយ​នេះ បាន​ដឹក​អ្នកដំណើរ ហោះហើរ ប្រមាណ​ជាង​៧​ម៉ឺន​នាក់ ក្នុង​១​ឆ្នាំ ដោយ​យន្តហោះ​ប្រភេទ Boeing 777-300ER ដ៏​ទំនើប​បំផុត​របស់ខ្លួន ដោយ​កំណត់​រចនាសម្ព័ន្ធ អាជីវកម្ម និង​សេដ្ឋកិច្ច ហើយ​ក៏បាន​ដឹកជញ្ជូន​ទំនិញ តាម​សេវាកម្ម Sky Cargo ជាង​១​ម៉ឺន​១​ពាន់​តោន​ទៀតផង​។​

​នៅក្នុង​ពិធី អបអរ​សារ​ទរ ខួប​១​ឆ្នាំ ក្នុង​ការធ្វើ​ប្រតិបត្តិការ នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២ ខែ កក្កដា ឆ្នាំ​២០១៨​នេះ លោក Abdulla Adnan អ្នកគ្រប់គ្រង ក្រុមហ៊ុន​អ៊ែ​ម​មឺ​រឹត នៅ​កម្ពុជា បានឱ្យដឹងថា “ នៅពេល​ចូលមក​ប្រទេស​កម្ពុជា កាលពី​ឆ្នាំមុន ប្រទេស​កម្ពុជា កំពុងមាន​សន្ទុះ​សេដ្ឋកិច្ច ក្នុង រយៈពេល ពីរ​ទសវត្សរ៍​ចុងក្រោយ​មកនេះ​។ ឥឡូវនេះ យើង​មាន មោទនភាព​ណាស់ ដែល​បាន រួមចំណែក ដល់​ការរីកចំរើន​សេដ្ឋកិច្ច​របស់​កម្ពុជា​”​។

​លោក Abdulla សម្តែង​អំណរគុណ ចំពោះ​រាជរដ្ឋាភិបាល មន្ត្រីរាជការ ស៊ីវិល និង ក្រុម​អាកាសយានដ្ឋាន​កម្ពុជា ចំពោះ​ការខិតខំ​ប្រឹងប្រែង ក្នុង​ការជំរុញឱ្យ​ឈាន​ជើង ចូល​ទីផ្សារ​កម្ពុជា ដោយមាន​ភាពរលូន និង អនុញ្ញាតឱ្យ​ផ្តល់​ជម្រើស​ដ៏​ច្រើន សម្រាប់​អតិថិជន ក្នុងការ​ពង្រឹង​ទំនាក់ទំនង​អាជីវកម្ម​និង​ទេសចរណ៍ ដែល​ភ្ជាប់​ប្រទេសជាតិ​ដ៏​អស្ចារ្យ​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​។​យើង​មាន​ទំនុកចិត្ត​ចំពោះ​ទីផ្សារ កម្ពុជា និង​បន្ត​ស្វះ​ស្វែងរក​ឱកាស ដើម្បី​បង្កើត​ទំនាក់ទំនង ការធ្វើដំណើរ រវាង ប្រទេស​កម្ពុជា និង ពិភពលោក តាមរយៈ អ៊ែ​ម​មឺ​រឹត នៅ​ទីក្រុង​ឌូ​បៃ ដែលជា​មជ្ឈមណ្ឌល​កម្សាន្ត​ដ៏​ធំ​មួយ​។​

​គួរ​បញ្ជាក់ថា អ្នកដំណើរ​មកពី​គ្រប់ទិសទី​អាច​រីករាយ​ជាមួយនឹង​កន្លែង​សំរាក​ដ៏​ល្បីល្បាញ​បំផុត ប្រព័ន្ធ​កម្សាន្ត អាយ​ស៍ ដែលមាន​កម្មវិធី​កម្សាន្ត​ជាង​3500​ប៉ុ​ស្ត៍ ក្នុងនោះ​រួមមាន ខ្សែភាពយន្ត កម្មវិធី​ទូរទស្សន៍ តន្ត្រី​និង​ហ្គេម តាមរយៈ ប្រព័ន្ធ​កំសាន្ត ក្នុង​យន្តហោះ​។ អ្នកដំណើរ ក៏​អាច​ភ្ជាប់​ប្រព័ន្ធ Wi-Fi សម្រាប់​ប្រើប្រាស់​លើ​យន្តហោះ ព្រម និង​មានឱកាស​ពិសារ​អាហារ ក្នុង​តំបន់ យ៉ាង​ឆ្ងាញ់​ពិសារ ។ ក្រៅពីនេះ អ្នកដំណើរ នឹង​អាច យក​វ៉ា​លី ចូល​រហូតដល់ 35 គីឡូក្រាម សម្រាប់​ថ្នាក់​សន្សំសំចៃ និង 40 គីឡូក្រាម សម្រាប់​អ្នកដំណើរ​ថ្នាក់​ពាណិជ្ជកម្ម​។
​សូមបញ្ជាក់ថា ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែ​ម​មឺ​រឹត ជាទី​ភ្ជាប់​រវាង មនុស្ស​ទូទាំង​សកល និង ទីកន្លែង​ជាច្រើន ជា​ប្រយោជន៍ ពាណិជ្ជកម្ម និង ទេសចរណ៍​។

​អ៊ែ​ម​មឺ​រឹត មាន​យន្តហោះ​ចំនួន 269 គ្រឿង រួមមាន យន្តហោះ​ប្រភេទ A 380 ចំនួន 102 គ្រឿង​ជើងហោះហើរ ដែល​ទទួលបាន​ពានរង្វាន់​ជាច្រើន សំរាប់​ការ ហោះហើរ​ទៅកាន់ 159 គោលដៅ និង 85 ប្រទេស ឆ្លងកាត់ 6​ទ្វីប ដោយ​ប្រើប្រាស់ នូវ​យន្តហោះ​ប្រភេទ Airbus A380 និង Boeing 777 ចំនួន 216 គ្រឿង មានតម្លៃ​ជា​ទឹកប្រាក់ 108 ពាន់ លាន​ដុល្លារ​៕

កម្ពុជា​-​ចិន ប្រារព្វ​ខួប​ទំនាក់ទំនង​ការទូត​រយៈពេល​៦០​ឆ្នាំ​

ភ្នំពេញ ៖ រដ្ឋាភិបាល​កម្ពុជា ចិន នៅ​ល្ងាច​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨ បានរៀបចំ​ពិធី​អបអរសាទរ​ខួប​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ដែល​ត្រូវបាន​បង្កើតឡើង​ចាប់តាំងពី​ឆ្នាំ​១៩៥៨​មក ដោយ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង ឯកឧត្តម ជូ អេ​ន ឡាយ អតីត​នាយករដ្ឋមន្ត្រី​ចិន​។

​ពិធី​អបអរសាទរ​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​សាល​សន្និបាត​កោះ​ពេជ្រ នេះ មាន​វត្តមាន​ចូលរួម​ជា​អធិបតីភាព ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​សម្តេច​កិ​ត្ត​ព្រឺ​ទ្ធ​បណ្ឌិត ព្រមទាំង​មានការ ចូលរួម​ផងដែរ ពី​សំណាក់ ឧ​ត្ត​ម ស្យុ​ង ព័រ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំ​សមាគម​កម្ពុជា​-​ចិន ក៏ដូចជា​អ្នកវិនិយោគ​ធំ​របស់​កម្ពុជា និង​ចិន​ជាច្រើនរូប​ទៀត​។

​សម្តេច​តេ​ជោ បាន​ថ្លែងថា ក្នុង​រយៈពេល ៦០​ឆ្នាំ កន្លងទៅនេះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ តែងតែ​ខិតខំ​ប្រឹងប្រែង​រក្សា​ចំណងមិត្តភាព និង​ពុះពារ ឧបសគ្គ​ជាច្រើន ដើម្បី​ដឹកនាំ​ប្រទេស និង ប្រជាជន ឆ្ពោះទៅកាន់ វឌ្ឍនភាព វិបុលភាព និង​ភាពសុខដុមរមនា​។ ដែល​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រវត្តិសាស្ត្រ​នេះ ត្រូវបាន​កសាងឡើង​រួមគ្នា​ដោយ ព្រះករុណា​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​ឯកឧត្តម​ប្រធាន​ម៉ៅ​សេទុង ឯកឧត្តម​នាយករដ្ឋមន្ត្រី ជូអេន​ឡាយ ព្រមទាំង​ថ្នាក់ដឹកនាំ​ចិន​ជំនាន់​មុនៗ ដែល​ធ្វើឱ្យមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ រហូត​ក្លាយទៅជា​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ចាប់ពី​ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១០ ។

​សម្តេច​តេ​ជោ មើលឃើញថា ការរីកចម្រើន​របស់​ប្រទេស​ចិន មិន​ត្រឹមតែ​បាន​លើកកម្ពស់​ជីវភាព​ប្រជាជន​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​កំពុង​ចូលរួម ចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា និង​បណ្តា​ប្រទេស ក្នុង​តំបន់​និង​ក្នុង​ពិភពលោក​ទៀតផង​។ ជាក់ស្តែង ក្នុង​ក្របខណ្ឌ​តំបន់ ប្រទេស​ចិន​បានដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវ៉ាត់​មួយ និង​ផ្លូវ​មួយ​» បង្កើត «​មូលនិធិ​ផ្លូវ​សូត្រ​» និង «​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ឤ​ស៊ី​» ដើម្បី​ពង្រឹង​ភាពជា​ដៃគូ និង ជំរុញ​ការអភិវឌ្ឍ​បែប​«​ឈ្នះ​ឈ្នះ​»​រវាង​ប្រទេស​ក្នុង​រង្វង់​តំបន់​ខ្សែក្រវ៉ាត់ និង​ផ្លូវ​សូត្រ​តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ស្ថាប័ន និង​ប្រជាជន វិស័យ​ធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និង​វិស័យ​គន្លឹះ​ផ្សេងៗ​ទៀត​។

​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា គាំទ្រ​គំនិត​ផ្តួចផ្តើម​ដ៏​មាន​សារៈសំខាន់​ទាំងនេះ ។ ចំនុច​សំខាន់​មួយទៀត​ដែល​សម្តេច​តេ​ជោ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ គឺ​រដ្ឋាភិបាល​ចិន​តែង​គោរព​ឯករាជ្យ អធិបតេយ្យ និង​ការចាត់វិធានការ​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​កា​រកា​រញរ​សន្តិសុខ និង​ស្ថិរភាព​សង្គម ។ ក្នុងន័យនេះ កម្ពុជា​និង​ចិន ប្តេជ្ញា​ថា​បន្ត​លើកកម្ពស់ វិសាលភាព​នៃ​កិច្ចទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន ឱ្យ​ឈានដល់ កម្រិត​កាន់តែ​ខ្ពស់​ថែមទៀត ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ។

​គួរ​កត់សំគាល់ថា ប្រទេស​ចិន​ជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ដ៏​ចម្បង​របស់​កម​ជ្ព៉ា ។ ក្នុង​ឆ្នាំ​២០១៧ ទំហំ​ញ​ណិ​ជ្ជ​កម្ម​ទ្វេភាគី​មាន​ចំនួន ៥​ពាន់​៥៧៧​លាន​ដុល្លារ​ឤ​មេ​រិ​ក​។ ទំហំ​វិនិយោគ​ចិន​សរុប​នៅ​កម្ពុជា​ឈរ​លំដាប់​លេខ ១ ធៀប​នឹង​ទំហំ​វិនិយោគទុន​ពី​ប្រទេស​ដទៃទៀត ដែលមាន​ទំហំ​សរុប​ប្រមាណ ១​ពាន់​៦៤៤​លាន​ដុល្លារ​ឤ​មេ​រិ​ក​។ ទន្ទឹមនេះ ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​កើនឡើង​ដល់ ៦​ពាន់​លាន​ដុល្លារ​ឤ​មេ​រិ​ក នៅ​ឆ្នាំ ២០២០ ៕​

ខេត្តស្វាយរៀងជួបបញ្ហាខ្វះពលកម្មជំនាញ ខណៈការវិនិយោគកើនឡើង

ស្វាយរៀង ៖ ស្របពេលមានការវិនិយោគថ្មីៗបន្ថែមនៅក្នុងខេត្តស្វាយរៀង ជាពិសេសនៅក្រុងបាវិតដែលជាតំបន់មានសក្ដានុពលខ្ពស់ក្នុងវិស័យឧស្សាហកម្ម តម្រូវការធនធានមនុស្សសម្រាប់បម្រើអោយវិស័យនានា ក៏មានកាន់តែខ្ពស់ដែរ។ ជាក់ស្តែងបច្ចុប្បន្ន កម្លាំងពលកម្ម ជំនាញកំពុងមានការខ្វះខាតនៅក្នុងបណ្ដារោងចក្រសហគ្រាសក្នុងក្រុងបាវិតតែម្តង

លោក ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង បានថ្លែងបញ្ជាក់ប្រាប់តាមរយៈកិច្ចសម្ភាសន៌ជាមួយក្រុមការងារទូរទស្សន៌អាស៊ីអាគ្នេយ៌ថា កាលពីមុន ប្រជាពលរដ្ឋក្នុងស្វាយរៀងមួយភាគធំ រឺស្ទើរតែទាំងអស់ទៅហើយ គឺប្រកបរបរកសិកម្មធ្វើតែស្រែ និងមានការជួញដូរតិចតួច ។

ការប្រកបរបរកសិកម្ម មិនបានធ្វើអោយជីវភាពរបស់ពលរដ្ឋក្នុងខេត្តមានភាពល្អប្រសើរនោះទេ ព្រោះការធ្វើស្រែទៅតាមរដូវ ដូចនេះនៅពេលចប់ការងារកសិកម្ម ពលរដ្ឋក៏ទំនេរមិនមានការងារណាផ្សេងទេ។ តែក្រោយមក នៅពេលរាជរដ្ឋាភិបាលសម្រេចអនុញ្ញាតអោយបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងបាវិត ក៏បានធ្វើអោយប្រជាពលរដ្ឋដែលមានសមាជិកពេញកំលាំងបំពេញការងារ អាចទៅធ្វើការនៅតាមបណ្ដារោងចក្រសហគ្រាស និងអាចរកចំណូលបានខ្ពស់ជាងមុន ។

លោក ម៉ែន វិបុល ក៏បានបង្ហាញដែរថា ដោយសារតែពីមួយឆ្នាំទៅមួយឆ្នាំ សក្ដានុពលវិនិយោគនៅក្នុងខេត្តស្វាយរៀង ជាពិសេសនៅក្រុងបាវិតកាន់តែមានច្រើន តម្រូវការកំលាំងពលកម្មក៏កាន់តែច្រើនរហូតធ្វើអោយវិបត្តិកង្វះកម្លាំងពលកម្មក៏កើនឡើងមាន ជាពិសេសកម្លាំងពលកម្មជំនាញកំពុងតែត្រូវការខ្លាំងនិងទាមទារអោយសិស្សនិស្សិតត្រូវរៀនជំនាញអោយចំនឹងទីផ្សារការងារនាពេលបច្ចុប្បន្ន ។ លោក ហាស់ ប៊ុនធី ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តស្វាយ រៀងបានអោយដឹងផងដែរថា បើនិយាយពីកំលាំងពលកម្មមិនជំនាញ មិនសូវខ្វះទេ តែបើកំលាំងពលកម្មជំនាញ បច្ចេកទេស ជំនាញ គ្រប់គ្រង រដ្ឋបាល និងធនធានមនុស្ស គឺពិតជាខ្វះខាតមែន។

លោកបញ្ជាក់ថា ចាប់តាំងពីរាជរដ្ឋាភិបាលបានបង្កើតអោយមានតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងស្វាយរៀង បានស្រូបទាញកំលាំងពលកម្មជាច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត។ បច្ចុប្បន្ន នៅក្នុងខេត្តស្វាយរៀងទាំងមូល មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១១ ហើយក្នុងនោះមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៨ កំពុងដំណើរការ។ លោកលើកឡើងថា ខណៈមានការវិនិយោគបន្ថែមពីខាងក្រៅមកកាន់ខេត្តស្វាយរៀង បានធ្វើអោយខេត្តនេះកំពុងជួបប្រទះនូវការខ្វះកំលាំងពលកម្មជំនាញនិងកំលាំងដែលមានវិញ្ញាបនបត្រ ដែលជាហេតុទាមទារអោយមានការទទួលយកធនធានមនុស្សពីខាងក្រៅចូលមកបម្រើការនៅទីនេះ ។

គួរបញ្ជាក់ថា ខេត្តស្វាយរៀងចាប់ផ្ដើមបង្កើតតំបន់សេដ្ឋកិច្ចពិសេសដំបូង នៅឆ្នាំ២០០៥ ហើយកាលពីពេលនោះមានចំនួនកម្មករ តែចំនួន ជិត៣ពាន់នាក់ (២៩៨៣នាក់) នាក់ប៉ុណ្ណោះ។ បន្ទាប់មកក៏ចំនួនកម្មករក៏បានកើនឡើងជាបន្តបន្ទាប់ នៅពេលមានរោងចក្រសហគ្រាសថ្មីៗចូលមកវិនិយោគនៅតំបន់នោះ និងបានធ្វើអោយខេត្តមួយនេះកំពុងជួបប្រទះវិបត្តិខ្វះកំលាំងពលកម្ម តែមិនទាន់ធ្ងន់ធ្ងរនោះទេ។

បើតាមការបង្ហាញរបស់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមឆ្នាំ២០១៨នេះ ខេត្តស្វាយរៀងជាខេត្តមួយមានការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសេវាកម្មយ៉ាងលឿនក្នុងរយៈពេលចុងក្រោយនេះ ដែលសរុបនាពេលបច្ចុប្បន្ន មានរោងចក្រសហគ្រាស គ្រឹះស្ថានចំនួន១៦៥ កំពុងផ្តល់ការងារដល់កម្មករ និយោជិត ចំនួនជាង ៥ម៉ឺន៩ពាន់នាក់៕

រកឃើញ​ហើយ អ្នកកីឡា​វ័យក្មេង​ទាំង​១៣​នាក់​ដែល​បាត់​ខ្លួន​ក្នុង​រូងភ្នំ​ថា​ម​លួង ប្រទេសថៃ ​

​ថៃ ៖ ក្រុម​សង្គ្រោះ​នៅ​ម៉ោង​ប្រមាណ​១០ និង​២៥​នាទី​យប់មិញ​បាន​រកឃើញ​ក្មេង​បាត់​ខ្លួន​ទាំង ១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់​ពួកគេ​ម្នាក់ នៅក្នុង​រូងភ្នំ​ថា​ម​លួង នោះ​ហើយ ដោយ​ពួកគេ​នៅមាន​ជីវិត​ទាំងអស់ ប៉ុន្តែ​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ហេវ​ហត់​បំផុត​។ នេះ​បើតាម​សារព័ត៌មាន​ផ្លូវការ​របស់​រដ្ឋ​ថៃ បានចេញ​ផ្សាយ​នៅ​យប់​ថ្ងៃ​ចន្ទ ទី​២ ខែកក្កដា ឆ្នាំ​២០១៨​។​

​ទោះបីជា​បែបនេះ​ក្តី ក្នុងដំណាក់កាល​ឌ៏​សំខាន់​បន្ទាប់ គឺ​វិធី​ដែល​ត្រូវ​នាំយក​ពួកគេ​ចាក​ចេញពី​រូងភ្នំ​មកវិញ ព្រោះតែ​ស្ថានភាព​រូង​ក្នុង​ល្អាង​ភ្នំ​នោះ មាន​ភាពលំបាក​ខ្លាំងណាស់ ដោយសារ​ចម្ងាយ​ដ៏​ឆ្ងាយ ហើយ​ចំណុច​ខ្លះ គឺ​ក្រុម​ជំនាញ​សង្គ្រោះបាន​អះអាងថា ពួកគេ​ត្រូវ​មុជ​កាត់​ភក់​ថែម​ទៀតផង ទើប​អាច​ត្បុល​ទៅដល់​កន្លែង​ដែល​មនុ​ស្សទាំង​១៣​នាក់ ជាប់​ខ្លួន​អស់​រយៈពេល​០៩​ថ្ងៃ​មកហើយ​នេះ​។​

​ពេលនេះ​ក្រុម​សង្គ្រោះ​កំពុងតែ​ស្វែងរក​កន្លែង​មួយ ដែលមាន​សុវត្ថិភាព​ពី​ទឹកជំនន់​ក្នុង​រូងភ្នំ ដើម្បី​រៀបចំ​ជា​កន្លែង​ស្នាក់​បណ្តោះអាសន្ន​សម្រាប់​ជនរងគ្រោះ​ទាំង ១៣​នាក់​ខាងលើនេះ​។​

​បញ្ហា​ដែលជា​ក្តី​ល​ង្វ​ល់​នោះ នៅត្រង់ថា តើ​ត្រូវ​រំដោះ​ពួកគេ​ចេញពី​ទីនោះ​ដោយ​វិធី​ណា ហើយ​ទំនងជា​ត្រូវ​ប្រើពេល​យូរ​ទៀត​៕

HRW ត្រូវបានព្រមានករណីចោទ «ប្រឌិតរបាយការណ៍ក្លែងក្លាយ»

uក្រសួងមហាផ្ទៃ​ព្រមាន​មិន​លើកលែង​ចំពោះ​ការ​ប្រឌិត​របាយការណ៍​ក្លែងក្លាយ របស់ HRW

​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៨​ម្សិលមិញ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ ថ្កោលទោស ចំពោះ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW) ដែល​បានការ​ប្រឌិត​របាយការណ៍​ក្លែងក្លាយ វាយប្រហារ​ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ​កម្ពុជា ចំនួន​១២​រូប​។

​ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏បាន​ព្រមាន​ចាត់វិធានការ មិន​លើកលែង​ចំពោះ​ប្រឌិត​របាយការណ៍​ភូតភរ​នេះ​ផងដែរ​។​
​សូម​អាន​ខ្លឹមសារ​លម្អិត​នៃ​សេចក្តីថ្លែងការណ៍ ដូចខាងក្រោម ៖

ឯកឧត្តម ត្រាំ អ៊ីវតឹក តំណាង​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញបើក​សម្ភោ​ធ​អគារសិក្សា​ថ្មី និង​បំពាក់ Wi-Fi នៅវិទ្យាល័យ​ទួល​ខ្ពស់​

​ភ្នំពេញ ៖ ការតភ្ជាប់​សាលារៀន ឌីជីថល កម្ពុជា​ត្រូវបាន​អភិវឌ្ឍ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ ជាមួយនឹង​កំណើន​ផលទុនជាតិ​សរុប​នៅ​ប្រទេស​កម្ពុជា (GDP) សរុប​ជា​មធ្យម​ប្រហែល​៧% ក្នុង​មួយឆ្នាំ ហើយ​ត្រូវបាន​គេ​ព្យាករ​ថា នឹង​បន្ត​កំណើន​របស់ខ្លួន​នាពេល​អនាគត​។ ការរួមចំណែក​សំខាន់​ចំពោះ​កំណើន​រហូតមក​ដល់ពេលនេះ គឺ​ដោយសារ​មាន​សុខសន្តិភាព និង​ស្ថេរភាព​នៅក្នុង​ប្រទេស ជាមួយនឹង​ការបើក​ទូលាយ​នៅក្នុង​គោលនយោបាយ​ចំពោះ​ការវិនិយោគ​ពី​បរទេស​។ ក្នុង​ជំហាន​បន្ទាប់​នៃ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា គឺ​ការ​ផ្តោតទៅលើ​គុណភាព​នៃ​កំណើន​។ ដែល​មានន័យថា​ប្រទេស​កម្ពុជា​ត្រូវមាន​យុទ្ធសាស្ត្រ​បន្ថែមទៀត​ទៅលើ​ផែនការអភិវឌ្ឍន៍​រប​ស់​ខ្លួន ក៏ដូចជា​ទាក់ទាញ​ការវិនិយោគ​ដែលមាន​គុណភាព​បន្ថែមទៀត​ទៅលើ​វិស័យ​យុទ្ធសាស្ត្រ​សំខាន់ៗ​របស់ខ្លួន​។​

​ជាក់ច្បាស់​ណាស់​ថា​ការអភិវឌ្ឍ​នាពេល​អនាគត​នឹងត្រូវ​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​បច្ចេកវិទ្យា​និង​ការរួមបញ្ចូល​គ្នា​នៃ​វិស័យ​បច្ចេកវិទ្យា ដើម្បី​ជួយ​កែលម្អ​ការសម្រេចចិត្ត ការរៀបចំ​ផែនការ ការប្រកួតប្រជែង និង​គុណភាព​ដ៏​ល្អ​នៃ​ជីវិត​សម្រាប់​មនុស្ស​គ្រប់គ្នា​។ វា​ច្បាស់​ណាស់​ថា​បច្ចេកវិទ្យា​គឺជា​អ្នកកំណត់​និន្នាការ​នានា​នៅ​ទូទាំង​ពិភពលោក​។ សំខាន់​ជាងនេះទៀត​បណ្ដារ​អង្គការ​អន្តរជាតិ​ដូចជា អង្គការសហប្រជាជាតិ សហភាព​អឺរ៉ុប សមាគមន៍​អាស៊ាន ITU និង WEF ជាដើម កំពុង​លើកទឹកចិត្ត​ដល់​ប្រទេស​ទាំងអស់​ឱ្យទទួល​យក​នូវ​បច្ចេកវិទ្យា​ដែល​នឹង​ជះឥទ្ធិពល​ដល់​ការអភិវឌ្ឍន៍​របស់​ប្រទេស ក៏ដូចជា​ដើម្បី​ចូលរួម​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​៤​។​ ​
ប្រទេស​កម្ពុជា​ត្រូវមាន​គំនិត​ផ្តួចផ្តើម​ខ្លាំង​ជាង​មុន​ដើម្បី​ចូលរួម​សហគមន៍​សកលលោក​ដើម្បី​នាំយក​គំនិត​និង​ការគាំទ្រ​ដ៏​ល្អ​បំផុត​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​ជំរុញ​ការអភិវឌ្ឍន៍​របស់ខ្លួន និង​សម្រេចបាន​នូវ​សក្ដានុពលភាព​របស់​ប្រទេស​។ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កំពុង​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រទេស​ដោយ​ផ្តោតលើ​គម្រោង​និង​កម្មវិធី​ដែល​កំពុង​ជួយ​កម្ពុជា​ក្នុង​ការធ្វើ​ទំនើបកម្ម និង​រៀបចំ​សម្រាប់​វិស័យសេដ្ឋកិច្ច​ឌីជីថល​និង​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​៤ ។

​ផ្អែកលើ​យុទ្ធសាស្ត្រ​និង​គោលនយោបាយ​ចតុកោណ​របស់​រដ្ឋាភិបាល​ការអភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍​នឹង​ក្លាយជា​កត្តា​គន្លឹះ​ក្នុងការ​គាំទ្រ​ដល់​រដ្ឋាភិបាល វិស័យ​ឯកជន សង្គម​និង​វប្បធម៌ តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការអភិវឌ្ឍន៍ និង​គុណភាព​នៃ​ការអភិវឌ្ឍន៍​សម្រាប់​វិស័យ​ទាំងអស់នោះ​។ ប្រទេស​កម្ពុជា​បាន​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ក្នុង​វិស័យ​ទូរគមនាគមន៍​ហើយ​មានតម្លៃ​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​ក្នុង​តម្លៃថោក​បំផុត ហើយក៏​ជា​ប្រទេសមួយ​លឿន​បំផុត​ក្នុងការ​ទទួលយក​បច្ចេក​វិទ្យា​ថ្មីៗ​ប្រៀបធៀប​ទៅនឹង​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​។ នេះ​បង្ហាញ​ពី​ការគាំទ្រ និង​ថាមវន្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​វ័យក្មេង​ដែល​បច្ចុប្បន្ន​គឺជា​កំលាំងចលករ​ដ៏​សំខាន់​នៃ​ប្រទេស​។​

​យោងតាម​ការសិក្សា​រប​ស់​អង្គការសហប្រជាជាតិ យើង​អាច​មើលឃើញ​ពី​ការកើនឡើង​ចំនួន​១០% នៃ​ការតភ្ជាប់​ឌីជីថល​នៅក្នុង​ចំណោម​ប្រជាជន​នៅតាម​បណ្តា​ប្រទេស​ទូទាំង​ពិភពលោក ដោយ​ផ្តល់នូវ​ការកើនឡើង​ដោយផ្ទាល់​ដល់​ផលិតភាព​របស់​ប្រទេសជាតិ​ពី ១,២% -១,៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប​។​នេះ​គឺជា​សូចនាករ​ដ៏​រឹងមាំ​មួយ​សម្រាប់​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ជំរុញឱ្យមាន​គម្រោង​ត​ភ្ជាប់​បន្ថែម​ដូចជា គម្រោង Wi-Fi​សាធារណៈ និង​ការតភ្ជាប់​ឌីជីថល​ទៅកាន់​សាលារៀន​ជា​គម្រោង​មួយ​ដែល ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ បាន​ផ្តួចផ្តើមឡើង​ហើយនឹង​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​គម្រោង​នេះ​នៅ​ទូទាំងប្រទេស​។ នៅ​ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៨ ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ បានផ្តល់​ការគាំទ្រ​ដល់​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា (TC) ដើម្បី​ដាក់ឱ្យ​ដំណើរការ​គម្រោង​Wi-​សាធារណៈ​នៅក្នុង​រាជធានី​ភ្នំពេញ​ដោយមាន​ការសហការ​ពី​ក្រុមហ៊ុន Korea Telecom (​ខេ​ធី​) ។

​ក្រុមហ៊ុន​ខេ​ធី​គឺជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​មួយ​របស់​ពិភពលោក​ដែល​បាន​ជួយ​ប្រទេស​កូរ៉េខាងត្បូង​ឱ្យ​អភិវឌ្ឍ​ខ្លួន​ក្លាយជា​ប្រទេស​ឈានមុខ​គេ​នៅក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មានវិទ្យា​។ យោងតាម​ចំណាត់ថ្នាក់​ពិភពលោក​សម្រាប់​ស​ន្ទ​ស្សន៍​អភិវឌ្ឍន៍ ICT ដោយ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ (ITU) បានឱ្យដឹងថា​ប្រទេស​កូរ៉េ​ជាប់​ចំណាត់ថ្នាក់​លេខ ១ ឬ​ទី ២ នៅលើ​ពិភពលោក​ក្នុង​រយៈ ៨​ឆ្នាំ​ចុង​ក្រោយនេះ​។ យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ដែលមាន KT ធ្វើជា​ដៃគូ​ដើម្បី​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា​កម្ពុជា​។ គម្រោង Wi-Fi​សាធារណៈ​កំពុង​ប្រើ​បច្ចេកវិទ្យា​Wi-Fi​ចុងក្រោយ​បំផុត​ពី​ខេ​ធី​។​

​គម្រោង​ទាំងនេះ​នឹង​អនុញ្ញាតឱ្យ​ប្រជាជន​កម្ពុជា និង​ភ្ញៀវទេសចរ​កាន់តែច្រើន​ដែលជា​សសរស្តម្ភ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​អាច​ភ្ជាប់​អ៊ិន​ធឺ​ណិ​ត​ដោយ​ល្បឿន​លឿន​បំផុត​រហូតដល់ ១ ជី​ហ្គា​បៃ​ក្នុង​មួយ​វិនាទី​នៅក្នុង​តំបន់​សាធារណៈ​ធំ ៗ ដូចជា​សួនច្បារ​សម្តេច​ហ៊ុនសែន​, សួនច្បារ​មុខ​ព្រះបរមរាជវាំង និង​កន្លែង​ជាច្រើន​ទៀត​ដែល​បាន​ត​ភ្ជាប់​ទាំង​នៅ​រាជធានី​ភ្នំពេញ​និង​បណ្តា​ខេត្ត​។ សព្វថ្ងៃនេះ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​មាន​ក្តី​សោមនស្ស​រីករាយ​យ៉ាងខ្លាំង​ក្នុងការ​គាំទ្រ​ដល់​ការបើក​ដំណើរការ​កម្មវិធី​ឌីជីថល​សម្រាប់​សាលារៀន​នៅ​វិទ្យាល័យ​ហ៊ុនសែន​ទួល​ខ្ពស់​ដោយមាន​ការគាំទ្រ​ពី TC និង KT ។ គោលបំណង​នៃ​គម្រោង​នេះ​គឺ​ដើម្បី​នាំមក​នូវ​ការតភ្ជាប់​ទៅ​សាលារៀន​នៅ​ទូទាំងប្រទេស​តាមរយៈ​ការបង្កើន​ការតភ្ជាប់​អ៊ីនធឺណិត​ដែល​នឹង​អនុញ្ញាតឱ្យ​សាលារៀន​ភ្ជាប់​ទៅ​ការអប់រំ​ឌីជីថល​បន្ថែមទៀត​ដើម្បី​សម្រាប់​សាលា​ទាំងមូល​។ យើង​សង្ឃឹមថានឹង​ទទួល​ការគាំទ្រ​និង​សហការ​បន្ថែមទៀត​ជាមួយ​អ្នកពាក់ព័ន្ធ​សំខាន់ៗ​ដូចជា ក្រសួង​អប់រំ យុវជន និង​កីឡា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​និង​អង្គការ​អប់រំ​អន្តរជាតិ​។​

​លើសពីនេះ​ទៀត​យើង​សង្ឃឹមថានឹង​បង្កើត​កម្មវិធី​អប់រំ​សាធារណៈ​បន្ថែមទៀត​ដើម្បី​ជួយ​លើកកម្ពស់​ទីក្រុង​ស្អាត គ្មាន​គ្រឿងញៀន និង​កម្មវិធី​អប់រំ​ស្ទែ​ម (STEM) ។ យើង​សង្ឃឹមថា​កម្មវិធី​សាធារណៈ​ទាំងនេះ​នឹង​ជួយ​កែលម្អ​អាកប្បកិរិយា និង​ការយល់ដឹង​របស់​សាធារណៈជន​ដើម្បី​ជួយ​លើកកម្ពស់​សកម្មភាព​រួម​គ្នា​និង​ផលប្រយោជន៍​របស់​យើងទាំងអស់គ្នា​។ យើង​មាន​គម្រោង​គាំទ្រ​កម្មវិធី​ទាំងនេះ​តាមរយៈ​ការប្រើ​មូលនិធិ​សកល និង​មូលនិធិ​R&D Fund ដែល​ត្រូវបាន​គាំទ្រ​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍ និង​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ិន​ធឺ​ណេ​ត​ទាំងអស់​។ យើង​ខ្ញ​ក៏​សង្ឃឹម​ផងដែរ​ដើម្បី​លើកកម្ពស់​គំនិត​បន្ថែមទៀត​ដែល​នឹង​ជួយ​ផ្តល់ឱ្យ​ប្រជាជន​កម្ពុជា​នូវ​ចក្ខុវិស័យ​ច្បាស់លាស់​អំពី​ការអភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​និង​ត្រៀមខ្លួន​ចូលរួម​ក្នុង​វិស័យសេដ្ឋកិច្ច​ឌីជីថល​យ៉ាង​ឆាប់រហ័ស និង​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​៤ ដែល​នឹង​ផ្តោតលើ​បញ្ញា​សិប្បនិម្មិត អ៊ីនធឺណិត​នៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ និង ការទាញយក​ទិន្នន័យ​ធំៗ ។

​នៅពេល​អនាគត​យើង​ក៏​សង្ឃឹម​ផងដែរ​ក្នុងការ​សហការ​ជាមួយ​កម្មវិធី​អន្តរជាតិ​ជាច្រើន​ទៀត​ដូចជា កម្មវិធី​ទប់ស្កាត់​ជំងឺឆ្លង​ទូទាំង​ពិភពលោក​ដែល​នឹង​សហការ​ជាមួយ​ប្រទេស​ជាច្រើន​ក្នុង​ការជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រោះថ្នាក់​នៃ​ជំងឺឆ្លង​ទូទាំង​ពិភពលោក​ដូចជា H1N1, Zika, Ebola … ដែលមាន​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​សង្គម​។ ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍​ប្តេជ្ញា​ធ្វើការ​ជាមួយ​អ្នកពាក់ព័ន្ធ​សំខាន់ៗ ទាំងអស់​ក្នុង​តំបន់ និង​អន្តរជាតិ​ដើម្បី​ធានាថា​រដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើឱ្យ​កម្មវិធី​ទាំងនេះ​ជា​អាទិភាព​ក្នុង​ការជួយ​ធ្វើ​ទំនើបកម្ម​ប្រទេស​នៅក្នុង​គ្រប់​វិស័យ​ទាំងអស់ និង​ដើម្បី​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ជាមួយនឹង​ការប្តេជ្ញាចិត្ត​ចំពោះ​ប្រកបដោយ​គុណភាព​។ អ្វីដែល​សំខាន់បំផុត​នោះ​គឺ​កម្ពុជា​ក្លាយទៅជា​ប្រទេស​ដ៏​ល្អ និង​លើកកម្ពស់​គុណភាព​ជីវិត​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់ៗ​ជំនាន់​៕​