រាជធានីភ្នំពេញ ៖សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះបានប្រកាសសាលក្រមផ្តន្ទាទោសយុវជន វ៉ែន សុភាព ហៅ សាម សុភាព ដាក់ពន្ធនាគារ២ឆ្នាំ និង ពិន័យជាប្រាក់ចំនួន២លានរៀល ពាក់ព័ន្ធនឹងការគំរាមកំហែង និងជេរប្រមាថដល់អាយុជីវិតសម្តេច ហ៊ុន សែន តាមបណ្តាញសង្គម Facebook ។
យុវជនរូបនេះមានអាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិបឹងជ័រ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ត្រូវសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកទេស នៃក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦៕
រាជធានីភ្នំពេញ ៖មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ៣រូប ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសរ បានសម្រេចចិត្តដាក់ពាក្យលាឈប់ពីគណៈកម្មាធិការនាយកគណបក្ស កាលពីម្សិលមិញ ដែលនាំឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
មន្ត្រីទាំង៣រូបនោះរួមមាន៖ លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ, លោក មាជ សុវណ្ណរ៉ា មន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិ និងលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី ។
លោក សំ សុគង់ មេធាវីការពារក្តីឲ្យមន្ត្រីទាំង៣រូបនោះបានបញ្ជាក់ថា លិខិតរបស់ លោក អ៊ុំ សំអាន, លោក ហុង សុខហួរ និង លោក មាជ សុវណ្ណារ៉ា បានផ្តិតមេដៃ នៅចំពោះមុខមេធាវីនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយបញ្ជាក់ថា មូលហេតុនៃការលាលែងនេះដោយសារតែបញ្ហាផ្ទាល់ខ្លួន ។ ចំណែកលិខិតសុំលែងទាំងអស់នោះក៏បានផ្ញើជូនលោក ប៉ុល ហំម ប្រធានគណៈកម្មាធិការនាយក របស់គណបក្សសង្គ្រោះជាតិ រួចរាល់ហើយដែរ៕
បាល់ទាត់ ៖ក្រុមកញ្ជ្រោងព្រៃ Leicester City ប្រកាសបណ្តេញលោក Claudio Ranieri ចេញពីតំណែងជាអ្នកចាត់ការទូទៅក្រុមហើយ បន្ទាប់ពីដឹកនាំមិនសូវបានល្អទាំង UEFA Champions League និង ក្របខ័ណ្ឌ Premier League នេះ។
គ្រូបង្វឹករូបនេះ ត្រូវបាន Leicester City ដកហូតតំណែងជាអ្នកចាត់ការកើតឡើងមិនដល់២៤ម៉ោងផងក្រោយចាញ់ Sevilla ២ទល់នឹង១នៅជើងទី១ វគ្គ១៦ក្រុម នៃពានរង្វាន់ UEFA Champions League។
Leicester ៥ប្រកួតចុងក្រោយចាញ់រហូត ហើយគិតមកដល់ពេលនេះក្នុងឆ្នាំ២០១៧ ពួកគេមិនទាន់ទាត់បញ្ចូលទីបានមួយគ្រាប់ទេ។
សូមជម្រាបថា កញ្ជ្រោងព្រៃបច្ចុប្បន្ននេះស្ថិតនៅពីលើតំបន់គេកាត់ចោលតែមួយពិន្ទុប៉ុណ្ណោះ ខណៈរដូវកាល២០១៦-២០១៧ នៅសល់១៣ប្រកួតទៀតប៉ុណ្ណោះ៕
ម៉ាឡេស៊ី ៖មេប៉ូលិសម៉ាឡេស៊ី លោក ខាលីដ អាប៊ូ បាការ បានស្នើសុំទៅកាន់ប៉ូលិសអន្តរជាតិឲ្យជួយតាមរកជនសង្ស័យជាជនជាតិកូរ៉េខាងជើង៤នាក់ដែលជាប់ពាក់ព័ន្ធនឹងឃាតកម្មលើលោក គីម ជុងណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
បុរសជនជាតិកូរ៉េខាងជើងដែលត្រូវបានគេធ្វើឃាតនោះ បានស្លាប់នៅតាមផ្លូវ នៅពេលបញ្ជូនព្រលានយន្តហោះទីក្រុងគួឡាឡំពួរ ទៅមន្ទីរពេទ្យកាលពីសប្ដាហ៍មុន។ ករណីនេះ ត្រូវបានក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូងនិយាយថា ជាឃាតកម្មដែលធ្វើឡើងដោយភ្នាក់ងារសម្ងាត់របស់កូរ៉េខាងជើង។
លោក ខាលីដ ក៏បាននិយាយផងដែរ ប៉ូលិសបានបញ្ជូនសំណើជាផ្លូវការទៅស្ថានទូតកូរ៉េខាងជើងនៅម៉ាឡេស៊ី ដើម្បីសាកសួរលេខាទីពីរស្ថានទូតនេះ និងមន្ត្រីម្នាក់ទៀត ដែលបម្រើការនៅក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង។
ទោះជាយ៉ាងណា អាជ្ញាធរម៉ាឡេស៊ីមិនបានចេញដីចាប់ខ្លួននោះឡើយ ដោយសារតែមន្ត្រីកូរ៉េខាងជើងរូបនោះ មានបុព្វសិទ្ធិផ្នែកការទូត៕
ដោយ៖ប៉ែន សុផល
បាត់ដំបង ៖ក្មេងប្រុសម្នាក់បានរអិលជើងធ្លាក់ចូលក្នុងទឹកស្រះបណ្តាលអោយស្លាប់នៅវេលាម៉ោង១៣ និង២០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅត្រង់ចំណុចភូមិស្ទឹងថ្មី ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សមត្ថកិច្ចបានប្រាប់អោយដឹងថា ក្មេងប្រុសលង់ទឹកស្លាប់មានឈ្មោះ សេង ស៊ីណអាយុ០៦ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។
លោក ឈឹម សេង ដែលជាឪពុកក្មេងរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុ កូនប្រុសរបស់លោកបាន ដើរទៅលេងនៅក្បែស្រះខាងក្រោយផ្ទះចំងាយ៣០ម៉ែត្រក្រោយមកបានរអិលជើងធ្លាក់ចូលទឹកស្រះបណ្តាលអោយស្លាប់តែម្តង។
បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី៕
ខេត្តមណ្ឌលគិរី ៖អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសអះអាងថា ជនជាតិខ្មែរ៥នាក់ ត្រូវបានអប់រំ និងអនុញ្ញាតឲ្យត្រឡប់ទៅវិញ ខណៈជនជាតិវៀតណាម៧នាក់ ត្រូវបានបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសព្រៃឈើ និងលួចឆ្លងដែនខុសច្បាប់ នៅខេត្តមណ្ឌលគិរី ។
ពាក់ព័ន្ធករណីនេះ គឺនៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ មានកិច្ចប្រតិបត្តិការទ្រុងទ្រាយធំមួយ បង្ក្រាបបទល្មើសព្រៃឈើ នៅចំណុចភូមិកូនក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយចាប់យកវត្ថុតាងឡានរេវចំនួន៨គ្រឿង រណារយន្ត១គ្រឿង និងម៉ូតូ៥គ្រឿង ព្រមទាំងឃាត់ខ្លួនបាន១២នាក់ ក្នុងនោះមានជនជាតិវៀតណាម៧នាក់ ។
លោក អេង ហ៊ី អ្នកនាំពាក្យ PM ថ្លែងថា ប្រតិបត្តិការនេះ ដឹកនាំដោយឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង នាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រើប្រាស់ឧទ្ធម្ភាគចក្រចំនួន៣គ្រឿង និងដឹកនាំកម្លាំងចូលក្នុងព្រៃប្រមាណ១៣០នាក់ ដោយឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
លោក អេង ហ៊ី បញ្ជាក់ថា នៅព្រលឹមស្រាងៗ ថ្ងៃទី២១ ខែឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថ បានចូលក្នុងព្រៃជិតព្រំដែនកម្ពុជា-វៀតណាម ចំណុចអូរហ៊ុច បានឃាត់ខ្លួនមនុស្សចំនួន១២នាក់ ជាករណីបទល្មើសជាក់ស្តែង។ ក្នុងនោះ មានជនជាតិវៀតណាមចំនួន៧នាក់ ត្រូវបានកសាងនីតិវិធីបញ្ជូនទៅតុលាការ ។ ចំណែកជនជាតិខ្មែរចំនួន៥នាក់ បានធ្វើការអប់រំ ធ្វើកិច្ចសន្យាអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ៕
រាជធានីភ្នំពេញ ៖រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើ Facebook របស់លោកថា រាជរដ្ឋាភិបាល និងព្រះបរមរាជវាំង បានឯកភាពគ្នា រើសយកខេត្តព្រៃវែង ជាទីប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល សម្រាប់ឆ្នាំ២០១៧។
គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័លកាលពីឆ្នាំមុន ប្រារព្ធឡើង នៅទីលានជល់ដំរី មុខប្រាសាទអង្គរធំ ខេត្តសៀមរាប នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ខណដែលព្រះរាជពិធីដ៏មានប្រជាប្រិយភាពនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរមានជំនឿថា វិស័យកសិកម្មតាមឆ្នាំនីមួយៗ នឹងត្រូវបង្ហាញឲ្យដឹងនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ៕
រាជធានីភ្នំពេញ ៖នៅព្រឹកនេះតុលាការរាជធានីភ្នំពេញបានសម្រេចតម្កល់ការចោទប្រកាន់លើអ្នកស្រី ទេព វន្នី សកម្មជនបឹងកក់តាមការសម្រេចរបស់សាលាឧទ្ធរណ៍។
យ៉ាងណាក៏ដោយ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ក៏មានការប៉ះពាល់ទង្គិចគ្នារវាងសមត្ថកិច្ចនិងអ្នកគាំទ្រអ្នកស្រី ទេព វន្នី ផងដែរ។
ស្ត្រីម្នាក់ ក្នុងចំណោមក្រុមអ្នកតវ៉ាទាមទារឱ្យដោះលែងអ្នកស្រី ទេព វន្នី បានដួលសន្លប់ បន្ទាប់ពីក្រុមអ្នកតវ៉ា មកពីតំបន់បឹងកក់ទាំងនោះ បានប៉ះទង្គិចគ្នាជាមួយនឹងសមត្ថកិច្ច ដែលដាក់ការពារនៅមុខតុលាការក្រុងភ្នំពេញ នាវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ នេះបើតាមការអះអាងរបស់មន្ត្រីតុលាការក្រុងភ្នំពេញ៕
ដោយ៖បក្សីចាំក្រុង
ភ្នំពេញ ៖កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ឃឹម ស៊ុនសូដា ដែលជា អភិបាលរងខណ្ឌបានចុះទៅបង្ក្រាប ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដែលបើកលេងយូរហើយ ប៉ុន្តែអាជ្ញាធរ ទើបរកឃើញក្នុងពេលថ្មីៗនេះ ហើយត្រូវបានគេដឹងថា ទីតាំងហ្គេមមួយនេះគឺជាសម្បុកលាក់ខ្លួន របស់ក្រុម ចោរឆក់ លួចនិងប្លន់ ព្រមទាំងក្រុមអ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀផងដែរ។ប៉ុន្តែការចុះទៅចាប់នោះ ហាក់ធ្វើឡើងឆក់កណ្ដៀត ខ្លាចអ្នកសារព័ត៌មានដឹងណាស់ ហើយចាប់បានតែ សំបកទូហ្គេមគ្រឿងប៉ុណ្ណោះ ចំណែកឯម្ចាស់ទីតាំងល្មើសច្បាប់ មិនត្រូវបានចាប់ខ្លួននោះទេ គឺទុកឲ្យរួចខ្លួនដើម្បីបើកលេងបន្តទៀត ជាពិសេសទីតាំងដែលនៅសេសសល់មួយចំនួនទៀត មិនហ៊ានបង្ក្រាបឡើយ។
ប្រតិបត្តិការនេះបានធ្វើឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០៧ នៅក្នុងសំណង់ផ្ទះ ល្បែងទុកចោលមួយកន្លែង ដែលមានទីតាំងនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រជាពលរដ្ឋបាននិយាយថា សព្វថ្ងៃនេះពួកគាត់បានយល់ថា បទល្មើសទាំងធំនិងតូច ដូចជាការលួច ឆក់ ប្លន់ និងបទល្មើសគ្រឿងញៀន ដែលកើតមានឡើង យ៉ាងកក្រើកនៅក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ គឺផ្ដើមចេញពីការកើតឡើង នៃបនល្បែងស៊ីសងនានា មានទាំងហ្គេម សង្វៀនជល់មាន់ អាប៉ោង និងបៀរ និងកន្ទុយលេខជាដើម។ខណៈទីតាំងទាំងនោះ មួយចំនួនត្រូវបានអាជ្ញាធរចុះបង្ក្រាប និងមួយចំនួនទៀត ក៏មើលរំលងផងដែរ ដោយឡែកទីតាំងហ្គេមបាញ់ត្រី ដែលត្រូវចុះបង្ក្រាបខាងលើនោះ បានបើកលេងដោយ រលូនយូរមកហើយ នៅក្នុងសំណង់ផ្ទះល្វែងទុកចោលខាងលើនោះ។ដែលបានពង្វក់សិស្សសាលា ឲ្យភ្លេចការរៀនសូត្រ និងគេចសាលា ភ្លេចបាយភ្លេចទឹក ភ្លេចសាលា និងក្បត់ទំនុកចិត្ដឪពុកម្ដាយ អាណាព្យាបាលដោយញៀននឹងល្បែងទាំងនេះ។មិនតែប៉ុណ្ណោះបានបង្កើតឲ្យមានក្រុមបងតូច-បងធំ អ្នកប្រើប្រាស់គ្រឿងញៀន ហើយក៏ជាសម្បុកសម្រាប់ ក្រុមចោរលួច ចោរឆក់និង ចោរប្លន់ ព្រមទាំងអ្នកជួញដូរនិងប្រប្រាសយគ្រឿងញៀនលាក់ខ្លួនផងដែរ។
ប្រភពដដែលបានបន្តថា ទីតាំងហមគេមមួយនេះបានបើក២៤ម៉ោងលើ២៤ ដោយឡែកកន្លែងផ្សេងទៀត ដែលធ្លាប់ត្រូវបានកម្លាំងចុះបង្ក្រាប បានបើកលេងឡើងវិញ ប៉ុន្តែបានប្តូររូបភាពថ្មីក្នុងការចូលលេង ដោយខ្លះ ចាក់សោរទ្វារពីក្រៅ ហើយខ្លះបិទពេលថ្ងៃ បើកលេងពេលយប់ ដោយមានអ្នកចាំមើលផ្លូវ ហើយបើអ្នកស្គាល់ ទើបបើកទ្វារឲ្យចូល ឬក៏ចំហរទ្វារត្រឹមតែបន្តិច ជាសញ្ញាសម្រាប់អ្នកចូលលេងដឹង ព្រមទាំងបិទបាំងមិនឲ្យ ឃើញភ្លើងនោះទេ។មិនតែប៉ុណ្ណោះនៅពេលយប់ជ្រៅ បានបង្កជាសំឡេងឡូរឡា ឈ្លោះប្រកែកគ្នារំខាន អ្នកជិតខាងរកដេកពួនមិនបាន ហើយក៏ឧស្សាហ៍មានទំនាស់ ដេញវាយកាប់គ្នាបង្កអសន្តិសុខគួរឲ្យខ្លាច ថែមទៀតផង។
សូមបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ មានទីតាំងលួចបើក ហ្គេមបាញ់ត្រី ហ្គេមអិនធើណែត ល្បែងភ្នាល់បាល់ កត់កន្ទុយលេខវៀតណាមជ្រកក្រោម ឆ្នោតខ្មែរ និងហ្គេមស៊ីសងជាច្រើន ជាពិសេសផ្លូវវ៉ងស្រេង ផ្លូវ២០០៤ ហើយទីតាំងទាំងនោះមានប្រមាណ រាប់រយកន្លែង មិនដឹងយ៉ាងមិចទើបអាចបើកបានយ៉ាង រលូនដូច្នេះទេ។
រំលឹកថា គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់សាលារាជធានីភ្នំពេញ បានចេញវិធានការ យ៉ាងម៉ឺងម៉ាត់ដោយបញ្ចប់ សកម្មភាពល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រីឲ្យអស់ក្នុងមូលដ្ឋាន និងមិនអោយអាជ្ញាធរណាទៅពាក់ព័ន្ធឬកាងល្បែងស៊ីសងគ្រប់ប្រភេទ និងមានវិធានការតាមផ្លូវច្បាប់៕
រាជធានីភ្នំពេញ ៖ក្រសួងពាណិជ្ជកម្មបានបង្ហាញតារាតម្លៃប្រេងឥន្ធនៈជារៀងរាល់សប្តាហ៍ ហើយតាមមើលទៅប្រហែលជាក្រសួងមួយនេះយកចិត្តទុកដាក់ខ្លាំងរឿងតម្លៃប្រេងឥន្ធនៈនៅកម្ពុជា ។
ប៉ុន្តែអ្វីដែលគេកត់សម្គាល់នោះ គឺតម្លៃប្រេងឥន្ធនៈបានឡើងបន្តិចៗ ជិតដល់តម្លៃពីមុនដែលអតិថិជនស្រែកថា « ថ្លៃណាស់ » នោះហើយ… ហើយមិនដឹងថា ការតម្លើងថ្លៃបន្តិចម្តងៗ នោះជាកត្តាតម្លៃសាកលរបស់អន្តរជាតិ ឬក៏ជាយុទ្ធវិធីលួចតម្លើងបន្តិចម្តងៗ មិនឲ្យអតិថិជនចាប់អារម្មណ៍ ឬយ៉ាងណានោះទេ ៕
រាជធានីភ្នំពេញ ៖តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈនេះ លោក ហ៊ុន ម៉ាណែត មេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បានស្នើឲ្យសារព័ត៌មានដើមត្នោតបង្ហាញឈ្មោះជំនួយការជានាយទាហានចំនួន២០នាក់របស់លោក ដែលសារព័ត៌មានដើមត្នោតចុះផ្សាយនៅថ្ងៃទី២២កុម្ភៈ ខណៈដែលការចុះផ្សាយនោះត្រូវបានលោក ហ៊ុន ម៉ាណែត អះអាងថា មិនមែនជាការពិត។
សូមជម្រាបថា សារព័ត៌មានដើមត្នោត បានចេញផ្សាយដោយដាក់ចំណងជើងថា៖ «កូនប្រុសច្បងបុរសខ្លាំងដែលជាទាហានពាក់ផ្កាយ៣ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម មានទាហានជាង២០នាក់ជាជំនួយការ» ។ ប៉ុន្តែព័ត៌មាននោះត្រូវបានលោក ហ៊ុន ម៉ាណែត ច្រានចោលដោយចាត់ទុកជាព័ត៌មានមិនពិត ។
លោក ហ៊ុន ម៉ាណែត បានសរសេរលើទំព័រហ្វេសប៊ុកថា «ដល់ខួបបង្កើតរឿងប្លែកៗទៀតហើយ។ គ្រាន់តែចុះពីលើយន្តហោះភ្លាមម៉ោងជិត១ភ្លឺបើកទូរស័ព្ទមើលក៏ភ្ញាក់ព្រើត ព្រោះមានមិត្តម្នាក់គាត់ផ្ញើព័ត៌មាន ប្លែកមួយថ្មីដែលសារព័ត៌មានដើមត្នោតបានសរសេរហើយយកចុះលើគេហទំព័ររបស់គេ ដោយថាខ្ញុំមានជំនួយការដល់ទៅជាង ២០នាក់ហើយ ពាក់សុទ្ធតែសក្តិ៥។ អានភ្លាមខ្ញុំផ្ទុះសំណើចហើយគ្រវីក្បាលរហូតដល់អ្នកដើរក្បែរងាកមើល ព្រោះវាជាព័ត៌មានមួយថ្មី ដែលធ្វើឲ្យខ្ញុំអស់សំណើច សើចដោយហួសចិត្ត។ ពេលជាមួយគ្នាខ្ញុំក៏ឆ្ងល់ថា តើជំនួយការរបស់ខ្ញុំសក្តិ៥ ទាំង២០នាក់ជាងនោះមក ពីណាហើយមានឈ្មោះអ្វីខ្លះ? ។
លោក ហ៊ុន ម៉ាណែត បន្តថា ខ្ញុំក៏បន្តអានអត្ថបទដែលបានចុះនោះ ២ ទៅ ៣ ដងហើយខំប្រឹងមើលថា តើមានអ្វីដែលឆ្លើយនឹងការងឿងឆ្ងល់របស់ខ្ញុំខាងលើទេ ពោលគឺមាន បង្ហាញជាមូលដ្ឋាននូវឯកសារអ្វីច្បាស់លាស់ទេ ក្រែងខ្ញុំភ្លេច។ ប៉ុន្តែអានប៉ុន្មានដង ក៏មិនឃើញមានអ្វីដែលសារព័ត៌មានដើមត្នោតបង្ហាញ ជាភស្តុតាងច្បាស់លាស់ ក្រៅតែពីនិយាយចោលថា ខ្ញុំមានជំនួយការជាង ២០នាក់ដែលសុទ្ធតែជាសក្តិ៥។ លោកបន្ថែមថា ដើម្បីឲ្យខ្ញុំបានអស់ចម្ងល់ ក៏ដូចជាអោយអ្នកអានព័ត៌មានដើមត្នោត បានឃើញការពិត ខ្ញុំសូមអោយសារព័ត៌មានដើមត្នោត មេត្តាជួយបង្ហាញឈ្មោះជំនួយការសក្តិ៥ របស់ខ្ញុំទាំងជាង ២០នាក់នោះផង និងសូមបង្ហាញឯកសារតែងតាំងក្រុមជំនួយការនោះផង ដូចដែលបានយកឯកសារតែងតាំងខ្ញុំមកបង្ហាញអញ្ចឹង។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រសិនបើសារព័ត៌មានដើមត្នោតធ្វើបានដូច្នេះវានឹងជួយអោយខ្ញុំអស់ឆ្ងល់ និងឲ្យបងប្អូនអ្នកតាមដានព័ត៌មានដើមត្នោត បានទទួលភាពកក់ក្តៅពីសារព័ត៌មាននេះថា ជាសារពត៌មានមួយដែលអាចទុកចិត្តបាន មិនមែនចេះតែចុះផ្សាយព័ត៌មានដោយអត់មានការទទួលខុសត្រូវ ឬដោយគ្មានមូលដ្ឋាន ភស្តុតាង ឯកសារច្បាស់លាស់នោះទេបាទ។ ប៉ុន្តែបើមិនអាចបង្ហាញភស្តុតាងនោះទេ ខ្ញុំសូមឲ្យសារពត៌មានដើមត្នោត ធ្វើនូវការងារមួយដែលសារព័ត៌មាន ដែលមានលក្ខណ:ជាអាជីព និងមានការទទួលខុសត្រូវខ្ពស់គួរធ្វើ នោះគឺកែសម្រួលខ្លឹមសារពត៌មានរបស់ខ្លួន និងទទួលស្គាល់ការពិតថា ខ្លួនមិនមានឯកសារឬភស្តុតាងគ្រប់គ្រាន់ដើម្បីជាមូលដ្ឋានសម្រាប់ពត៌មានដែលខ្លួនបានចុះផ្សាយនោះទេ ។
លោក ហ៊ុន ម៉ាណែត បានបង្ហាញនូវការជឿជាក់ថា បងប្អូនជាច្រើននាក់ប្រាកដជា សង្ឃឹមដូចខ្ញុំដែរថា សារពត៌មានដើមត្នោតនឹងឆ្លើយតបជាមិនខានទៅនឹងសំណូមពររបស់ខ្ញុំ ព្រោះពេលនោះយើងទាំងអស់គ្នានឹងបានដឹងការពិត ហើយក៏អាចឃើញថាសារពត៌មានដើមត្នោតជាសារពត៌មានប្រភេទណា៕
សេអ៊ូល ៖រដ្ឋបាលក្រុងព្យុងយ៉ាងបានហៅការធ្វើកោសល្យវិច័យលើសាកសពលោក គីម ជុងណាំ របស់អាជ្ញាធរម៉ាឡេស៊ីថា ជា «ទង្វើខុសច្បាប់ និងអសីលធម៌»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់។
សារព័ត៌មានដដែលបញ្ជាក់ថា ជាមួយគ្នានេះកូរ៉េខាងជើងក៏បានប្រកាសថ្កោលទោសការស៊ើបអង្កេតព្រមទាំងច្រានចោលការចោទប្រកាន់ពីរដ្ឋាភិបាលទីក្រុង សេអ៊ូល ដែលថា ទីក្រុងព្យុងយ៉ាង ជាអ្នកនៅពីក្រោយអំពើឃាតកម្មនេះ ដោយចាត់ទុកថា វាគ្រាន់តែជាការរួមគំនិតគ្នាប្រឆាំងនឹងខ្លួនតែប៉ុណ្ណោះ។
ទោះបីយ៉ាងណាទីក្រុងព្យុងយ៉ាងនៅតែអះអាងថា បុរសម្នាក់ដែលបានស្លាប់នៅឯអាកាសយានដ្ឋាន អន្តរជាតិ ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៣ ខែកុម្ភៈ មិនមែនជាលោក គីម ជុងណាំ ហើយសូម្បីតែ លទ្ធផលកោសល្យវិច័យ ឬការបញ្ជាក់ពីអត្តសញ្ញាណជាផ្លូវការ ក៏ពុំទាន់ត្រូវបានគេ ចេញផ្សាយជាសាធារណៈដែរ៕
ខេត្តកណ្ដាល ៖ជនសង្ស័យ៣នាក់បានចូលទៅវាយប្លន់យកទ្រព្យសម្បត្តិដល់ក្នុងផ្ទះប្រជាពលរដ្ឋ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតនៅផ្ទះវីឡា១ តាមបណ្តោយផ្លូវកា១៤ ភូមិព្រែករាំង សង្កាត់កំពង់ណាញ់ ក្រុងតាខ្មៅ ប៉ុន្តែភ្លាមៗ ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថតាមចាប់ខ្លួនបាន ខណៈជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
មន្ត្រីអាវុធហត្ថក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះមាន៣នាក់រួមមាន៖ ទី១ឈ្មោះ ហេង សុផាណា ភេទស្រី អាយុ២១ឆ្នាំ មានមុខរបរជានិស្សិត ទី២ឈ្មោះ ហួង លាងហេង ជាបងស្រីម្ចាស់ផ្ទះ និងម្នាក់ទៀតមិនត្រូវបានស្គាល់នោះទេ។
ប្រភពបានបង្ហើបថា ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ សហការជាមួយនិងកម្លាំងនគរបាល ចាប់ខ្លួនបានហើយ ដែលមានគ្នាចំនួន៣នាក់។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការសាកសួរនៅឡើយ៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍