អាមេរិក ៖មនុស្សយ៉ាងហោចណាស់ជាង១០០នាក់បានរងរបួសដោយសាររថភ្លើងបានរត់ធ្លាក់ផ្លូវនៅក្នុងទីក្រុងញូយ៉កនៃសហរដ្ឋអាមេរិកកាលពីព្រឹកថ្ងៃពុធម្សិលមិញ។ នេះទីភ្នាក់ងារសារព័ត៌មាន Reuters ។
អាជ្ញាធរអាមេរិកបានឱ្យដឹងថា រថភ្លើងដឹកអ្នកដំណើរ នៃខ្សែរថភ្លើងឈ្មោះ Long Island Railroad (LIRR) បានរអិលធ្លាក់ផ្លូវនៅថ្ងៃពុធដោយបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់១០០នាក់រងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ តែមិនប៉ះពាល់ដល់អាយុជីវិតនោះទេ។
នាយកដ្ឋានពន្លត់អគ្គិភ័យបានប្រកាសថា ហេតុការណ៍រថភ្លើងរត់ធ្លាក់ផ្លូវនេះ បានកើតឡើងនៅម៉ោង៨និង ២០នាទីព្រឹក(ម៉ោងនៅក្នុងទីក្រុងញូយ៉ក) នៅឯតំបន់ Brooklyn នៃទីក្រុងញូយ៉ក ខណៈមូលហេតុនៃគ្រោះថ្នាក់នេះពុំទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ៕
រាជធានីភ្នំពេញ ៖ក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ បានបង្ហាញទីតាំងសាងសង់ផ្ទះ សម្រាប់លក់ឲ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋ មានចំណូលទាប និងមធ្យម ដែលមានតម្លៃប្រមាណ ២៥០០០ដុល្លារ ទៅ៣០០០០ដុល្លារហើយ ។
យោងតាមគំនូសប្លង់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញនាពេលថ្មីៗនេះ បានឲ្យដឹងថា ទីតាំងគម្រោងផ្ទះនោះ ស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ២១ ក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ចម្ងាយប្រមាណ៨គីឡូម៉ែត្រ ពីទីក្រុងតាខ្មៅ ខេត្តកណ្ដាល ។
បើតាមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា កាលពីពេលកន្លងទៅ បានដឲ្យដឹងថា គម្រោងលំនៅឋានសាធារណៈ សម្រាប់អ្នកចំណូលទាប និងមធ្យម និងមន្ត្រីរាជការ នឹងចាប់ផ្ដើមនឹងចាប់ផ្ដើមបុកគ្រឹះសាងសង់ ជាផ្លូវការ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ ៕( អត្ថបទ DAP )
ដោយ៖ប៉ែន សុផល
បាត់ដំបង ៖ជនសង្ស័យចំនួន៣នាក់រួមនិងថ្នាំញៀនទម្ងន់១១,៦៨ក្រាមត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបញ្ជូនទៅតុលាការ។
លោកស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាននិយាយនៅរសៀលថ្ងៃទី៤ខែមករាឆ្នាំ២០១៧នេះកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានបញ្ជូនគ្រឿងញៀនទម្ងន់១១,៦៨ក្រាមនិងជនសង្ស័យពាក់ព័ន្ធចំនួន៣នាក់ទៅតុលាការ។
លោកនិយាយទៀតថាជនសង្ស័យទាំង៣នាក់រួមមាន៖ ទី១ឈ្មោះមុំ ចន្ធូ ហៅលីវ ភេទស្រី អាយុ៣១ឆ្នាំ។ ទី២ឈ្មោះជុំ សុខនី ហៅយាយ៩១ ភេទស្រី អាយុ៥១ឆ្នាំទាំងពីរនាក់រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងទី៣ឈ្មោះដាំ វ៉ាន់ដេត ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
វត្ថុតាងរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(យ៉ាម៉ាwy)ចំនួន១១៦គ្រាប់ទម្ងន់១០,៨៦ក្រាម។
ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន២កញ្ចប់ទម្ងន់០,៨២ក្រាមសរុប១១,៦៨ក្រាម។
ទូរស័ព្ទដៃចំនួន៣គ្រឿង ដែកកេះចំនួន៣ និងសម្ភារវិចខ្ចប់ថ្នាំញៀនលក់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងថ្នាំញៀនត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការនៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះដើម្បីចាត់ការតាមនីតិវិធី៕
ខេត្តសៀមរាប ៖ស្នងការរងនគរបាល និងប្រធានការិយាល័យកណ្ដាលព្រហ្មទណ្ឌខេត្តសៀមរាប លោក ភឿង ចិន្ដារ៉េត បានឲ្យដឹងថា ឃាតកចិត្តឆៅ ដែលចូលអារ-ក ប្លន់សម្លាប់ជនរងគ្រោះ៣នាក់ ដល់បន្ទប់ជួល នៅក្រុងសៀមរាបត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅស្រុកជីក្រែង ខេត្តសៀមរាប នាល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧។
ឃាតកឈ្មោះ ជា សុខជីន អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។ ទោះជាយ៉ាងណាលោកមិនទាន់អាចបញ្ជាក់ថា ឃាតកមានបក្ខពួកប៉ុន្មាននោះទេ ព្រោះខណៈពេលនេះ កម្លាំងនគរបាលជំនាញកំពុងសួរចម្លើយបន្ដទៀត។
គួរបញ្ជាក់ថា មនុស្ស៣នាក់ ត្រូវបានឃាតកចិត្តឆៅចូលអារ-ក ប្លន់សម្លាប់ដល់ក្នុងបន្ទប់ជួល បណ្តាលឲ្យស្លាប់២នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀតរបួសធ្ងន់។ ហេតុការណ៍ឃាតកម្មដល់សាហាវនេះភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕
រាជធានីភ្នំពេញ ៖តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា គណៈកម្មការទី៣ នៃរដ្ឋសភាគ្រោងនឹងកោះហៅលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ ឲ្យចូលមកបំភ្លឺនៅរដ្ឋសភា នៅខែកុម្ភៈខាងមុខនេះ។
លោក ប៉ុល ហំម តំណាងរាស្ត្របក្សប្រឆាំងបានប្រាប់អ្នកសារព័ត៌មានថា «គណៈកម្មការទី៣ នឹងកោះហៅរដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍជនបទ លោក អ៊ុក រ៉ាប៊ុន មកសាកសួរពីវិស័យនានា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង និងបញ្ហាសំខាន់ៗមួយចំនួនទៀត ។
គួរបញ្ជាក់ថា តាមសំណើររបស់បក្សប្រឆាំងរដ្ឋសភាបានកោះហៅរដ្ឋមន្ត្រីជាបន្តបន្ទាប់មកបំភ្លឺនៅរដ្ឋសភា នារយៈពេលចុងក្រោយនេះ ហើយរហូតមកដល់ពេលនេះ រដ្ឋមន្ត្រីចំនួន៣រូបហើយ ដែលបានចូលបំភ្លឺនៅសភា៕
អាមេរិក ៖ជំនួយការរបស់លោក Clinton និងជំនួយការរបស់លោកស្រី Clinton បានប្រាប់ CNN កាលពីថ្ងៃអង្គារថា អតីតប្រធានាធិបតី Bill Clinton និងបេក្ខជនប្រធានាធិបតីឆ្នាំ២០១៦ខាងគណបក្សប្រជាធិបតេយ្យគឺលោកស្រី Hillary Clinton នឹងចូលរួមការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅចុងខែនេះ។
អតីតប្រធានាធិបតី George W. Bush និងអតីតស្ត្រីទីមួយលោកស្រី Laura Bush ក៏នឹងចូលរួមផងដែរ។ នេះបើយោងតាមការលើកឡើងកាលពីថ្ងៃអង្គារក្នុងសេចក្តីថ្លែងការណ៍របស់ការិយាល័យនៃប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៣រូបនេះ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “លោកប្រធានាធិបតី George W. Bush និងភរិយានឹងចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីលើកទី៥៨នៅថ្ងៃទី២០ខែមករាឆ្នាំ២០១៧នៅវិមានកាពីតូលសហរដ្ឋអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ អ្នកទាំងពីរនឹងធ្វើជាសាក្សីនៃការផ្ទេរអំណាចដោយសន្តិវិធីនិងការស្បថចូលកាន់តំណែងរបស់លោកប្រធានាធិបតី Trump និងអនុប្រធានាធិបតី Pence”។
កាលពីមុន លោក Jimmy Carter គឺជាអតីតអគ្គមេបញ្ជាការតែម្នាក់គត់ដែលបាននិយាយជាសាធារណៈថា លោកនឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក Trump ។ ឪពុករបស់លោក Bush នឹងមិនចូលរួមទេដោយសារតែបញ្ហាសុខភាពរបស់គាត់។ នេះបើយោងតាមអ្នកនាំពាក្យប្រាប់ CNN ។
ការចូលរួមរបស់លោកស្រី Hillary Clinton នឹងក្លាយជានិមិត្តរូបដ៏សំខាន់អំពីការផ្ទេរអំណាចដោយសន្តិវិធីនៅសហរដ្ឋអាមេរិកបើទោះបីជាមានយុទ្ធនាការប្រឆាំងនឹងគ្នាក៏ដោយ។
ទាំងលោកនិងលោកស្រី Clinton បាននិយាយជាមួយលោក Trump ដើម្បីអបអរសាទរចំពោះការទទួលជ័យជម្នះរបស់គាត់។ អ្នកនាំពាក្យរបស់អតីតប្រធានាធិបតី Clinton បាននិយាយថា ពួកគេមិនបាននិយាយគ្នាទេចាប់តាំងពីពេលនោះមក។
គួរបញ្ជាក់ថា លោក Mitt Romney ដែលបានចាញ់ឆ្នោតឆ្នាំ២០១២ក្រោមដៃលោកប្រធានាធិបតី Obama គឺមិនបានចូលរួមការស្បថចូលកាន់តំណែងលើកទីពីររបស់លោក Obama ទេ៕
ប្រេស៊ីល ៖ប៉ូលិសប្រេស៊ីលបានចាប់ផ្តើមការតាមប្រមាញ់ដ៏ធំមួយនៅថ្ងៃពុធសម្រាប់អ្នកទោសជាច្រើននាក់ដែលបានរត់គេចខ្លួនអំឡុងពេលអំពើហិង្សាក្នុងពន្ធនាគារមួយដែលបានបញ្ចប់ជាមួយនឹងអ្នកទោស៥៦នាក់ត្រូវបានសម្លាប់ដោយគូប្រជែងរបស់ពួកគេខណៈមួយចំនួនត្រូវកាត់ក្បាល។
អាជ្ញាធរបានឲ្យដឹងថា អ្នកទោស១៨៤នាក់បានរត់ចេញពីគុកចំនួនពីរនៅក្នុងរដ្ឋ Amazonas នៅពេលដែលក្រុមបងធំគ្រឿងញៀនមួយបានធ្វើការសងសឹកលើក្រុមជើងកាងគូប្រជែង។ ក្នុងចំណោមនោះ មាន១៣០នាក់នៅតែរត់គេចខ្លួននិង៥៤នាក់ត្រូវបានចាប់ខ្លួនមកវិញ។
ប៉ូលិសបានបិទផ្លូវនៅក្នុងតំបន់និងដាក់ពង្រាយក្រុមជាច្រើនដើម្បីតាមរកអ្នកទោសដែលនៅសល់។ ប្រធានសន្តិសុខរដ្ឋលោក Sergio Fontes បានប្រាប់អ្នកកាសែតថា “យើងសង្ឃឹមថានឹងចាប់បានអ្នកទោសសឹងតែទាំងអស់មកវិញនៅត្រឹមចុងសប្តាហ៍នេះ”។
អំពើហិង្សាបានផ្ទុះឡើងជាដំបូងនៅឯពន្ធនាគារ Anisio Jobim Penitentiary ក្នុងទីក្រុង Manaus ហើយក្រោយការបះបោរបានកើតឡើងនៅឯពន្ធនាគារចំនួនពីរផ្សេងទៀត។
អាជ្ញាធរបានព្យាយាមគ្រប់គ្រងស្ថានការណ៍យ៉ាងលឿននៅក្នុងការបង្ក្រាបមួយប៉ុន្តែទោះយ៉ាងណាមានអ្នកទោសចំនួន៧២នាក់បានរត់គេចខ្លួនបាត់ទៅហើយចេញពីវិទ្យាស្ថាន Antonio Trindade Penal ដែលស្ថិតនៅក្បែរនោះ។
ពួកគេបានចូលរួមជាមួយអ្នកទោស១១២នាក់ដែលបានរត់គេចខ្លួនរួចទៅហើយតាមរយៈបណ្តាញផ្លូវរូងក្នុងដីមួយដែលត្រូវបានគេរកឃើញនៅពន្ធនាគារ Anisio Jobim ។
ក្រៅពីអ្នកទោសចំនួន៥៦នាក់ត្រូវបានសម្លាប់នៅក្នុងពន្ធនាគារ Anisio Jobim មានអ្នកទោសបួននាក់ទៀតត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នារវាងអ្នកទោសនៅពន្ធនាគារ Puraquequara Penitentiary Unit ដែលក៏ស្ថិតនៅក្នុងរដ្ឋ Amazonas ដូចគ្នា។
សាច់ញាតិរបស់អ្នកទោសដែលអស់សង្ឃឹមបានប្រមូលផ្តុំគ្នានៅខាងក្រៅអគារកោសល្យវិច្ច័យមួយដែលជាកន្លែងអ្នកជំនាញកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណសាកសពកាលពីថ្ងៃអង្គារ៕
រាជធានីភ្នំពេញ ៖លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរនៅក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកនៅថ្ងៃនេះថា រាជរដ្ឋាភិបាល ដៃភ្លើង ជើងមាន់ ប៉ះអ្វីឆេះហ្នឹង។ លោកថា រដ្ឋាភិបាល ដៃភ្លើង ជើងមាន់ ប៉ះអ្វីឆេះហ្នឹង កាយគាស់អ្វីៗទាំងអស់ ឲ្យវិនាសហិនហោច ។ ដីក៏ប្លន់ ផ្ទះក៏ដុត ព្រៃក៏កាប់ ដំណាំក៏ឈូស បឹងក៏លុប ភ្នំក៏វ៉ៃ ថ្មក៏ជីក ខ្សាច់ក៏កាយ ។ ប្រទេសជាតិអន្តរាយ រាស្ត្រវេទនា តែពួកគេបានធ្វើមហាសេដ្ឋី ។
ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យ CPP បានឆ្លើយតបថា លោក សម រង្ស៊ី និយាយតាមចិត្តចងកំហឹងជាមួយ CPP និងចងកំហឹងជាមួយសម្តេច ហ៊ុន សែន ។ លោកបញ្ជាក់ថា លោក សម រង្ស៊ី អស់ផ្លូវហើយ ហើយគាត់ក្លាយជាមនុស្សឡប់សតិមែនទែន និយាយលែងដឹងខុសត្រូវហើយ ហើយគាត់និយាយមិនឆ្លុះបញ្ចាំងការពិតនោះទេ ។
លោក សុខ ឥសាន្ត បន្តថា លោកបន្តថា ប្រជាពលរដ្ឋទទួលស្គាល់ ស្នាដៃដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន របស់គណបក្សប្រជាជនកម្ពុជា ថាមានការរីកចម្រើន មានការអភិវឌ្ឍ ហើយមានតែឯកឧត្ដម សម រង្ស៊ី មួយមិនទទួលស្គាល់ ។ លោកថា ឯកឧត្ដម សម រង្ស៊ី បានអីទទួលស្គាល់ បើនិរទេសខ្លួនទៅនៅ កណ្ដាលមហាសាគរឯណោះ គាត់រង់ចាំតែថ្ងៃធ្វើអត្តឃាតទេ ព្រោះឡប់សតិដូចមនុស្សញៀនថ្នាំអីចឹង៕
បាល់ទាត់ ៖ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា ក្រុមបានត្រៀមសំណើដាក់ជូន ក្លិប Real Madrid សម្រាប់ការផ្លាស់ប្តូរខ្សែការពារ Pepe នៅចុងបញ្ចប់នៃរដូវកាល នេះ។
កីឡាករវ័យ ៣៣ឆ្នាំរូបនេះ បានសម្រេចចាកចេញពីកីឡដ្ឋាន Bernabeuត្រឹម រយៈពេល៦ខែចុងនេះ ក្រោយពីមិនយល់ លើកិច្ចសន្យារបស់គាត់ ហើយ ត្រូវបានគេយល់ថាលោកនឹងស្វែងរកទ្រនំថ្មីនៅចុងបញ្ចប់នៃរដូវកាល ២០៦១-១៧ នេះ។
លោក Zinedine Zidane គ្រូបង្វឹករបស់ Real Madrid បានទទូចថាខ្សែការពារកណ្តាលនឹងមិនចាកចេញពីក្លិបនៅខែនេះទេប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីអនាគតយូរអង្វែង Pepe ក្រោយពីលិចឮថាកីឡាកររូបនេះបានភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ប្រទេសចិន។
តាមកាសែត The Sun បានឲ្យដឹងថា Man United គឺត្រៀមខ្លួនដើម្បីប្រជែងជាមួយនឹងក្លឹបចិន សម្រាប់ហត្ថលេខារបស់អន្ដរជាតិព័រទុយហ្គាល់និងមានទំនុកចិត្តថាលោក Jose Mourinho គ្រូបង្វឹកនឹងអាចបញ្ចុះបញ្ចូលខ្សែការពារដែលមានបទពិសោធដើម្បីឲ្យមានការផ្លាស់ប្តូរមកប្រទេសអង់គ្លេសវិញ។
បិសាចក្រហមមិនសូវមានបញ្ហា ក្នុងការការពារកណ្តាលនោះទេប៉ុន្តែវាត្រូវបានគេយល់ថា Mourinho ចង់ឲ្យ Pepe ដែលធ្លាប់ធ្វើជាមួយនៅក្រុម Real Madrid ដើម្បីនាំយកបទពិសោធកម្រិតកំពូលក្នុងការត្រឡប់មកវិញក្រោយការដឹកនាំរបស់គាត់។
គួរបញ្ជាក់ថា Pepe, បានផ្ទេរចេញពី Porto មកកាន់កិឡាដ្ឋាន Bernabeu នៅឆ្នាំ ២០០៧ ហើយបានធ្វើការបង្ហាញខ្លួន ៣២៧ប្រកួតសម្រាប់ក្រុម Real Madrid និងជួយឲ្យ Real ឈ្នះពានរង្វាន់ Champions League ចំនួន២ដងនិងជើងឯកក្របខ័ណ្ឌ La Liga ចំនួន២ដងផងដែរ៕
ខេត្តពោធិ៍សាត់ ៖មានករណីផ្ទុះអាវុធមួយប្រាវ ខណៈកម្លាំងចម្រុះរួមមានផ្នែករដ្ឋបាលជលផលក្រគរសង្កាត់រដ្ឋបាលជលផលកំពង់លួង យោធាសឹករងខេត្តពោធិ៍សាត់ ចេញល្បាតក្នុងតំបន់អភិរក្សជលផល(កំពង់ប្រាក់) ហើយក៏ប្រទះឃើញជនល្មើសកំពុងលួចធ្វើសកម្មភាពនេសាទ ដោយប្រើប្រាស់ឧបករណ៍អួនអូសទឹកសាបបង្ក្រាបបានវត្ថុតាង។
ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទឈានដល់ផ្ទុះអាវុធបង្កការភ្ញាក់ផ្អើលខាងលើនេះ អនុវត្តឡើងកាលពីវេលាម៉ោង៣និង១៦រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ នៅបឹងទន្លេសាប ក្នុងកន្លែអភិរក្សជលផល(កំពង់ប្រាក់) ស្ថិតក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ពិន វុទ្ធី នាយសង្កាត់រដ្ឋបាលជលផលកំពង់លួងថ្លែងថា ខណៈដែលកម្លាំងកំពុងចេញល្បាតយាមកាមការពារ កន្លែងអភិរក្សជលផល(កំពង់ប្រាក់) ក៏ប្រទះឃើញជនមួយក្រុមកំពុងលួចធ្វើសកម្មភាពនេសាទ ដោយប្រើប្រាស់ឧបករណ៍ប្រភេទអួនអូសទឹកសាប ក្នុងនោះកម្លាំងធ្វើការបង្ក្រាបយ៉ាងប្រផាប់ប្រភីងជនល្មើសរត់គេចខ្លួន ដោយបន្សំនូវវត្ថុតាងជាក់ស្ដែងរួមមាន.បាឡាឈើប្រវែង ៨.៥០ម៉ែត្រ.ទទឹងប្រវែង ១.២០ម៉ែត្រ.ជុំរៅ ១.០០ម៉ែត្រ.ភ្ជាមដោយម៉ាសុីនម៉ាក(នីសាន់)កំលាំង ១៨០សេះចំនួន០១គ្រឿង.អួនអូសទឹកសាបមុខទទឹងប្រវែង ៣០ម៉ែត្រ.បណ្ដោយប្រវែង ២៥ម៉ែត្រ.ក្រឡា ០.០២ដល់ ០.០៤មីលីម៉ែត្រចំនួន ០១វង់.ខ្សែសម្រាប់អូសទាញប្រវែងចំនួន ១០០ម៉ែត្រ.ពូថៅចំនួន ០១.កាំបិតចំនួន ០១.ត្រីចំរុះទម្ងន់ចំនួន ៤៥គីឡូក្រាម ចំណែកជនល្មើសបានហក់ចូលទឹករួចមានកាណូតបក្ខពួកមួយគ្រឿងផ្សេងទៀតមករំដោះយក ហើយបើកគេចខ្លួនយ៉ាងលលឿនបាត់ស្រម៉ោល ។ លោក នាយសង្កាត់បន្តថាទៀតថា វត្ថុតាងបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលជលផលកំពង់លួង ដើម្បីចាត់ការតាមនីតិវិធី៕
រាជធានីភ្នំពេញ ៖សម្តេច ស ខេង បានធ្វើការបកអាក្រាតកេរ្តិ៍ចៅហ្វាយខេត្តរតនគិរីជាថ្មីម្តងទៀត តាមរយៈដែលសម្តេចប្រាប់ចៅហ្វាយខេត្តទាំងអស់ថា កុំឲ្យមានរឿងដូចអភិបាលខេត្តរតនគិរី។
ការថ្លែងរបស់សម្តេច ស ខេង ធ្វើឡើងក្នុងឱកាសបើកកិច្ចប្រជុំលើកទី១៣ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបលទ្ធប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួង។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ របស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាពេលកន្លងទៅ សម្តេចក្រឡាហោម ស ខេង បានថ្លែងស្តីបន្ទោសធ្ងន់ៗលើអភិបាលខេត្តរតនគិរី លោក ថង សាវុន ដោយសារតែអភិបាលខេត្តរូបនេះ បានយកឈ្មោះសម្តេចទៅបោករដ្ឋមន្ត្រី៣រូប ដើម្បីគេចវេសពីការងារ។
សម្តេចក្រឡាហោម ស ខេង បានរំលឹកថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ មានរដ្ឋមន្ត្រី ៣រូប រួមមានលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែន នគរូបនីយកម្ម និងសំណង់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះទៅដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី។
ក្នុងដំណើរចុះទៅដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋពីសំណាក់រដ្ឋមន្ត្រីទាំង ៣រូបនេះ មិនមានការចូលរួមពីលោកអភិបាលខេត្តរតនគិរី ថង សាវុន នោះឡើយ។ ដោយអភិបាលខេត្តយកលេសថា ជាប់ប្រជុំជា មួយសម្តេចក្រឡាហោម ស ខេង ។ ប៉ុន្តែសម្តេចថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺសម្តេចគ្មានកិច្ចប្រជុំណាមួយជាមួយលោកអភិបាលខេត្តរតនគិរីនោះឡើយ៕
អ៊ីរ៉ាក់ ៖ការប្រយុទ្ធគ្នាដើម្បីដណ្ដើមគ្រប់គ្រងទីក្រុងម៉ូស៊ូលនៃប្រទេសអ៊ីរ៉ាក់នៅតែបន្តធ្វើយ៉ាងក្តៅគគុកកាលពីម្សិលមិញ ខណៈដែលកងកម្លាំងអ៊ីរ៉ាក់កំពុងសម្រុកចូលក្នុងសង្កាត់អាល់កាម៉ានៃទីក្រុងម៉ូស៊ូលដើម្បីបណ្ដេញក្រុមរដ្ឋអ៊ីស្លាមចេញពីទីក្រុងមួយនេះ។
ចាប់តាំងប្រតិបត្តិការនៅក្នុងទីក្រុងម៉ូស៊ូលបានចាប់ផ្ដើមកាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០១៦មកទល់នឹងពេលនេះកងកម្លាំងនៃប្រទេសអ៊ីរ៉ាក់បានដណ្ដើមគ្រប់គ្រងដែនដីប្រហែល១ភាគីនៃទីក្រុងនេះត្រឡប់មកពីក្រុមរដ្ឋអ៊ីស្លាមវិញហើយ។
គួរបញ្ជាក់ថា ទីក្រុងម៉ូស៊ូលគឺជាទីក្រុងធំបំផុតទី២នៅប្រទេសអ៊ីរ៉ាក់ ហើយក៏ជាតំបន់ក្រុងដ៏សំខាន់ចុងក្រោយរបស់ក្រុមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសនេះផងដែរ ហើយកងកម្លាំងអ៊ីរ៉ាក់ក្រោមការគាំទ្រពីសហរដ្ឋអាមេរិកសង្ឃឹមថានឹងអាចវាយបណ្ដេញក្រុមជ្រុលនិយមនេះចេញពីទីក្រុងម៉ូស៊ូលនៅរយៈពេល៣ខែទៀត៕
រាជធានីភ្នំពេញ ៖ទ័ពមួកខៀវចំនួន១៨៤នាក់ត្រូវបានក្រសួងការពារជាតិ រៀបចំពិធីបញ្ជូន ទៅចូលរួមបំពេញបេសកកម្មថែរក្សាសន្តិភាពតាមរយៈអង្គការសហប្រជាជាតិនៅប្រទេសលីបង់។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះក្រោមវត្តមាននាយឧត្តមសេនីយ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។
ការបញ្ជូននាពេលនេះ គឺត្រូវទៅប្តូរវេនជាមួយកងវិស្វកម្មលេខ៩៣៦ សរុប១៨៤នាក់ និងកងពេទ្យកំរិត២ លេខ៩០៨ ចំនួន៧៩នាក់ ដែលបានបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ រួចហើយ នឹងត្រលប់មកកាន់មាតុប្រទេសវិញនៅថ្ងៃទី៦ ខែមករាខាងមុខនេះ៕
អាល្លឺម៉ង់ ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់កាលពីម្សិលមិញបានបង្ហាញពីផែនការគោលខាងផ្នែកបណ្តេញជនអន្តោប្រវេសន៍ និងគម្រោងធ្វើកំណែទម្រង់ ពង្រឹងភ្នាក់ងារសន្តិសុខជាតិក្រោយពីមានការធ្វេសប្រហែសបណ្តោយឱ្យមានភេរវកម្មវាយប្រហារក្រុងប៊ែរឡាំងកាលពីថ្ងៃទី១៩ ធ្នូ ដែលបណ្តាលឲ្យមនុស្ស១២នាក់ស្លាប់ និងរបួសជាច្រើននាក់។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការពន្លឿនដំណើរការចាប់បញ្ជូនអន្តោប្រវេសន៍សុំសិទ្ធិជកកោន និងការពង្រឹងអំណាចរដ្ឋសហព័ន្ធ ក្នុងវិស័យចារកិច្ចផ្ទៃក្នុង ដែលបែងចែក បច្ចុប្បន្ននេះជា១៦តំបន់។ លោកក៏បានស្នើសុំឱ្យមានការបង្កើនសមត្ថភាពដែលរហូតមកទល់ពេលនេះ កំរិតត្រឹមថ្នាក់ប៉ូលិសសហព័ន្ធ និងដាក់ឱ្យមានមជ្ឈមណ្ឌលមួយគ្រប់គ្រងទូទៅ បញ្ហាសន្តិសុខជុំវិញករណីពាក់ព័ន្ធរវាងអន្តោប្រវេសន៍ និងភេរវកម្ម៕
រាជធានៅភ្នំពេញ ៖នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះព្រឹទ្ធសភាបានបើកកិច្ចប្រជុំវិសាមញ្ញមួយ ដើម្បីពិភាក្សា និងឱ្យយោបល់លើសេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
ចំណុចមួយចំនួនដែលត្រូវបានលើកយកមកធ្វើវិសោធនកម្មពេលនេះរួមមានដូចជា មាត្រា៨ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ និងមាត្រា៩០នៃច្បាប់ចរាចរណ៍ផ្លូវគោក។
គួរបញ្ជាក់ថា ការសម្រេចកែប្រែច្បាប់ចរាចរណ៍ឡើងវិញ ត្រូវបានរាជរដ្ឋាភិបាលអះអាងថា ធ្វើឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋ ដែលជួបការលំបាក បន្ទាប់ពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានដាក់ឱ្យអនុវត្ត តាំងពីដើមឆ្នាំ២០១៦៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍